លោក ដានូឆា ពេជឆាយ៉ាណាន់ (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ របស់ថៃ បានបញ្ជាក់ថា ក្នុងសេណារីយ៉ូអាក្រក់បំផុត សេដ្ឋកិច្ចថៃនឹងកើនឡើងនៅត្រឹមតែ ៣% ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ប្រសិនបើតម្លៃប្រេងឆៅកើនឡើងដល់ ១៥០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយអតិផរណាកើនឡើងដល់ ៧,២%។
ក្នុងនោះផងដែរ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើង ៣,៥% ប្រសិនបើតម្លៃប្រេងឆៅត្រូវបានស្ថិតក្នុងតម្លៃ ១០០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយអតិផរណានឹងនៅមានអត្រា ៥% ។ បើប្រេងឆៅកើនដល់ ១២៥ដុល្លារក្នុងមួយធុងបារ៉ែល នោះសេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹម ៣,២% និងអតិផរណានឹងមាន ៦,២%។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ កាលពីខែកុម្ភៈ បានរក្សាការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសថៃនៅកម្រិតចន្លោះពី ៣,៥% ទៅ ៤,៥% ដោយមានក្ដីរំពឹងថា រាជរដ្ឋាភិបាលនឹងទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុងបាន ដោយគ្មានការរឹតបន្តឹងបន្ថែមទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានអះអាងទៀតថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងត្រូវមានការកើនឡើងតាមរយៈ ការងើបឡើងវិញនៃទេសចរណ៍ក្នុងស្រុក កំណើននៃការនាំចេញដែលកំពុងបន្តកើនឡើង និងការវិនិយោគសាធារណៈកើនខ្ពស់ជាងមុន។
ជាមួយគ្នានេះប្រទេសថៃក៏រំពឹងដែរថា ការមកដល់នៃភ្ងៀវទេសចរណ៍អន្តរជាតិនឹងកើនឡើងដល់ ៥ លាននាក់នៅឆ្នាំនេះ ដោយបង្កើតបានប្រាក់ចំណូលជិត១២ពាន់លានដុល្លារកើនឡើងពីចំនួនភ្ញៀវជាង ៤ សែននាក់ និង ប្រាក់ចំណូលប្រមាណជិត៤ពាន់៥រយលានដុល្លារ កាលពីឆ្នាំ ២០២១។
មន្ត្រីជាន់ខ្ពស់ថៃ បានទទួលស្គាល់ថា សេដ្ឋកិច្ចថៃគឺមានសម្ពាធកាន់តែខ្លាំងឡើង នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយប្រសិនបើសង្រ្គាមត្រូវបានដោះស្រាយក្នុងរយៈពេល ៣ ខែ ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃកាន់តែខ្លាំង៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន