The Grand Tour គឺជាកម្មវិធីទូរទស្សន៍ ដែលផលិតនិងសម្ដែងដោយពិធីករជនជាតិអង់គ្លេសល្បីៗ ៣រូប គឺលោក Jeremy Clarkson, Richard Hammond និង James May។ ហើយកម្មវិធីនេះ ចាក់ផ្សាយផ្ដាច់មុខដោយទូរទស្សន៍អ៊ីនធឺណិត Amazon Prime Video របស់ក្រុមហ៊ុន Amazon ដែលមានន័យថា អ្នកទស្សនាត្រូវតែបង់លុយទើបអាចទស្សនាកម្មវិធីទូរទស្សន៍នេះបាន។
កម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញនៅអង់គ្លេស និងនៅជុំវិញពិភពលោក The Grand Tour គឺជាលំនាំភាពយន្តឯកសារជាភាគៗ ដែលបង្ហាញពីការធ្វើដំណើរដោយរថយន្តប្លែកៗរបស់ពិធីករ ទៅកាន់ទីតាំងប្លែកៗដែលមានទេសភាពស្អាតៗ នៅជុំវិញពិភពលោក។
សូមទស្សនាវីដេអូខ្លី នៃ កម្មវិធី The Grand Tour រដូវកាលទី៣
កម្មវិធីទូរទស្សន៍ The Grand Tour មានមនុស្សទស្សនាជាង ២០០លាននាក់នៅទូទាំងពិភពលោក ហើយកន្លងមក កម្មវិធីនេះផលិតបាន ៣រដូវកាលហើយ ហើយរដូវកាលទី៤ កម្មវិធី The Grand Tour នឹងថតនៅក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយយកប្រទេសកម្ពុជាជាចំណុចចាប់ផ្ដើមនៃការធ្វើដំណើរនៅក្នុងតំបន់នេះ។
បើតាមជនជាតិខ្មែរមួយរូបដែលជួយសម្របសម្រួលដល់ការងារផលិតរបស់ក្រុម The Grand Tour ការថតនៅកម្ពុជា ក្រុមផលិតករនិងអ្នកថតដ៏ពូកែៗនៃកម្មវិធីនេះ នឹងផ្ដិតយករូបភាពស្អាតៗនៅតំបន់ប្រាសាទបុរាណរបស់កម្ពុជា នៅលើទឹកដីអង្គរ ខេត្តសៀមរាប បន្ទាប់មក ក្រុមការងារនឹងផ្ដិតយករូបភាពបឹងទន្លេសាប រហូតមកដល់ទន្លេបួនមុខ (ចតុមុខ) នៅរាជធានីភ្នំពេញ និងបន្តចូលទៅទន្លេមេគង្គក្រោម រហូតដល់វៀតណាម។
បើតាមការចុះផ្សាយរបស់សារព័ត៌មាននៅអង់គ្លេស កម្មវិធី The Grand Tour រដូវកាលទី៤នេះ នឹងថតនៅកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។ ហើយការផលិតនិងថតនៅកម្ពុជា នឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការអនុញ្ញាតនិងការគាំទ្រពីក្រសួងពាក់ព័ន្ធរបស់កម្ពុជា។
បើតាមសារព័ត៌មានអង់គ្លេស The Grand Tour រដូវកាលទី៤ អាចនឹងត្រូវចាក់ផ្សាយ នៅដើមឆ្នាំ២០២០ នៅលើបណ្ដាញទូរទស្សន៍អ៊ីនធឺណិតរបស់ក្រុមហ៊ុន Amazon (Prime Video) ដែលមានអ្នកទស្សនានៅសហរដ្ឋអាមេរិក ប្រមាណជាង ៩០លាននាក់ និងនៅជុំវិញពិភពលោក ជាង ១២០លាននាក់ផ្សេងទៀត។
ការដាក់បញ្ចូលកម្ពុជានៅក្នុងកម្មវិធីទូរទស្សន៍ The Grand Tour ដ៏ល្បីល្បាញនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដែលសម្បូរទៅដោយទីកន្លែងទេសចរណ៍វប្បធម៌និងធម្មជាតិដ៏ទាក់ទាញ ទៅកាន់ពិភពលោក ហើយគេសង្ឃឹមថា វានឹងអាចរួមចំណែកជួយផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ផងដែរ ៕