មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលថៃ បានយល់ព្រមស្នើសុំមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ១៩ ឲ្យពិចារណាបន្តវិធានការ តម្រូវឲ្យអ្នកដំណើរពីក្រៅប្រទេសត្រូវធ្វើចត្តាឡីស័កបន្ដទៀត រហូតដល់ចុងខែមករានេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ ក៏បាននិយាយដែរថា ការបន្ដវិធានការតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេសនេះ គឺដើម្បីផលប្រយោជន៍សុខភាព និងសុវត្ថិភាពសាធារណៈ ជៀសវៀងការគំរាមកំហែងពីជំងឺកូវីដ១៩ ជាពិសេសមេរោគអូមីក្រុង។
សូមជម្រាបថា ជុំវិញការព្រួយបារម្ភអំពីការផ្ទុះឡើងនៃមេរោគអូមីក្រុងជាសកលនេះ មិនមែនមានតែអ្នកដំណើរបរទេសទេដែលត្រូវបានផ្អាកសម្រាប់ការចូលមកប្រទេសថៃ ជាក់ស្ដែង ជនជាតិថៃផ្ទាល់ក៏ត្រូវបានផ្អាកមិនឱ្យចូលផងដែរ ព្រោះថាការឆ្លងមេរោគអូមីក្រុង ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរដែលមកដល់មុនៗទៅទៀត។
យ៉ាងណាមិញ បើតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីអូមីក្រុងចំនួន ២២៩ បន្ថែមទៀតកាលពីថ្ងៃទី៣ មករា ដែលធ្វើឱ្យករណីអូមីក្រុងសរុបកើនឡើងដល់ ១៧៨០ករណីហើយគិតមកទល់ថ្ងៃទី០៤ ខែមករានេះ៕