កម្មវិធី She Loves Tech Cambodia ត្រូវបានសហការរៀបចំឡើងដោយ She Loves Tech និង Raintree ដែលជាអ្នកចងក្រងរបាយការណ៍ស្តីពីសហគ្រិនភាពបច្ចេកវិទ្យា Startup Kingdom ក្រោម ការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រាសខ្មែរ និង Global Shapers Phnom Penh Hub ។
She Loves Tech បានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីជម្រុញឱ្យវិស័យបច្ចេកវិទ្យាសកលមានភាពចម្រុះ តាមរយៈការចូលរួម ពីស្រ្តីដែលបម្រើ ការងារបច្ចេកទេស និងដើរតួនាទីជាអ្នកដឹកនាំផង។ ការសិក្សាជាសកល នៅឆ្នាំ២០១៧របស់អង្គការ UNESCO ស្តីពី ការអប់រំរក្មេងស្រី និងស្ត្រីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បានបង្ហាញឱ្យឃើញ ថាមានតែ៣០%នៃចំនួននិស្សិតស្រីសរុបនៅថ្នាក់ឧត្តមសិក្សា ប៉ុណ្ណោះដែលបានជ្រើសរើសសិក្សាមុខវិជ្ជា STEM ។ អ្វីដែលគួរបារម្ភនោះ គឺស្ត្រីចុះឈ្មោះរៀនជំនាញ ពាក់ព័ន្ធព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យា (ICT) មានកម្រិតទាបនៅត្រឹមតែ៣% ប៉ុណ្ណោះ។
កម្មវិធីប្រកួតនេះបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនចូលរួមពីឆ្នាំកន្លងទៅបានប្រមូល ទុនវិនិយោគ សរុបជាង ១០០លានដុល្លារអាមេរិក ពីវិនិយោគិនកំពូលៗ រួមមានក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon និង Sequoia Capital។ បន្ថែមពីលើ ការរៀបចំប្រកួតតាមអនឡាញទាំងស្រុងសម្រាប់ឆ្នាំនេះ ព្រឹត្តការណ៍ឆ្នាំ២០២០នេះរឹតតែពិសេសជាងមុន ដោយសារនេះ ជាការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ប្រទេសកម្ពុជានៅក្នុងកម្មវិធីប្រកួតនេះ ក្នុងនាមជាដៃគូ មួយក្នុង ចំណោមដៃគូអន្តរជាតិជាង៣០ប្រទេស មកពី អាមេរិកខាងជើង និងខាងត្បូង អាហ្វ្រិក អឺរ៉ុប អាស៊ី និងអូស្ត្រាលី។
កញ្ញា Rhea See សហស្ថាបនិករបស់ She Loves Tech បានថ្លែងថា៖ «សហគមន៍អ្នក Startup ខាង បច្ចេកវិទ្យានៅកម្ពុជាបាននឹងកំពុងវិវត្តយ៉ាងរស់រវើកជារៀងរាល់ឆ្នាំ»។ កញ្ញាបានបន្តទៀតថា៖ «យើង មានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃសហគមន៍ ក៏ដូចជាចូលរួមចំណែកជួយ តាមរយៈ ការផ្សារភ្ជាប់អាជីវកម្មថ្មីៗក្នុងស្រុកជាមួយធនធាន ក៏ដូចជាយុទ្ធសាស្ត្រអន្តរជាតិផងដែរ។ យើងក៏ទន្ទឹងរង់ចាំ មើលថាបច្ចេកវិទ្យាមានឥទ្ធិពលណាមួយដែលនឹងឈ្នះនៅក្នុងកម្មវិធី She Loves Tech Cambodia នៅឆ្នាំនេះ»!
ជ័យលាភីលេខ១នៃកម្មវិធី She Loves Tech Cambodia នឹងក្លាយទៅជាតំណាងនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិ ដើម្បីឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ១៥ ០០០ ដុល្លារ អាមេរិកពីមូលនិធិ She Loves Tech។ បន្ថែមពីលើនេះ អ្នកឈ្នះនឹងទទួលបានការផ្សព្វផ្សាយពិសេសពីសារព័ត៌មាន ឱកាសទទួលបានការបង្វឹកបន្ថែម សិទ្ធិទទួលបានមូលនិធិពីដៃគូវិនិយោគ អាទិភាពចូលរួមក្នុង កម្មវិធីពន្លឿនអាជីវកម្ម (accelerator) របស់ដែគូShe Loves Tech រួមនឹងសេវាប្រឹក្សាផ្សេងៗទៀត។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បាន និងកំពុងខិតខំផ្តួចផ្តើមកម្មវិធីផ្សេងៗដើម្បីបង្កើន ការចូលរួម របស់ស្ត្រី នៅក្នុងវិស័យបច្ចេកវិទ្យាដូចជាកម្មវិធី Cambodian Women in Tech Awards ជាដើម ប៉ុន្តែភាពចម្រុះនៃយែនឌរនៅតែជាបញ្ហាប្រឈមមួយដែលត្រូវការ ការដោះស្រាយទាំងអស់គ្នា។ កញ្ញា Virginia Tan សហស្ថាបនិករបស់ She Loves Tech បានបង្ហាញឱ្យដឹងថា៖« បើគ្មានស្ត្រី យើងមិនអាចដោះស្រាយបញ្ហាប្រឈមធំៗនៅក្នុងពិភពលោក បានទេ។ ស្ត្រីគឺជាអ្នកដែលតំណាងអោយការច្នៃប្រឌិត និងការគិតបែបថ្មី ក្នុងជំនាន់ថ្មីនេះ»។ សហស្ថាបនិក របស់ She Loves Tech មួយរូបទៀតកញ្ញា Leanne Robers បានអោយដឹងថា៖ “ ការលើកកម្ពស់ស្ត្រី នៅក្នុងវិស័យ បច្ចេកវិទ្យានឹងផ្លាស់ប្តូរបែបបទរស់នៅ និង ធ្វើការរបស់យើង។ កម្មវិធីរបស់យើងគឺជាមធ្យោបាយ ដ៏ល្អបំផុត មួយដើម្បីចាប់ផ្តើមការផ្លាស់ប្តូរដ៏ល្អនេះ »។
កញ្ញា ចាន់ ពេញល័ក្ខ អ្នកគ្រប់គ្រងសហគមន៍របស់ Raintree បានអោយដឹងថា៖ «គម្រោងអភិវឌ្ឍ ការិយាល័យប្រកបដោយភាពឆ្នៃប្រឌិត Raintree ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ភាពចម្រុះ និងជំរុញនវានុវត្តន៏ក្នុងស្រុកតាមរយៈការសហការឆ្លងវិស័យ»។ កញ្ញាបានបន្តថា៖ «៦០%នៃគណៈគ្រប់គ្រង និង៥០% នៃសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនយើង គឺជាស្ត្រី។ នៅក្នុងឆ្នាំ២០១៩ យើងបានរៀបចំ សិក្ខាសាលា Women in Tech Meetup និងសិក្ខាសាលា #IamRemarkable ដើម្បីជាវេទិការដើម្បីឱ្យស្ត្រីទទួលល្គាល់ស្នាដៃ និងបង្ហាញពី សមិទ្ធផលដែលខ្លួនសម្រចបាននៅក្នុងកន្លែងធ្វើការរបស់ពួកគេ និងគាំទ្រដល់ស្ត្រីក្នុងកម្មវិធី Cambodian Women in Tech Awards។ ពួកយើងមានមោទនភាពក្នុង ការសហការជាមួយ She Loves Tech ក្នុងការពាំនាំ Startups ដែលត្រូវបានដឹកនាំដោយស្ត្រី និងមានឥទ្ធិពលវិជ្ជមានសម្រាប់ស្រ្តីពីកម្ពុជាទៅកាន់ពិភពលោក »។
កម្មវិធីប្រកួតប្រជែង She Loves Tech Cambodia ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២០។ ក្រុមហ៊ុនដាក់ពាក្យនឹងតម្រូវឲ្យផ្តល់ព័ត័មានពាក់ព័ន្ធមួយចំនួនដើម្បីចូលរួមប្រកួត។ បេក្ខជនជាប់ឈ្មោះនឹងទទួលបានការបង្វឹកពីអ្នកជំនាញ ដែលមានបទពិសោធន៏ រួមទាំងអ្នកជំនាញប្រចាំតំបន់ ដើម្បីផ្ចិតផ្ចង់និងការពារ បទបង្ហាញ អាជីវកម្មរបស់ខ្លួន។ ដើម្បីជាប់ជាបេក្ខភាព សហគ្រិនទាំងបុរស និងស្រី្តត្រូវតែជាតំណាង Startup ខាងបច្ចេកវិទ្យាដែលមាន ផលិតផលអប្បរិមា (minimum viable product) ដែលកំពុងស្វែងរកទុនវិនិយោគក្រោម៥លានដុល្លារ និង បំពេញល័ក្ខខ័ណ្ឌ១ក្នុងចំណោម ខាងក្រោម៖
- ក្រុមហ៊ុនមានស្ថាបនិក ឬសហស្ថាបនិកជាស្រ្តី ឬ
- ក្រុមហ៊ុនមានស្ត្រីជាអ្នកប្រើប្រាស់ចម្បង ឬ
- ក្រុមហ៊ុនមានផលិតផលដែលបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ជាស្ត្រី ឬ
- ក្រុមហ៊ុនមានផលិតផលដែលដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តី។
ចំពោះការដាក់ពាក្យ និងព័ត៌មានបន្ថែម សូមចូលទៅកាន់៖ She Loves Tech Cambodia (ជាភាសាអង់គ្លេស) ៕