ប្រភពព័ត៌មានដដែលនេះបានឲ្យដឹងទៀតថា ធនាគារស្វីសធំទាំងពីរ គឺធនាគារ UBS និងធនាគារ Credit Suisse មានបុគ្គលិកសរុបរហូតដល់ទៅ ជិត ១២ម៉ឺន៥ពាន់នាក់ នៅទូទាំងពិភពលោក ហើយក្នុងនោះនៅអាស៊ី គឺមានរហូតដល់ទៅ ២ម៉ឺន៣ពាន់នាក់ ។
នៅមុនពេលធនាគារ Credit Suisse មានបញ្ហា ធនាគារនេះ មានគម្រោងកាត់បន្ថយបុគ្គលិក ប្រហែល ៩ពាន់នាក់រួចហើយនៅរយៈពេល ៣ ឆ្នាំ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញ ប៉ុន្តែស្ថានភាពវានឹងកាន់តែធ្ងន់ធ្ងរនៅពេលដែលធនាគារនេះ បានយល់ព្រមទទួលកញ្ចប់មូលនិធិតម្លៃ ៣ពាន់២រយលានដុល្លាររបស់ធនាគារ UBS ដែលជាដៃលើគូប្រជែងធំមួយរបស់ខ្លួន ដើម្បីសម្រាលបញ្ហាលំហូរសាច់ប្រាក់ និងកសាងទំនុកចិត្តឡើងវិញក្រោយធ្លាក់នៅក្នុងស្ថានភាពមិនច្បាស់លាស់ នៃការដួលរលំធនាគារនៅអាមេរិក ។
ជុំវិញបញ្ហានេះ លោក Colm Kelleher ប្រធានធនាគារ UBS បានប្រាប់សារព័ត៌មានបរទេសថា វាលឿនពេកក្នុងការនិយាយអំពីរឿង ទាក់ទងនឹងទំហំនៃការកាត់បន្ថយបុគ្គលិកនាពេលនេះ ប៉ុន្តែ UBS ពិតជាគ្រោងធ្វើការកាត់បន្ថយមែន ។
លោកបានអះអាងថា ដើម្បីធានានិរន្តរភាពរបស់ធនាគារ គម្រោងចំណាយនៅលើសេវាកម្ម បណ្តាក់ទុនរបស់ ធនាគារ UBS គឺមិនឲ្យលើសពី ២៥% នៃទ្រព្យសកម្មរបស់ធនាគារបានឡើយនៅពេលអនាគត ។
លោកបានបញ្ជាក់ថា ធនាគារ UBS នឹងធ្វើការពិចារណាលើបញ្ហាកាត់រំសាយបុគ្គលិកនៅពេលក្រោយ ប៉ុន្តែនឹងធ្វើដោយសមហេតុសមផល៕
អត្ថបទ ៖ សរ សុជាតិ