នៅឆ្នាំ២០១៩ ចំណូលរបស់កាហ្វេ Starbucks នៅវៀតណាម រកបាន ៣៣,៦ លានដុល្លារអាមេរិក កើនឡើងដល់ទៅ ៣២% ធៀបនឹងឆ្នាំ២០១៨ ប៉ុន្ដែ ចំនួនចំណូលនេះ នៅតែតាមពីក្រោយយីហោហាងកាហ្វេនាំមុខទីផ្សារនៅវៀតណាមចំនួន២ទៀត គឺកាហ្វេ Highlands ដែលរកចំណូលបានប្រមាណ ៩៥លានដុល្លារ និងហាងកាហ្វេ Coffee House រកចំណូលបានប្រមាណជាង ៣៧ លានដុល្លារអាមេរិក។
តាមរយៈលេខនេះ បានបង្ហាញឲ្យឃើញថា ហាងកាហ្វេ Starbucks គឺស្ថិតនៅក្នុងលំដាប់ចំណូលទី៣ សម្រាប់រយៈពេល២ឆ្នាំមកហើយ បន្ទាប់ពីធ្លាប់បានឈរលំដាប់ចំណូលទី២ម្ដង តាមពីក្រោយកាហ្វេ Highlands កាលពីឆ្នាំ២០១៧។
ហាងកាហ្វេ Starbucks គឺជាយីហោហាងកាហ្វេបរទេសតែមួយគត់នៅវៀតណាម ដែលបានឈរក្នុងចំណោមកំពូលហាងកាហ្វទាំង៥ នៅក្នុងប្រទេសវៀតណាម ហើយហាងកាហ្វេនេះ គឺបានចូលមកក្នុងប្រទេសវៀតណាមរយៈពេល ៧ឆ្នាំមកហើយ និងបានពង្រីកខ្លួននៅក្នុងតំបន់ចំនួន ៤ ដែលមានសាខាសរុបចំនួន ៦០ សាខា ធៀបនឹងដៃគូប្រជែង គឺហាងកាហ្វេ Highlands មាន៣៣៦ សាខា និងហាងកាហ្វ The Coffee House មានជាង១៥០សាខា។
ចំនួនសាខា កាហ្វេ Starbucks នៅវៀតណាមនេះ គឺមានតិចជាង ១ភាគ៥ ទៅទៀត នៃវត្តមានរបស់វា ដែលមាននៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ តួយ៉ាង នៅប្រទេសថៃ Starbucks មានសាខា ៣៣៦ សាខា និងនៅឥណ្ឌូនេស៊ី មានជាង៣២០ សាខា។
បើនិយាយពីប្រាក់ចំណេញដុល អត្រារបស់កាហ្វេ Starbucks គឺមាន១៩% តិចជាងអត្រាចំណេញដុលរបស់ ហាងកាហ្វេ Higlands ដែលមាន៦០% និង ហាង The Coffee House មាន៧០% រីឯហាងកាហ្វេ Phuc Long មានអត្រា ៣៥%។
ហេតុផលមួយ ដែលធ្វើឲ្យអត្រាប្រាក់ចំណេញដុល របស់ហាងកាហ្វេ Starbucks មានទាបជាង ហាងកាហ្វេខាងលើនេះ គឺដោយសារតែ កាហ្វេ Starbucks បាននាំយកកាហ្វេរបស់ពួកគេមកពីអាមេរិក ដើម្បីធានាបាននូវគុណភាពដូចគ្នាកម្រិតសកលលោក ដូច្នេះ ការចំណាយ គឺមានខ្ពស់ជាងហាងកាហ្វេក្នុងស្រុក។
ហាងកាហ្វេ Starbucks ក៏ស្ថិតនៅក្នុងចំណោមទីផ្សារកាហ្វេបរទេសមួយចំនួនទៀត នៅវៀតណាម ខណៈដែលក៏មានហាងកាហ្វេបរទេសមួយចំនួន បានចាកចេញពីផ្សារវៀតណាមរួចហើយ។ ហាងកាហ្វេបរទេសធំៗ ដែលនៅវៀតណាម រួមមាន ហាងកាហ្វេមកពីអូស្ត្រាលី Gloria Jean’s Coffees និងហាងកាហ្វេរបស់សិង្ហបុរី New York Dessert Coffee។
កាហ្វេយីហោបរទេសមួយទៀត ដែលមកពីអាមេរិក គឺហាងកាហ្វេ The Coffee Bean & Tea Leaf ត្រូវបានគេមើលឃើញថា មានចំណូលធ្លាក់ចុះ ៣០% កាលពីឆ្នាំ២០១៩ ដែលមានចំណូលនៅត្រឹមតែ ប្រមាណ ៣លានដុល្លារអាមេរិកប៉ុណ្ណោះ៕