សារព័ត៌មានបាងកកប៉ុស្ដិ៍បានរាយការណ៍ថា ប្រសិនបើ គម្រោងនាំចូលអង្ករ ៣០ម៉ឺនតោនបន្ថែមទៀតនេះ ត្រូវបានព្រមព្រៀង នោះវានឹងធ្វើឲ្យការនាំចូលអង្កររបស់ហ្វីលីពីននឹងកើនដល់ ៣លានតោនហើយ បើគិតតាំងពីដើមឆ្នាំមកទល់នឹងពេលនេះ។
ប្រភព័ត៌មានបានឲ្យដឹងថា រដ្ឋលេខាធិការកសិកម្មហ្វីលីពីន លោក William Dar បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់ខ្លួនបានទាក់ទងទៅកាន់ប្រទេសផលិតអង្ករធំៗចំនួន ៥ រួមមាន មីយ៉ាន់ម៉ាន វៀតណាម ថៃ ឥណ្ឌា និងកម្ពុជា ដើម្បីស្វែងរកការព្រមព្រៀងទិញអង្ករក្នុងទំហំប្រមាណ ៣០ម៉ឺនតោនបន្ថែម និងអាចដឹកជញ្ជូនទៅកាន់ហ្វីលីពីននៅមុនត្រីមាសទី ៣នៃឆ្នាំនេះ។
នៅ២ឆ្នាំមកនេះ តម្លៃនាំចេញអង្ករនៅអាស៊ី គឺមានការកើនឡើងខ្ពស់បំផុត ហើយតម្រូវការនាំចូលអង្ករបន្ថែមរបស់ប្រទេសហ្វីលីពីននាពេលនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យជំរុញកំណើនតម្លៃនាំចេញអង្ករនៅអាស៊ីនឹងហក់កើនឡើងថែមទៀត។
ជុំវិញនឹងរឿងទីផ្សារនាំចេញអង្ករទៅហ្វីលីពីននេះដែរ លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ចំពោះទីផ្សារនាំចូលអង្ករទៅហ្វីលីពីន គឺមានការគ្រប់គ្រងដោយរដ្ឋខ្លួនឯង ហើយកន្លងមក រដ្ឋាភិបាលហ្វីលីពីន ក៏ធ្លាប់បានអញ្ចើញប្រទេសកម្ពុជា រួមជាមួយនឹងប្រទេសនាំចេញ អង្ករធំៗជាច្រើនទៀត ដូចជាថៃ និងវៀតណាម ឲ្យចូលរួមដេញថ្លៃផងដែរ។ លោកថា នៅពេលដែលប្រទេសនាំចេញអង្ករណាមួយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូមតាមការតម្រូវរបស់រដ្ឋាភិបាលហ្វីលីពីន ប្រទេសនោះ នឹងត្រូវបានជ្រើសរើសឲ្យនាំអង្ករចូល។
បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ កន្លងមកបានជាកម្ពុជាមិនអាចសម្រេចបានការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន គឺដោយសារតែ ប្រទេសកម្ពុជាយើងមានបញ្ហាប្រឈមធំ២ រួមមាន៖
ទី១ គឺទាក់ទងនឹងការតម្រូវឲ្យនាំចូលក្នុងបរិមាណច្រើន ហើយប្រើរយៈពេលខ្លីសម្រាប់ផ្គត់ផ្គង់។ ដោយសារតែ ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅខ្វះខាតមិនអាចបំពេញតម្រូវការនេះបាន។
ទី២ គឺទាក់ទងនឹងបញ្ហាតម្លៃ ដោយសារតែអង្ករកម្ពុជាមានការចំណាយថ្លៃដើមផលិត និងការដឹកជញ្ជូនថ្លៃ មិនអាចប្រជែងជាមួយអង្កររបស់ប្រទេសជិតខាងបាន។
ទោះជាយ៉ាងនេះក្ដី លោកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា កម្ពុជានៅតែមានឆន្ទៈខ្ពស់ក្នុងការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន បើសិនជាមានឱកាស ដោយកម្ពុជាអាចស្នើសុំជាកញ្ចប់នាំចូលអង្ករក្នុងចំនួនតូចណាមួយ ពីរដ្ឋាភិបាលហ្វីលីពីន ដើម្បីអាចធ្វើការនាំចេញសាកល្បងសិន។
ប្រទេសហ្វីលីពីន មានតម្រូវការនាំចូលអង្ករ គឺភាគច្រើនជាប្រភេទអង្ករសធម្មតាប៉ុណ្ណោះ មិនសូវមានការនាំចូលអង្ករក្រអូបនោះទេ។ ប៉ុន្ដែ អ្វីដែលជាបញ្ហាប្រឈមនោះ គឺនៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមប្រាមមិនឲ្យនាំចេញអង្ករសទៅក្រៅប្រទេសនោះទេ។
ប្រទេសហ្វីលីពីន ជាធម្មតាទិញអង្ករភាគច្រើនបំផុតពីប្រទេសវៀតណាម ហើយថ្មីៗនេះដែរ ប្រទេសវៀតណាម ក៏ទើបតែបើកឲ្យមានការនាំចេញអង្ករឡើងវិញ ក្រោយពីរដ្ឋាភិបាលប្រទេសនេះ បានបញ្ជាឲ្យផ្អាកការនាំចេញអង្ករអស់មួយរយៈ។ ក្រោយពីបានភ្លើងខៀវនាំចេញអង្ករឡើងវិញ វៀតណាម បានប្តេជ្ញានឹងចាប់ផ្ដើមនាំចេញអង្ករទៅហ្វីលីពីនឲ្យបាន ៤០ម៉ឺនតោន នៅក្នុងខែនេះ បន្ទាប់ពីឈ្មួញហ្វីលីពីនបានចុះកិច្ចសន្យាកាលពីខែមេសា។
បើតាមប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ខាងសហព័ន្ធកាលពីពេលថ្មីៗនេះ ក៏បានជួបប្រជុំជាមួយនឹងក្រសួងពាក់ព័ន្ធ និងបានស្នើឲ្យរាជរដ្ឋាភិបាលគិតគូរដកបម្រាមនាំចេញអង្ករសនេះផងដែរ ឬអាចកំណត់នូវចំនួននាំចេញណាមួយ ដោយរក្សាបាននូវសន្ដិសុខស្បៀងដដែល។
បើតាម លោក ឧកញ៉ា ហ៊ុន ឡាក់ តាំងពីដើមឆ្នាំមកមកទល់ពេលនេះ ការនាំចេញអង្កររបស់កម្ពុជានៅតែធ្វើបានល្អ ខណៈដែលតម្លៃអង្ករឆ្នាំនេះ ក៏ល្អជាងឆ្នាំមុនដែរ។ ជាមួយគ្នានេះ ការបញ្ជាទិញអង្ករពីក្រៅប្រទេសនៅតែបន្ដកើនឡើងដូចគ្នាដែរ។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នៅរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករជាង ៣០ ម៉ឺនតោន កើនឡើងប្រមាណ ៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ហើយតួលេខនេះ គឺជាកំណើនខ្ពស់បំផុតនារយៈពេល ១០ឆ្នាំមកនេះ៕