និយ័តករហិរញ្ញវត្ថុកូរ៉េខាងត្បូង បានលើកឡើងថា រដ្ឋាភិបាលក្រុងសេអ៊ូល និងធនាគារធំៗចំនួនប្រាំនៅពេលនេះបានត្រៀមកញ្ចប់ថវិកាជិត៥៧ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុន និងសាជីវកម្មក្នុងស្រុក ដែលបង្កើនការវិនិយោគលើបច្ចេកវិទ្យាទំនើបថ្មីៗ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ។
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការដាក់ចេញវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនេះធ្វើឡើងចំពេល ដែលអត្រាការប្រាក់កំពុងមានការកើនខ្ពស់ ដែលបានដាក់បន្ទុកបន្ថែមលើក្រុមហ៊ុនក្នុងស្រុក ខណៈដែលការលក់ និងការនាំចេញរបស់ពួកគេកំពុងតែធ្លាក់ចុះ។
បើតាមគណៈកម្មការខាងលើនេះ កម្មវិធីផ្ដល់ជំនួយហិរញ្ញវត្ថុនេះបានរួមបញ្ចូលទាំងថវិកាជាង១១ពាន់លានដុល្លារនៃប្រាក់កម្ចីគោលនយោបាយពីធនាគាររបស់រដ្ឋ សម្រាប់ឧស្សាហកម្មសំខាន់ៗដូចជាបន្ទះឈីប និងថ្មអាគុយជាដើម ខណៈធនាគារពាណិជ្ជ ក៏នឹងផ្តល់មូលនិធិជិត១៥ពាន់លានដុល្លារ ដើម្បីគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមផងដែរ។
ប្រធានគណៈកម្មការ FSC លោក គីម ជូ យុន (Kim Joo-hyun) បាននិយាយថា ធនាគារទាំងនោះត្រូវចាប់ផ្តើមខិតខំប្រឹងប្រែង ដើម្បីពង្រីកការគាំទ្រសម្រាប់ក្រុមហ៊ុនឱ្យលើសពីការត្រឹមតែផ្តល់ហិរញ្ញវត្ថុដល់អតិថិជន តាមរយៈការផ្តោតលើប្រាក់កម្ចីទិញផ្ទះបន្ថែមទៀត។
បើតាមថ្នាក់ដឹកនាំរូបនេះ ការវិវត្តនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងឧស្សាហកម្មធំៗ និងការបែកបាក់នៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បានបង្កបញ្ហាប្រឈមថ្មីទៀតដល់ក្រុមហ៊ុនដែលបានបង្កើនតម្រូវការសម្រាប់កំណែទម្រង់បទប្បញ្ញត្តិ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ហើយសម្រាប់ក្រុមហ៊ុន ដែលប្រឈមនឹងបញ្ហាសាច់ប្រាក់នៅក្នុងឆ្នាំនេះ ដោយសារតែអត្រាការប្រាក់កើនខ្ពស់ ធនាគារនឹងផ្តល់ការកាត់បន្ថយអត្រាការប្រាក់ជាបណ្តោះអាសន្នណាមួយ ដើម្បីជួយសម្រួលដល់អាជីវកម្មរបស់ពួកគេ៕
អត្ថបទ៖ សុខ ជា