ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានគូសបញ្ជាក់ថា ក្នុងចំណោមពាក្យសុំជិត ៣០០សំណើនេះ គឺមានតម្លៃជាទឹកប្រាក់ប្រមាណជាង ៣១ លានដុល្លារអាមេរិក ប៉ុន្តែយ៉ាងណាក្នុងចំណោមនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មទើបតែបានផ្តល់ជាប្រាក់កម្ចីទៅឲ្យប្រជាពលរដ្ឋប្រមាណតិចតួចជាង ៤លាដុល្លារអាមេរិកប៉ុណ្ណោះ។
ឯកឧត្តម កៅ ថាច អះអាងថា ភាពយឺតយ៉ាវចំពោះការបញ្ចេញប្រាក់កម្ចីនាពេលនេះក៏ដោយសារតែមានការពាក់ព័ន្ធនឹងការវាយតម្លៃផ្នែកអចលនទ្រព្យផង និងដំណើរការនៃការកែប្រែអចលនទ្រព្យដែលជាទ្រព្យធានារបស់ប្រជាពលរដ្ឋផង និងមួយវិញទៀត គឺភាពយឺតយ៉ាវរបស់អាជ្ញាធរមូលដ្ឋានមួយចំនួនក្នុងខេត្តខ្លះនៅតែផ្តល់សេវាកម្មរដ្ឋបាលយឺត ដែលត្រូវទាមទារឲ្យមានការសហការ និងពន្លឿនការងារផ្តល់សេវាកម្មរដ្ឋបាលមូលដ្ឋានឲ្យបានលឿនជូនប្រជាពលរដ្ឋ។
ក្នុងដំណើរការសកម្មភាពចុះផ្សព្វផ្សាយ ឯកឧត្តម កៅ ថាច នៅតែបន្តលើកទឹកចិត្ត និងស្នើសុំបងប្អូនប្រជាពលរដ្ឋរួសរាន់រៀបចំឯកសារស្នើឥណទានក្នុងកម្មវិធីនេះ ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការសាច់ប្រាក់ដើម្បីពង្រីកអាជីវកម្មបន្ថែម។ ក្នុងពេលជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនឹងនៅតែបន្តកម្មភាពចុះផ្សព្វផ្សាយ អំពីកញ្ចប់ឥណទាននេះ ទៅតាមខេត្តដែលជាគោលដៅកសិកម្ម និងសហគ្រាសធុនតូច និងធម្យមមួយចំនួនទៀតបានផ្សព្វផ្សាយដល់ ខណៈបច្ចុប្បន្នការផ្សព្វផ្សាយបានជាង ១០ខេត្តហើយ៕