ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងរយៈពេល៥ខែ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធដារគ្រប់ប្រភេទបានជាង ១. ៣៣៥ លានដុល្លារ កើនលើសឆ្នាំមុនជិត ៣០០ លានដុល្លារ។
របាយការណ៍បានបង្ហាញទៀតថា នៅខែឧសភា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ១៨៥ លានដុល្លារស្មើនឹងជាង ៨ភាគរយនៃផែនការ ដែលបានកំណត់ ពោលគឺបាន កើនឡើងចំនួន ជាង ៥១ លានដុល្លារ បើធៀបនឹងខែឧសភាឆ្នាំ ២០១៨។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ គឺជាស្ថាប័នប្រមូលចំណូលជូនជាតិដ៏សំខាន់មួយបន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ត្រូវសម្រេចបានឲ្យបាន ៩,៦៩% នៃផលិតផលក្នុងស្រុកសរុប។ រីឯ ចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ ត្រូវសម្រេចឲ្យបាន ៩,៧៨% នៃផលិតផលក្នុងស្រុកសរុប។
នៅពេញមួយឆ្នាំ ២០១៨ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាយ សរុបមានប្រមាណ ២,២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណជាង ១១៤% នៃផែនការប្រចាំឆ្នាំ ដែលបានកំណត់។ ហើយបើធៀបនឹងឆ្នាំ ២០១៧ ឃើញថា ចំណូលនៅឆ្នាំ ២០១៨ មានការកើនឡើងជាង ១៣%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ។
ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ និងបានផ្តល់អនុសាសន៍ណែនាំមន្ត្រីរបស់ខ្លួនបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល៕