ក្រោយពីកើតហេតុព្រឹត្តិការណ៍បាញ់ប្រហារដ៏រន្ធត់នៅមណ្ឌលថែទាំកុមារមួយកន្លែង ដោយបានសម្លាប់មនុស្ស ៣៦នាក់ ភាគច្រើនជាងកុមារ កាលពីថ្ងៃទី ៦ខែតុលារួចមក នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានដាក់បញ្ជាឱ្យ អាជ្ញាធរស្រាវជ្រាវ និងធ្វើតេស្តឱ្យបានសកម្មចំពោះអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងចំណោមមន្ត្រីនៅតាមភូមិឃុំ និងបង្កើនការអប់រំ ព្យាបាលអ្នកញៀនគ្រឿងញៀនផងដែរ។
ទន្ទឹមនេះនាយករដ្ឋមន្ត្រីថៃ បានបញ្ជាឱ្យមន្ត្រីជំនាញដកហូតអាជ្ញាបណ្ណកាន់កាប់ និងប្រើប្រាស់កាំភ្លើងរបស់ម្ចាស់កាំភ្លើងណាដែលបានចុះបញ្ជីរួច តែត្រូវបានគេរាយការណ៍ថា មានអាកប្បកិរិយាមិនល្អ មានចរិតគំរាមកំហែងដល់សង្គម និងតែងបង្កើតចលាចល ឬបង្កហិង្សាជាដើម។ ជាមួយគ្នានេះ ថៃនឹងផ្តើមបើកការបង្ក្រាបលើការលក់អាវុធ និងប្រើប្រាស់ និងការរត់ពន្ធអាវុធខុសច្បាប់ផងដែរ។
ដោយឡែក សូម្បីតែមន្ត្រីនគរបាលប៉ូលីសដែលមានសិទ្ធិកាន់កាប់និងប្រើប្រាស់កាំភ្លើង ក៏អាជ្ញាធរថៃគ្រោងនឹងប្រមូលកាំភ្លើងពីពួកគេមកវិញដែរ ក្នុងករណីមន្ត្រីណា ដែលមានអាកប្បកិរិយាហិង្សាក្នុងការអនុវត្តកាតព្វកិច្ចរបស់ពួកគេ។
សូមជម្រាបថា ថៃជាប្រទេសមួយដែលត្រូវគេរាយការណ៍ថា មានការចរាចរណ៍អាវុធដោយធូររលុងផងដែរ។ ដោយឡែក បញ្ហាគ្រឿងញៀននៅស្រុកថៃ ធ្លាប់ត្រូវអង្គការសហប្រជាជាតិដែលធ្វើការលើបញ្ហានេះថ្កោលទោសថៃ ថាជាប្រទេសមួយដែលមានការចរាចរណ៍សារធាតុញៀននិងផលិតគ្រឿងញៀនច្រើន គឺស្ទើរតែច្រើនជាងគេនៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួររំឭកថា កាលពីថ្ងៃទី ៦ ខែតុលា ប្រទេសថៃ មានប្រព្រឹត្តិការណ៍បាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើង ដោយបុរសជាឃាតករម្នាក់ បានចូលទៅកន្លែងមើលថែទាំកុមារមួយកន្លែង និងបានធ្វើសកម្មភាពបាញ់ និងចាក់សម្លាក់មនុស្សយ៉ាងហោចណាស់៣៦នាក់ ក្នុងនោះមាន២៤នាក់ជាកុមារតូចៗ។ តាមសេចក្ដីរាយការណ៍ បុរសជនដៃ គឺជាអតីតមន្ត្រីនគរបាលរបស់ថៃ ហើយក្រោយពីបាញ់ប្រហារនៅកន្លែងថែទាំកុមារនោះហើយ រូបគេបានបើករថយន្តបំបុកមនុស្សតាមដងផ្លូវបន្ថែមទៀត មុននឹងសំដៅទៅសម្លាប់ប្រពន្ធនិងកូនខ្លួនឯង រួចធ្វើអត្តឃាតសម្លាប់ខ្លួនតាមក្រោយ។
សោកនាដកម្មនេះ កើតឡើងនៅមណ្ឌលថែទាំក្មេងតូចមួយកន្លែងក្នុងខេត្ត ណងបួរ ឡាំភូ (Nong Bua Lamphu) ប៉ែកខាងជើងនៃផ្ទៃប្រទេសថៃ។ ការបង្ហូរឈាមនេះផងដែរ ត្រូវបានគេចាត់ទុកថាជាការផ្តាច់ជីវិតកុមារដ៏អាក្រក់បំផុត និងឃោរឃៅមួយ ក្នុងប្រវត្តិសាស្ត្រសម័យថ្មីនេះ៕