កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅឆ្នាំ២០២២


ថ្លែងចេញពីខេត្តកណ្ដាល នៅថ្ងៃទី៨ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្នុងពេលឆាប់ៗ ខាងមុខ សម្ដេចនឹងអញ្ជើញទៅសហរដ្ឋអាមេរិកដោយផ្ទាល់ ដើម្បីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះផងដែរ។ បើតាមការគូសបញ្ជាក់របស់សម្ដេច ហ៊ុន សែន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងត្រូវធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ផ្ទាល់តែម្ដង។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ "អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ " ​ រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្ដេច​នឹង​អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក​នៅ​ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ ដើម្បី​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន​។ សម្ដេច​បាន​បន្ត​ថា តាម​ពិត​ទៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក នេះ​ធ្លាប់​គ្រោង​ធ្វើ​ឡើង​តាំងពី​ដើមឆ្នាំ​២០២០ ដែល​មាន​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ជា​អ្នក​កាន់​អំណាច​ម្ល៉េះ ក៏​ប៉ុន្តែ ដោយសារ​ការ​រាតត្បាត​ជំងឺ​សាកល​កូ​វី​ដ​១៩ កិច្ចប្រជុំ​នេះ ត្រូវ​លើក​ពេល​រហូត​ដល់​ឆ្នាំ​២០២២ ហើយ​សម្ដេច​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។

នេះ​ជា​លើក​ដំបូង​សម្រាប់​រដ្ឋបាល​លោក ចូ បៃ​ឌិន ដែល​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ទល់មុខ​គ្នា រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ដិ​ន និង​មេដឹកនាំ​នៃ​តំបន់​អាស៊ាន​។ ខណៈ​លោក ចូ បៃ​ឌិន បាន​និង​កំពុង​ព្យាយាម​យកចិត្តទុកដាក់ និង​ផ្សះផ្សា​ទំនាក់ទំនង ព្រមទាំង​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​យ​អាស៊ាន​ឡើង​វិញ បន្ទាប់​ពី​កាលពី​ជំនាន់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ មិនសូវ​ជា​ខ្វាយខ្វល់​ពី​អាស៊ាន​នោះ​ទេ ជា​ពិសេស​កិច្ចប្រជុំ​អា​មេ​រិ​ក​-​អាស៊ាន​នេះ​តែ​ម្ដង ពោល​គឺ​លោក បាន​ចូលរួម​កិច្ចប្រជុំ​កំពូល អា​មេ​រិ​ក​-​អាស៊ាន តែ​មួយ​ដងគត់​ក្នុង​ឆ្នាំ ២០១៧​។

ដើម្បី​ផ្សា​ភ្ជាប់​នូវ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​អា​មេ​រិ​ក និង​តំបន់​អាស៊ាន នា​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក​លើក​ទី​៩ ដែល​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ អំឡុង​ខែតុលា ឆ្នាំ​២០២១ លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក បាន​ផ្ដល់​ថវិកា ចំនួន​១០០​លាន​ដុល្លារ​ឱ្យ​អាស៊ាន​ផង​ដែរ​។ ជាមួយ​គ្នា​នេះ លោក បៃ​ឌិន ក៏​បាន​គូសបញ្ជាក់​ថា ភាព​ជា​ដៃគូ​របស់​អា​មេ​រិ​ក និង​អាស៊ាន មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រក្សា​សេរីភាព​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​ការ​បើកចំហ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ និង​វិបុលភាព​រួម​គ្នា​។

សូម​បញ្ជាក់​ថា ទីប្រឹក្សា​នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក ដឺ​រេ​ក ឆូ​លេ​ត (Derek Chollet) ក៏​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី ចាប់ពី​ថ្ងៃ​ទី ០៨ ដល់​ថ្ងៃ​ទី ១៣ ខែធ្នូ​នេះ​ផង​ដែរ ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​វិបត្តិ​នៅ​ប្រទេស​ភូមា​។ ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​ក្រសួងការបរទេស​អា​មេ​រិ​ក ក៏​នឹង​ពង្រឹង​ភាព​ជា​កណ្តាល​របស់​អាស៊ាន និង​តួនាទី​ដែល​អាស៊ាន​ដើរ​ក្នុង​ស្ថិរភាព​តំបន់ កំណើនសេដ្ឋកិច្ច និង​ការ​រក្សា​សណ្តាប់ធ្នាប់​តាម​ច្រក​សមុទ្រ​ដែល​ផ្អែក​លើ​ច្បាប់ ជា​ពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​វិញ លោក ដឺ​រ៉េ​ក នឹង​ពិភាក្សា​អំពី​តួនាទី​ជា​ប្រធាន​អាស៊ាន​នា​ពេល​ខាង​មុខ​របស់​កម្ពុជា​។ លោក​ក៏​នឹង​ពង្រឹង​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​សម្រាប់​សង្គម​ស៊ី​វិល និង​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីគ្រោងលក់បណ្ណបំណុល៣០០លានដុល្លារ ខណៈសម្តេចតេជោស្នើធនាគារឲ្យជួយទិញ

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានាចូលរួមទិញមូលបត្របំណុលរបស់ក្រុមហ៊ុនសាង…

អ្នកជំនួញធំៗនៅកម្ពុជា ជឿជាក់ថាកម្ពុជានឹងក្លាយជាប្រទេសទាក់ទាញអ្នកវិនិយោគខ្លាំងគេនៅអាស៊ានក្នុងឆ្នាំ២០២២

អ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា សៀ ឫទ្ធី វាយតម្លៃថា កម្ពុជានឹងមានភាពទាក់ទាញខ្លាំងជាងគេនៅតំបន់អាស៊ាន សម្រាប់អ្នកវិនិយោគន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ