ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះក្រោម១៥០យ៉េន ក្នុង១ដុល្លារនៅក្នុងទីផ្សារជួញដូរនៅអាស៊ី នាថ្ងៃពុធ សប្តាហ៍នេះ ហើយចុងក្រោយបានទិញចូលក្នុងតម្លៃជិត១៥០យ៉េន ក្នុងមួយដុល្លារ ដែលវាបានជួយឱ្យរូបិយប័ណ្ណជប៉ុន អាចដកដង្ហើមបានមួយរយៈ បន្ទាប់ពីតម្លៃប្រាក់យ៉េនបានធ្លាក់ដល់កម្រិតទាបក្នុងរយៈពេលបីខែជាប់ៗគ្នានៅក្នុងការជួញដូរប៉ុន្មានលើកចុងក្រោយ។
នៅក្នុងការជួញដូរលើកមុន ក្រុមពាណិជ្ជករបានចាត់ទុកតម្លៃ១៥០យ៉េន ក្នុងមួយដុល្លារអាម៉េរិកជាកម្រិតមួយដែលអាចបង្កឱ្យមានអន្តរាគមន៍រូបិយប័ណ្ណពីអាជ្ញាធរជប៉ុន ដូចជាករណីដែលធ្លាប់បានកើតឡើងនៅចុងឆ្នាំ២០២២។ តម្លៃប្រាក់ដុល្លារធ្លាក់ចុះកាន់តែទាបនេះបានកើតឡើងនៅក្រោយពេលមានការធ្លាក់ចុះនៃទិន្នផលរតនាគារសហរដ្ឋអាម៉េរិក។
ចំណែកប្រាក់ស្ទីលីង (sterling) របស់ចក្រភពអង់គ្លេសវិញបានកើនឡើង០.០២%ដោយឡើងដល់ជាង១.២៦ដុល្លារក្នុងមួយស្ទីលីង ដែលជាការកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលមួយសប្តាហ៍ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាម៉េរិក។
លោក បែលី ទេសាភិបាលធនាគារកណ្ដាលរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា លោកគ្មានបញ្ហាចំពោះវិនិយោគិន ដែលបានរំពឹងពីការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះទេ ប៉ុន្តែបានបង្ហាញសញ្ញាខ្លះៗថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសកំពុងកើនឡើង បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំ២០២៣ ដែលធ្វើឱ្យតម្លៃប្រាក់ស្ទីលីងធ្លាក់ដល់កម្រិតទាបបំផុតបើធៀបនឹងប្រាក់អឺរ៉ូក្នុងពេលប្រហែលមួយខែ៕
អត្ថបទ៖ សុខ ជា