ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានបញ្ជាក់នៅក្រៅវេទិកាអាជីវកម្មមួយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា រដ្ឋាភិបាលរបស់លោកនឹងស្វែងរកប្រភពទិញឧទ្ធម្ភាគចក្រយោធាពីសហរដ្ឋអាមេរិក បន្ទាប់ពីលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែលមានទំហំទឹកប្រាក់ ២១៦លានដុល្លារ។
លោកបានថ្លែងថា កិច្ចព្រមព្រៀងទិញឧទ្ធម្គាគចក្ររវាងហ្វីលីពីន និងរុស្ស៊ី គឺត្រូវបានផ្អាកតាំងពីរដ្ឋបាលមុនរួចមកហើយ ដោយពេលនេះហ្វីលីពីនមានជម្រើសអ្នកផ្គត់ផ្គង់ថ្មីគឺអាមេរិក។
សូមជម្រាបថា ការប្រកាសរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ បន្ទាប់ពីក្រុងម៉ូស្គូ បានប្រាប់ទៅរដ្ឋាភិបាលក្រុងម៉ានីល ឱ្យគោរពដល់កិច្ចព្រមព្រៀងដែលបានទិញឧទ្ធម្ភាគចក្រយោធារុស្ស៊ីចំនួន ១៦គ្រឿង។ លោក Marat Pavlov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំហ្វីលីពីន បានចោទប្រកាន់ថា រដ្ឋាភិបាលហ្វីលីពីន មិនទាន់បានជូនដំណឹងផ្លូវការណាមួយទៅភាគីរុស្ស៊ីអំពីការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងនេះនៅឡើយទេ ខណៈដែលក្រុមហ៊ុនរុស្ស៊ី នៅតែបន្តផលិតឧទ្ធម្ភាគចក្រតាមការបញ្ជាទិញនេះដដែល។
សូមរំលឹកថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចុះកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្ររុស្ស៊ី ម៉ាក Mi-17 កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានចាប់ផ្តើមបង់ថ្លៃតាមដំណាក់កាលនៅក្នុងខែមករា ឆ្នាំ២០២២។ ប៉ុន្តែ ក្រោយពេលរុស្ស៊ី ឈ្លានពានចូលទឹកដីអ៊ុយក្រែននោះ រដ្ឋាភិបាលលោក Duterte បានសម្រេចលុបចោលកិច្ចព្រមព្រៀងនេះជាឯកតោភាគី ដែលបានធ្វើឡើងនៅចុងអាណត្តិរបស់លោកតែម្តង។ ការលុបចោលកិច្ចព្រមព្រៀងនេះ ដោយសារតែហ្វីលីពីនបារម្ភខ្លាចទណ្ឌកម្មលោកខាងលិច ដែលជះឥទ្ធិពលធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន៕
អត្ថបទ៖ នៅ សំភី