ទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជាឲ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០២២ មានតែបរិមាណ ៦៧ម៉ឺនតោន ប៉ុណ្ណោះ ថយចុះជិត ៣៥% បើធៀបនឹងឆ្នាំ២០២១ដែលធ្លាប់សម្រេចបានដល់ទៅជាង ១លានតោន។
បើក្រឡេកទៅមើលតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត នៅឆ្នាំ២០២១ មានតម្លៃ ១ ៣០០ដុល្លារ ទៅ ១ ៦០០ដុល្លារ ក្នុង១តោន ខណៈដែល នៅឆ្នាំ២០២២ គ្រាប់ស្វាយចន្ទីស្ងួត អាចលក់បានក្នុងតម្លៃចាប់ពី ១ ៣៥០ដុល្លារ ទៅ១ ៧០០ដុល្លារ ក្នុង១តោន។
បើតាមការកត់សម្គាល់របស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហាការប្រែប្រួលអាកាសធាតុខ្លាំង ការកើនឡើងនៃថ្លៃជី-ថ្នាំកសិកម្ម និងតម្លៃប្រេងឥន្ធនៈកើនខ្ពស់ បានធ្វើឲ្យកសិករខាតដើមទុនយ៉ាងច្រើន នៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី។ លោកបានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា មានចំនួន ៨០ម៉ឺនហិកតា ក៏ប៉ុន្តែ គិតមកដល់ពេលបច្ចុប្បន្ននេះ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា នៅសល់ចំនួន ៧០ម៉ឺនហិកតា ប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ជាពិសេសទាក់ទងនឹងតម្លៃដឹកជញ្ជូន ការឡើងថ្លៃនៃតម្លៃប្រេង និងបច្ចេកទេសរបស់កសិករ ក្នុងការបែងចែកប្រភេទគ្រាប់ស្វាយចន្ទី ជាដើម។ លើសពីនេះ បញ្ហាថយចុះនៃកម្លាំងពលកម្ម ក្នុងផលិតកម្មដំណាំស្វាយចន្ទី ក៏នៅតែជាក្ដីព្រួយបារម្ភ ក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ខណៈបច្ចុប្បន្ន មានកសិករមួយចំនួនបានបោះបង់ការដាំដុះស្វាយចន្ទី ជាបណ្ដើរៗ ព្រោះកត្តាកង្វះកម្លាំងពលកម្ម ការចំណាយលើថ្លៃដើមផលិតកាន់តែខ្ពស់ និងតម្លៃស្វាយចន្ទី គ្មានស្ថិរភាព ដែលបណ្ដាលមកពីឈ្មួញកណ្ដាល ជាដើម។
យ៉ាងណាក៏ដោយ តាមការរំពឹងទុករបស់សមាគមស្វាយចន្ទីកម្ពុជា ប្រសិនបើអាកាសធាតុអំណោយផល កម្ពុជានឹងអាចនាំចេញគ្រាប់ស្វាយចន្ទី ចន្លោះ ៨០ម៉ឺនតោន ទៅ១លានតោន នៅឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ចំនួន ៦៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិស ដែលគិតជាទឹកប្រាក់សរុបប្រមាណ ១ពាន់៧៧លានដុល្លារ។ ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាមវិញ មានចំនួន ៦៦ម៉ឺនតោន បានថយចុះ ៣៧% បើធៀបនឹងឆ្នាំ២០២១៕