សេចក្ដីប្រកាសនេះបានឲ្យដឹងទៀតថា ដោយយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ព្រមទាំងយោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (World Health Organization) ដែលបានណែនាំឱ្យប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ អាច មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងវីរុសកូវីដ-១៩។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ដែលបានព្យាបាលជាសះស្បើយពីជំងឺកូដ ១៩ ចាប់ពី៤ខែឡើងហើយ មិនទាន់បានចាក់វ៉ាក់សាំងកូង-១៩ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ តាមកំណត់ទុក។
សូមជម្រាបថា ស្របពេលជាមួយនឹងបរិបទបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាតនៅលើពិភពលោក ក៏ដូចជាតាមបណ្តាប្រទេសនីមួយៗពីវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) កំពុងមានអាត្រាឆ្លងច្រើន នៅតាមបណ្ដាប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរនោះ ក្រសួងក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរអាយុចាប់ពី ៦ ឆ្នាំឡើង ក្រោយពីទទួលបានការព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី ៤ ខែឡើង សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពសុំាក្នុងសរីរាង្គរបស់ខ្លួន និងភាពសុំាក្នុងសហគមន៍ សម្រាប់ទប់ទល់ពីការវាយលុកនៃវីរុសកូវីដ-១៩ កាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩ កាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមា នូវអត្រាស្លាប់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសសរុបចំនួនជាង ១០ម៉ឺននាក់ ហើយអ្នកជាសះស្បើយជិត១០ម៉ឺននាក់ និងចំនួនអ្នកស្លាប់សរុបមានជាង២ពាន់នាក់៕
អត្ថបទ៖ ហ៊ួន ស្រីនីត