បើតាមការអះអាងពីអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សារមួយនេះ បានអះអាងថា នឹងអាចទាក់ទាញអតិថិជន ពិសេស ទេសចរបរទេសឲ្យបានកាន់តែច្រើនឡើងថែមទៀត។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សបភីង សេនធ័រ សូរិយា បានលើកឡើងថា ផ្សារទំនើបសូរិយានេះ ត្រូវបានបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងបានបើកដំណើរការឡើងតាំងពីឆ្នាំ២០០៣មកម្ល៉េះ។ បច្ចុប្បន្ន ផ្សារនេះ ត្រូវបានបើកសម្ពោធជាថ្មីម្ដងទៀត និងបានផ្លាស់ប្តូរឈ្មោះថ្មីផងដែរ គឺ ផ្សារសូរិយា សិនធ័រ ភ័នធ៍ (Sorya Center Point)។
អ្នកឧកញ៉ាបន្ថែមថា ការចូលមកដល់នៃផ្សារទំនើបបរទេសធំៗ ដែលបាននិងកំពុងពង្រីកខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ក៏បានធ្វើឲ្យផ្សារទំនើបក្នុងស្រុកមួយចំនួន ត្រូវប្រឈមនឹងការបាត់បង់ចំណែកទីផ្សារផងដែរ។
លោកបន្តថា កន្លងមក ដោយសារតែក្រុមហ៊ុនលោកមានគំនិតអភិរក្សនិយមខ្លាំងពេក បានធ្វើឲ្យគំនិតនេះហួសសម័យ និងបានធ្វើឲ្យផ្សារទំនើបសូរិយាបានបាត់បង់អតិថិជនរបស់ខ្លួនមួយចំនួន។ ដូច្នេះហើយទើប ក្រុមហ៊ុនផ្សារទំនើបសូរិយា សម្រេចចិត្តបោះទុនវិនិយោគបន្ថែម និងបានអញ្ជើញអ្នកឯកទេសខាងរចនាជាច្រើន ដើម្បីសាងសង់រចនាបថថ្មី តម្រូវតាមសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ លោកស្រី ជា សុខហៀក នាយិកាប្រតិបត្តិផ្សារ Sorya Center Point បានលើកឡើងថា ការកែប្រែថ្មីនៃរចនាបថរបស់ផ្សារទំនើប Sorya Center Point នេះ ត្រូវបានច្របាច់បញ្ចូលគ្នានូវរចនាបថខ្មែរ ព្រមជាមួយការលក់នូវផលិតផលខ្មែរជាច្រើនមុខ តួយ៉ាង នៅជាន់ទី៤នៃផ្សារនេះ មានលក់ផលិតផលខ្មែរសុទ្ធតែម្ដង ដែលអាចជាភាពទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេស។
លោកស្រីបន្ថែមថា ដើម្បីជំរុញលើការប្រកួតប្រជែង ផ្សារទំនើបនីមួយៗត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការចាប់យកអតិថិជនគោលដៅរបស់ខ្លួន ពិសេស គឺការអភិវឌ្ឍនូវអ្វីដែលថ្មី សម្រាប់បំពេញសេចក្ដីត្រូវការរបស់អតិថិជន។
នាយិកាប្រតិបត្តិរូបនេះ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន អតិថិជនគោលដៅរបស់ផ្សារ Sorya Center point ភាគច្រើនជាប្រជាជនដែលមានចំណូលថ្នាក់កណ្ដាលឡើងទៅ និងបន្ថែមចាប់យកអតិថិជនដែលជាភ្ញៀវបរទេស ព្រោះថា ផ្សារទំនើបធំៗភាគច្រើនមិនសូវជាមានការចាប់យកអតិថិជនជាភ្ញៀវបរទេសនោះទេ ប៉ុន្ដែ ផ្សារ Sorya Center Point បានធ្វើការរចនាសោភ័ណភាពអគារ និងផលិតផលជាច្រើន ដែលតម្រូវជាមួយនឹងការពេញនិយមរបស់ភ្ញៀវទេសចរបរទេស និងជឿជាក់ថា នឹងទទួលបានអតិថិជនគោលដៅកាន់តែច្រើនឡើងជាងមុនផងដែរ។
លោកស្រី ជា សុខហៀក បានបន្ថែមទៀតថា ការកែប្រែនូវរចនាបថថ្មីរបស់ផ្សារទំនើប Sorya Center Point នេះ មិនបានបន្ថែមចំនួនតូបលក់នៅក្នុងផ្សារនោះទេ តែមានការកាត់បន្ថយចំនួនតូបរហូតដល់៥០% ឯណោះ ដើម្បីរក្សានូវទីធ្លាធំទូលាយជាងមុន និងផាសុកភាពជាងមុន ខណៈដែលផ្សារនេះមានផ្ទៃក្រឡាសរុបប្រមាណ ៤ម៉ឺនម៉ែត្រការ៉េ និងកម្ពស់៥ជាន់។
សូមជម្រាបដែរថា បច្ចុប្បន្ន កម្ពុជាមានផ្សារទំនើបធំៗជាច្រើន បាននិងកំពុងមានវត្តមាននៅក្នុងទីផ្សារកម្ពុជា តួយ៉ាង ផ្សារទំនើប អ៊ីអន ដែលកំពុងត្រៀមបើកសាខាទី២របស់ខ្លួនឆាប់ៗនេះ ផ្សារផាកសុន ក៏ត្រៀមបើកដំណើរការឆាប់ៗនេះដែរ ហើយកាលពីពេលថ្មីៗនេះ ផ្សារម៉ាក្រូ ដែលជាផ្សារលក់ទំនិញបោះដុំ ដ៏ធំជាងគេ មកពីប្រទេសថៃ ក៏ទើបបើកសម្ពោធផ្លូវការនៅកម្ពុជាផងដែរ។ ដូច្នេះ វាបានសបញ្ជាក់ឲ្យឃើញពីការប្រកួតប្រជែងក្នុងវិស័យលក់រាយកម្ពុជា កាន់តែមានកម្ដៅកើនឡើង។
គួររំលេចដែរថា បច្ចុប្បន្ន ផ្សារទំនើបដែលស្ថិតនៅក្រោមក្រុមហ៊ុនសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា មានដូចជា ផ្សារ Sorya Center Point (អតីតផ្សារសូរិយា) ផ្សារទំនើបសុវណ្ណា និងផ្សារទំនើប រតនាផ្លាហ្សា ជាដើម៕