ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group លោកឧកញ៉ា សៀ ឫទ្ធី បានប្រាប់ក្រុមការងាររបស់សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស ថា សាធារណជនភាគច្រើនស្គាល់លោកច្បាស់ថា ជាអ្នកអភិវឌ្ឍន៍អគារខ្ពស់ និងលំនៅដ្ឋានតម្លៃសមរម្យ។ តែពេលនេះ ក្រុមហ៊ុន WorldBridge Group មានគោលដៅច្បាស់មួយទៀត គឺការអភិវឌ្ឍមុខជំនួញគាំទ្រ ដល់វិស័យផលិតកែច្នៃនៅកម្ពុជា តាមរយៈការបង្កើតឡើងនូវតំបន់ចង្កោមសហគ្រាសធុនតូច និងមធ្យម (SME Cluster)។
លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់ថា វិស័យសហគ្រាសធនតូច និងមធ្យម គឺជាវិស័យសំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយលោកឧកញ៉ា បានដាក់ផែនការច្បាស់លាស់រួចរាល់ហើយសម្រាប់បុគ្គលិកអនុវត្តឲ្យបាន ដើម្បីសម្រេចគោលដៅជួយដល់វិស័យ SME នេះ។ លោកឧកញ៉ា បានបន្ថែមថា លោកមិនចង់ឲ្យមានលំហូរសាច់ប្រាក់ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជិតខាង និងតំបន់ ក្នុងការដែលយើងនាំចេញតែមួយ ប៉ុន្តែបែរជានាំចូលមកវិញដល់ទៅដប់នោះទេ។
របាយការណ៍ពីធនាគារជាតិ បានបង្ហាញថា នៅឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជា សម្រេចបានជាង ១៣.៥០០ លានដុល្លារអាមេរិក ដែលមានកំណើន ២១% ធៀបនឹងឆ្នាំ២០១៧ ខណៈការនាំចូលវិញ គឺមានប្រមាណជាង ១៨.៧០០ លានដុល្លារអាមេរិក ដែលមានកំណើនជាង ២១%។ តាមតួលេខនេះ សបញ្ជាក់ឲ្យឃើញថា ឱនភាពពាណិជ្ជកម្ម ឬការនាំចូលរបស់កម្ពុជាមានលើសការនាំចេញ រហូតដល់ជាង ៥.២០០ លានដុល្លារអាមេរិក ខ្ពស់ជាងឆ្នាំ២០១៧ប្រមាណ ១ពាន់លានដុល្លារអាមេរិក។
អ្នកជំនួញដែលកំពុងមានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេសរូបនេះ បានឲ្យដឹងទៀតថា ដើម្បីឲ្យសាច់ប្រាក់មិនមានលំហូរទៅក្រៅប្រទេសច្រើន មានន័យថា ឲ្យវាមនចរន្ដសេដ្ឋកិច្ចវិលជុំនៅក្នុងស្រុក នោះយើងត្រូវបង្កើតឲ្យមានសង្វាក់ផលិតកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុកស្រាប់ ប្រើកម្លាំងពលកម្ម និងធនធាននៅក្នុងស្រុក ឲ្យអស់លទ្ធភាព។ យ៉ាងណាមិញ ទិសរបស់ហ៊ុន WorldBridge Group គឺចង់ឲ្យវិស័យ SMEនេះ មានដំណើរការកាន់តែសកម្មបន្ថែមទៀត។
ផែនការដែល WorldBridge Group បានដាក់ចេញនោះគឺ ការបង្កើតតំបន់សហគ្រាសធនតូច និង មធ្យម ដោយតំបន់នេះ នឹងស្វាគមន៍ដល់អ្នក ដែលមានសង្វាក់ផលិតកម្មតូច និងមធ្យម ដោយសហគ្រាសទាំងអស់នោះ នឹងទទួលបានការជួយជ្រោមជ្រែងទាំងហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញប្បទាន ។
បើតាមប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
WorldBridge Group រូបនេះ មិនត្រឹមតែវិស័យអចលនទ្រព្យនោះទេ
ដែលលោកចង់ឲ្យមានការរីកចម្រើន តំបន់សហគ្រាសធុនតូចនិង មធ្យម ឬ Industry
Park ក៏ជាគោលដៅសំខាន់របស់ WorldBridge ដែរដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែច្រើនថែមទៀត