យោងតាមទិន្នន័យពីការិយាល័យគណៈកម្មាធិការធានារ៉ាប់រង (OIC)របស់ថៃ បានឲ្យដឹងដែរថា តម្លៃទូទាត់សំណងសេវាធានារ៉ាប់រងកូវីដ បានកើនឡើងពី ប្រមាណ១ពាន់៥រយលានដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែមីនា ទៅដល់ជិតដល់ជាង១ពាន់៧រយលានដុល្លារនៅចុងខែមីនា ដោយសារតែកូវីដ១៩បំប្លែងថ្មី អូមីក្រុងនៅតែបន្តអូសបន្លាយវាយលុក បន្ទាប់ពីសកម្មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានចាប់ផ្ដើមដំណើរការឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ក្រសួងសុខាភិបាលាថៃបានប្រកាសអំពី ចំនួនមធ្យមនៃការឆ្លងថ្មីប្រចាំថ្ងៃ រួមទាំងការរកឃើញតាមរយៈឧបករណ៍ធ្វើតេស្ដរហ័ស លើសពី ៤ម៉ឺននាក់ ក្នុងមួយថ្ងៃក្នុងអំឡុងខែមីនា។
លោក អាផាកន ផានឡឺដ (Arpakorn Panlerd) ជំនួយការអគ្គលេខាធិការនៃការិយាល័យគណៈកម្មាធិការធានារ៉ាប់រង (OIC) បាននិយាយថា បុព្វលាភធានារ៉ាប់រងដែលបានមកពីសេវាធានារ៉ាប់រងកូវីដ មានតម្លៃប្រហែល ជាង៣០០លានដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែមីនា។ លោកបាននិយាយថា ចំនួនអ្នកដែលបានទិញធានារ៉ាប់រង កូវីដ១៩ ឬហៅថា ម្ចាស់បណ្ណធានារ៉ាប់រង សរុបមានចំនួន ៤២ លាននាក់។
ដោយឡែក លោក អានន់ វ៉ាន់វ៉ាសូ (Anon Vangvasu) ប្រធានក្រុមហ៊ុន ធានារ៉ាប់រងទូទៅថៃ (TGIA) រំពឹងថាចំនួនទំហំនៃការទូទាត់សំណងធានារ៉ាប់រងកូវីដសរុប នឹងកើនឡើងដល់២ពាន់លាន ជាង២ពាន់៣រយលានដុល្លារ នៅចុងខែមេសានេះ និងកើនលើសជាង៣ពាន់លានដុល្លារនៅចុងខែមិថុនា។
លោក អានន់ បន្ថែមថា វិបត្តិសាច់ប្រាក់ងាយស្រួល (liquidity Crisis) នាពេលបច្ចុប្បន្ន បានផ្ដល់នូវមេរៀនដ៏មានតម្លៃសម្រាប់ឧស្សាហកម្មធានារ៉ាប់រង ដើម្បីត្រៀមខ្លួនសម្រាប់ជំងឺឆ្លង និងជំងឺរាតត្បាតនានា។
យ៉ាងណាមិញ នៅក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៥២ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន១៦ ដែលបានផ្ដល់ចូនសេវាធានារ៉ាប់រងកូវីដ ជាមួយនឹងការទូទាត់ប្រាក់សំណងទៅឲ្យពលរដ្ឋជាច្រើនផងដែរ។
អ្នកជំនាញក្នុងឧស្សាហកម្មនេះ បញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រង កំពុងទទួលបាននូវការស្នើសុំទាមទារសំណងពីអ្នកទិញធានារ៉ាប់រងកូវីដ១៩កាន់តែច្រើនឡើង ប៉ុន្ដែ ក្រុមហ៊ុននឹងខំស្វែងរកដំណោះស្រាយ តាមរយៈការបង្កើនដើមទុន និងរកដៃគូសហការថ្មីៗ។
បញ្ហាខ្វះសាច់ប្រាក់ងាយស្រួល ដើម្បីប្រើប្រាស់ទូទាត់ថ្លៃសំណងធានារ៉ាប់រង នេះ គឺកើតឡើងបន្ទាប់ពីការសម្រេចរបស់និយ័តករថៃ ហាមឃាត់ក្រុមហ៊ុនធានារ៉ាប់រងពីការលុបចោលគោលការណ៍របស់ខ្លួនទាក់ទងនឹងសេវាធានារ៉ាប់រងកូវីដ។ ទោះយ៉ាងណា អ្នកជំនាញជឿជាក់ថា ការទូទាត់ប្រាក់សំណងដល់ទៅជាង៣ពាន់លានដុល្លារនៅត្រឹមខែមិថុនាខាងមុខនេះ នឹងអាចជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចថៃ៕