អាជ្ញាធរថៃបានឲ្យដឹងថា ពួកគេបានរកឃើញករណីវិជ្ជមានកូវីដ១៩បំប្លែងខ្លួនថ្មីពីតំបន់អាហ្វ្រិច ចំនួន៣ករណី ដែលបានឆ្លងចូលមកតាមរយៈព្រំដែនរវាងថៃ និងម៉ាឡេស៊ី។
ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃ លោក អូផាស់ កាន់កាវីនពុង (Opas Karnkawinpong) បានឲ្យដឹងថា មកដល់ពេលនេះការធ្វើដំណើរ និងការចល័តរបស់ប្រជាជននៅក្នុងខេត្តជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ីមួយនេះ ត្រូវបានរឹតត្បិតយ៉ាងតឹងរឹង។
លោក អូផាស់ បន្ថែមថា អាជ្ញាធរថៃនឹងបង្កើនកម្លាំងការត្រួតពិនិត្យ និងយាមកាមតាមព្រំដែន ព្រមទាំងរឹតបណ្តឹង លើការឆ្លងដែនរបស់ពលរដ្ឋករខុសច្បាប់ផងដែរ។
ដោយឡែក ក្រៅតែពីកូវីដ១៩បំប្លែងខ្លួនមកពីអាហ្វ្រិក ថៃក៏បានរកឃើញ កូវីដ១៩បំប្លែងថ្មីពីប្រទេសឥណ្ឌា ចំនួន៣៦ករណី ដែលត្រូវបានអាជ្ញាធររកឃើញក្នុងចំណោមកម្មករសំណង់ ដែលរស់នៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេ ភាគច្រើននៅជុំវិញក្រុងបាងកក។ មេរោគបំប្លែងថ្មីទាំង៣៦ករណី ដែលត្រូវបានរកឃើញនេះ ត្រូវបានក្រសួងសុខាភិបាលថៃអះអាងថា មាន ១៥ករណីរកឃើញលើកម្មករចំណាកស្រុក។
ការរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីពីឥណ្ឌាត្រូវបានអាជ្ញាធរថៃ ដាក់ការសន្និដ្ឋានថា បានឆ្លងចូលមកក្នុងប្រទេសថៃ តាមរយៈកម្មករចំណាកស្រុក ដោយហេតុថា ប្រទេសក្បែរខាង ថៃ និងជាពិសេសប្រទេសក្នុងតំបន់ សុទ្ធតែបានរកឃើញមេរោគប្រភេទថ្មីនេះដូចៗគ្នារួចហើយកាលពីពេលកន្លងមក។
ករណីឆ្លងរីករាលដាលខ្លាំង កំពុងត្រូវបានអាជ្ញាធរថៃរកឃើញ នៅតាមកន្លែងស្នាក់នៅរបស់កម្មករជាង ៤០០កន្លែង ភាគច្រើនមានទីតាំងនៅជុំវិញក្រុងបាងកក ដែលមានកម្មករស្នាក់នៅប្រមាណជាង ៦ម៉ឺននាក់ ហើយពាក់កណ្តាលនៃពួកគេជាកម្មករចំណាកស្រុកពីក្រៅប្រទេស។
សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃច័ន្ទទី២៤ ឧសភាម្សិលមិញ ប្រទេសថៃបន្តរកឃើញកូវីដ-១៩ជាង ២.៧០០ករណី ស្លាប់៣០នាក់បន្ថែមទៀត ដែលវាបាននាំឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅថៃកើនដល់ ១៣ម៉ឺននាក់ និងអ្នកស្លាប់សរុបមានជាង៨០០នាក់ហើយ៕