តាមការផ្សាយរបស់ទូរទស្សន៍ជាតិវៀតណាម VTV បានឲ្យដឹងថា កោះភូកុក ឬខ្មែរយើងហៅថា កោះត្រល់ ត្រូវបានគេមើលឃើញថា មានសក្ដានុពលអាចនឹងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោ សម្រាប់តំបន់ និងពិភពលោកទាំងមូល។
នៅរយៈពេល ៥ឆ្នាំមកនេះ វិស័យទេសចរណ៍ និងរមនីយដ្ឋានលំដាប់អន្តរជាតិនានា ត្រូវបានបង្កើតឡើង នៅលើកោះភូកុកនេះ ជាក់ស្ដែងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធដឹកជញ្ជូនគឺពិតជាជឿនលឿនណាស់ជាមួយនឹង ផ្លូវរថភ្លើងល្បឿនលឿន ខ្សែកាបក្រោមដី ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងកំពង់ផែសមុទ្រជាដើម។ បច្ចុប្បន្ន មានជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ប្រមាណ ២០ជើង បានហោះហើរមកកាន់កោះភូកុក ឬកោះត្រល់មួយនេះ។
ទោះយ៉ាងណា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលកោះភូកុក ឬកោះត្រល់ទទួលបាន គឺមានត្រឹមតែ១ភាគ១០ ប៉ុណ្ណោះ បើធៀបនឹងកោះភូកេតរបស់ថៃ និងកោះបាលី របស់ឥណ្ឌូនេស៊ី។
ប្រភពព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងទៀតថា ជាមួយនឹងគោលដៅ នៃការអភិវឌ្ឍទីក្រុងដីកោះ គេសង្កេតឃើញថា កោះត្រល់ បានទាក់ទាញការវិនិយោគសរុបជាង១ពាន់លានដុល្លារអាមេរិក។ កោះភូកុក នឹងត្រូវបញ្ចប់ ផែនការមេរបស់ខ្លួន ឆាប់ៗនេះ ដូចដែលនាយករដ្ឋមន្ត្រីវៀតណាម បានស្នើ ហើយវានឹងផ្ដោតទៅលើការដោះស្រាយបញ្ហា ដែលមានស្រាប់ទាក់ទងនឹងដីធ្លី ប្រាក់សំណង និងគោលនយោបាយដើម្បីទាក់ទាញអ្នកវិនិយោគ។
គួរបញ្ជាក់ថា កោះភូកុក ឬកោះត្រល់នេះ មានផ្ទៃដីសរុបប្រមាណ ជិត ៦០ម៉ឺន គីឡូម៉ែត្រការ៉េ។ កោះនេះ មានអាកាសធាតុអំណោយផលរៀងរាល់ឆ្នាំ ជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន។ អ្នកជំនាញបានអះអាងថា ប្រសិន បើឧបសគ្គនានា ត្រូវបាន ដកចេញនោះ កោះភូកុក ឬកោះត្រល់នេះ នឹងក្លាយជាទីក្រុងដីកោះ ដំបូងគេបង្អស់របស់វៀតណាម ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជឿនលឿន ហើយអាចក្លាយជាគោលដៅប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និងពិភពលោកផងដែរ៕