លោកប្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងបានមកដល់ដំណាក់កាលមួយ ដែលកូវីដ-១៩ នឹងបន្ដនៅជុំវិញពិភពលោក ហើយប្រទេសថៃក៏នឹងបន្ដមានខ្លះៗដែរ។ យើងមិនអាចរង់ចាំទាល់តែពលរដ្ឋចាក់វ៉ាក់សាំងបានគ្រប់ចំនួនដូស គ្រប់ៗគ្នា ឬក៏ទាល់តែពិភពលោកអស់កូវីដ-១៩ ទើបអាចបើកប្រទេសឡើងវិញបាននោះទេ។ យើងត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីរស់នៅជាមួយហានិភ័យ និងត្រូវព្យាយាមរក្សាឲ្យបាននូវកម្រិតនៃការគ្រប់គ្រងបាន ហើយឲ្យពលរដ្ឋអាចត្រឡប់ទៅរកស៊ីចិញ្ចឹមជីវិតបាន»។
បើទោះបីជាការចាក់វ៉ាក់សាំងនៅប្រទេសថៃ ហាក់មានភាពយឺតយ៉ាវបន្ដិចក្ដី តែលោកនាយករដ្ឋមន្ត្រីថៃ នៅតែសាទរចំពោះវឌ្ឍនភាពក្នុងការទិញបានវ៉ាក់សាំង ការផលិត និងចែកចាយវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋ ខណៈបច្ចុប្បន្នថៃ មានការចរចាជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំងចំនួន៦ រួមមាំង Sinovac, AstraZeneca, Sinopharm, Johnson & Johnson, Moderna និង Pfizer ដោយក្នុងកិច្ចសន្យា ការផ្គត់ផ្គង់វ៉ាក់សាំងមកឲ្យថៃ នឹងដល់ទៅជាង ១០៥លានដូស ដែលនឹងត្រូវដឹកបញ្ជូនមកដល់នៅត្រឹមចុងឆ្នាំ២០២១នេះ។
លោកប្រយុទ្ធ ក៏បានប្រកាសពីផែនការចាក់វ៉ាក់សាំងឲ្យបានដល់ ១០លាននាក់សម្រាប់ពលរដ្ឋខ្លួននៅក្នុងខែកក្កដាខាងមុខនេះ និងមានគោលដៅចាក់វ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់ម្នាក់១ដូស សម្រាប់ចំនួនមនុស្ស ៥០លាននាក់នៅត្រឹមខែតុលាខាងមុខ ហើយក៏មានផែនការនឹងបន្ដចាក់រហូតដល់ឆ្នាំក្រោយទៀតដែរ។
បើតាមការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃរូបនេះ ការបើកប្រទេសសម្រាប់រយៈពេល ១២០ថ្ងៃនេះ វិធានការរឹតត្បិតតឹងរឹង និងការធ្វើចត្តាឡីស័កនឹងត្រូវបានលើកលែង សម្រាប់អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច ហើយជនជាតិថៃ អាចនឹងធ្វើដំណើរនៅក្នុងស្រុកបានដោយសេរី និងអ្នកដែលនៅក្រៅប្រទេសអាចវិលមកស្រុកកំណើតវិញបានគ្រប់ពេល ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ៕