រុស្ស៊ីត្រឡប់ចូលកិច្ចព្រមព្រៀងនាំចេញស្បៀងអ៊ុយក្រែនឡើងវិញ!

រុស្ស៊ីត្រឡប់ចូលកិច្ចព្រមព្រៀងនាំចេញស្បៀងអ៊ុយក្រែនឡើងវិញហើយ ប៉ុន្ដែព្រមានដកខ្លួនរហូត បើមានបញ្ហាលើកក្រោយទៀត!


ភាគីរុស្ស៊ីកាលពីថ្ងៃទី០២វិច្ឆិកាបានប្រកាសត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនតាមសមុទ្រខ្មៅឡើងវិញហើយ ក្រោយពីផ្អាកដំណើរការអស់រយៈពេល ២ ទៅ៣ថ្ងៃមកនេះ។ ក៏ប៉ុន្តែបុរសខ្លាំងលោកពូទីន បានព្រមានចំៗថា បើសិនជាមានបញ្ហាលើកក្រោយទៀតនោះប្រទេសរុស្ស៊ី នឹងដកខ្លួនចេញរហូតតែម្តង ពីកិច្ចព្រមព្រៀង ដែលផ្សះផ្សាដោយ UN និងប្រទេសតួគីមួយនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
រុស្ស៊ីត្រឡប់ចូលកិច្ចព្រមព្រៀងនាំចេញស្បៀងអ៊ុយក្រែនឡើងវិញហើយ ប៉ុន្ដែព្រមានដកខ្លួនរហូត បើមានបញ្ហាលើកក្រោយទៀត!

កាលពីចុងសប្តាហ៍តុលា រុស្ស៊ីបានប្រកាសផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែ​សមុទ្រខ្មៅ ក្រោមហេតុផលដែលម៉ូស្គូចោទប្រកាន់ទៅលើ​អ៊ុយក្រែនថា បានវាយប្រហារដោយដ្រូនទៅលើ​កងនាវា​ចម្បាំងរបស់ខ្លួន​ក្នុង​តំបន់គ្រីមៀ។ ប៉ុន្តែនៅថ្ងៃពុធ ទី២វិច្ឆិកា រុស្ស៊ីបានប្រកាស​ត្រឡប់ចូលកិច្ចព្រមព្រៀង​វិញហើយ ដោយក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ឥឡូវនេះខ្លួនបានទទួលការធានា​គ្រប់គ្រាន់​ពីទីក្រុងកៀវថា នឹងមិនមាន​ការប្រើប្រាស់​​ច្រកសមុទ្រខ្មៅដើម្បីជាគោលដៅប្រហារនោះទេ។

ទោះយ៉ាងណា បុរសខ្លាំងពូទីន បាននិយាយព្រមាន​រួចជាស្រេចថា រុស្ស៊ីអាច​ចាកចេញពីកិច្ចព្រមព្រៀងនេះម្តងទៀត ប្រសិនបើ​អ៊ុយក្រែន​បំពានលើ​ការធានា​របស់​ខ្លួន។

អគ្គលេខាធិការអង្គការ​សហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍​ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការបន្តការ​ចូលរួម​ក្នុងកិច្ចព្រមព្រៀង ដែលត្រូវបានសម្របសម្រួលដោយ UN និងតួគីកាល​ពីខែកក្កដា​មួយនេះ។

លោក​ប្រធានាធិបតី Volodymyr Zelenskyy បានបង្ហោះសារ​នៅ​លើគណនី Twitter របស់លោកដោយបានថ្លែងអំណរគុណ​ដល់ប្រធានាធិបតីតួគី អ៊ែរដូហ្កាន សម្រាប់​តួនាទី​របស់លោកក្នុងការរក្សា និងការពារកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។ ក្រោយមកមេដឹកនាំអ៊ុយក្រែនបានសាទរចំពោះការចាប់ផ្តើមនាំចេញ​ឡើងវិញថា ជាលទ្ធផលការទូតដ៏សំខាន់សម្រាប់ប្រទេសអ៊ុយក្រែននិងពិភពលោកទាំងមូល។

គួរជម្រាបថា កិច្ចព្រមព្រៀងចតុភាគី​ដែលធ្វើឡើងតាំងតែពីខែកក្កដាមួយមួយនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០២២នេះ។ ហេតុនេះ គេក៏កំពុងរកចាំមើលជំហររបស់​អ៊ុយក្រែនផងដែរ​ ថានឹងបន្តកិច្ចព្រមព្រៀងនេះទៀតឬយ៉ាងណា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានអំពាវនាវកាលពីថ្ងៃពុធទី០២ ខែវិច្ឆិកា ឱ្យបន្តកិច្ចព្រមព្រៀងនេះ ដើម្បីរក្សាស្ថិរភាពនៅក្នុងទីផ្សារស្បៀងអាហារពិភពលោក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដដែលខាងលើបានអនុញ្ញាត​ឱ្យគ្រាប់​ធញ្ញជាតិជិត ១០លានតោន និងគ្រឿង​ឧបភោគ​បរិភោគ​ផ្សេងទៀត អាចនាំចេញ​ពីកំពង់ផែអ៊ុយក្រែន ក្រោយជាប់គាំងជាច្រើនខែដោយសារសង្គ្រាម។ ប្រការនេះជួយសម្រួល​យ៉ាងច្រើន​ដល់វិបត្តិស្បៀងអាហារសកល ដែលបង្កឡើងដោយសង្រ្គាម​រវាងរុស្ស៊ី និងអ៊ុយក្រែន ដ្បិតថាអ្នកទាំងពីរនេះ ជាអ្នកនាំចេញគ្រាប់ធញ្ញជាតិ​ដ៏សំខាន់​សម្រាប់ពិភពលោក៕




អត្ថបទបន្ទាប់


អធិការបតីអាល្លឺម៉ង់ទៅជួបលោកស៊ី ជីនពីងនៅកាន់ទីក្រុងប៉េកាំង ចំពេលទំនាក់ទំនងចិន និងអឺរ៉ុបប្រេះឆាកាន់តែខ្លាំង

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នឹងធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិននៅថ្ងៃសុក្រ ទី ៤ វិច្ឆិកា ដែលត្រូវបានគេមើលឃើញថា តើប្រទេសអា…

សេតវិមានអាមេរិកថា កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ីដោយសម្ងាត់

បើតាមអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធ ទី ២ វិច្ឆិកា ថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា កូរ៉េខាងជើងកំពុងផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ