នៅក្នុងឆ្នាំនេះ អ្វីដែល ខេមបូណូមីស បានកត់សម្គាល់ និងធ្វើការស្រាវជ្រាវជាក់ស្តែង តាមរយៈសកម្មភាពពាណិជ្ជកម្មនិងការចាប់ដៃគូវិនិយោគជាមួយវិនិយោគិនបរទេស និងពាណិជ្ជករនៅក្នុងស្រុក និងបានរកឃើញថា មានឧកញ៉ាល្បីល្បាញមួយរូប ដែលមានឈ្មោះថា សៀ ឫទ្ធី ហាក់បីដូចជាលេចធ្លោជាងគេ ក្នុងចំណោមអ្នកជំនួញធំៗជាច្រើនទៀត។
គ្រាន់តែក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០១៧នេះ គិតទៅមិនដល់មួយឆ្នាំផង លោកឧកញ៉ា សៀ ឫទ្ធី បានបង្កើតគម្រោងវិនិយោគថ្មីៗ និងចាប់ដៃគូវិនិយោគ ជាមួយនឹងវិនិយោគិនក្នុងស្រុកនិងបរទេស មិនតិចជាង១០ ឡើយ។
បើក្រឡេកមកមើលរយៈពេល៥ឆ្នាំចុងក្រោយនេះ មានមជ្ឈដ្ឋានជាតិនិងអន្តរជាតិជាច្រើនបានសម្លឹងនិងចាប់អាម្មរណ៍យ៉ាងខ្លាំងទៅលើសកម្មភាពដំណើរការពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគដ៏លេចធ្លោរបស់លោកឧកញ៉ា សៀ ឫទ្ធី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group និងជាពាណិជ្ជករខ្មែរដ៏លេចធ្លោមួយរូបក្នុងចំណោមមហាសេដ្ឋីល្បីៗជាច្រើននៅកម្ពុជា។
នៅពេលបច្ចុប្បន្ននេះ លោកឧកញ៉ា សៀ ឫទ្ធី គឺជាម្ចាស់ក្រុមហ៊ុននិងដឹកនាំក្រុមហ៊ុនល្បីៗ ប្រមាណជាង ៣០ក្រុមហ៊ុន ដែលភាគច្រើនសុទ្ធតែក្រុមហ៊ុនមានលក្ខណៈស្តង់ដារអន្តរជាតិនិងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់។
ជាង ៣០ក្រុមហ៊ុនខាងលើនេះ នៅមិនទាន់បានរាប់បញ្ចូលក្រុមហ៊ុនថ្មីៗដែលលោកទើបតែបានបង្កើតនិងសហការជាមួយនឹងក្រុមហ៊ុនបរទេស និងក្នុងស្រុកមួយចំនួន នៅក្នុងឆ្នាំ២០១៧នេះនៅឡើយទេ។
ប្រការដែលចេះតែធ្វើឲ្យលោកឧកញ៉ា សៀ ឫទ្ធី ជោគជ័យបើកក្រុមហ៊ុនមួយហើយមួយទៀត មិនចេះដាច់នោះ គឺលោកតែងតែមានផែនការច្បាស់លាស់មួយដើម្បីអភិវឌ្ឍក្រុមហ៊ុន។ ផែនការរបស់លោកគឺជាផែនការវិនិយោគបែបសហប្រតិបត្តិការគ្នារវាងដៃគូក្នុងស្រុកនិងក្រៅស្រុក ដើម្បីឲ្យមានស្តង់ដារអន្តរជាតិ។
ពិសេសជាងនេះទៅទៀតនោះ ការរកស៊ីសំខាន់គឺធ្វើយ៉ាងណារក្សាកេរ្តិ៍ឈ្មោះឲ្យបានល្អ។ ឧកញ៉ា សៀ ឫទ្ធី ថា ការរកស៊ី នរណាក៏ចង់បានចំណេញដែរ ប៉ុន្តែ យើងត្រូវចំណេញឲ្យមានកេរ្តិ៍ឈ្មោះក្នុងសង្គម មានតម្លាភាព បានន័យថា យើងមានភាពស្មោះត្រង់ជាមួយដៃគូអាជីវកម្មរបស់យើង។
បន្ទាប់ពីការងារជំនួញដ៏មមាញឹក លោកឧកញ៉ា សៀ ឫទ្ធី បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិផងដែរ។ ហើយលោកឧកញ៉ាតែងតែចំណាយពេលវេលា ផ្តល់នូវគន្លឹះអាជីវកម្ម ពាណិជ្ជកម្មសំខាន់ៗ ដល់សហគ្រិន អាជីវករ ជំនាន់ក្រោយៗ តាមរយៈការចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា វេទិកាពាណិជ្ជកម្មសាធារណៈ និងបាឋកថា ជាដើម។
ហើយអ្វីដែលលោកឧកញ៉ា សៀ ឫទ្ធី បានផ្តល់ជាអនុសាសន៍គំនិតអាជីវកម្មផ្សេងៗ នៅក្នុងការប្រកបមុខជំនួញផ្សេងៗ គ្រាន់តែជាគំនិតយោបល់និងបទពិសោធន៍ផ្ទាល់ខ្លួន ដែលជាលក្ខណៈបុគ្គល យល់ឃើញជាក់ស្តែងតែប៉ុណ្ណោះ ដោយមិនមានចេតនាណាមួយ បន្តុះបង្អាប់ ធ្វើឲ្យខាតបង់ប្រយោជន៍សាធារណជននោះឡើយ។
ងាកមកមើលគម្រោងថ្មីៗ ធំៗ របស់លោកឧកញ៉ា សៀ ឫទ្ធី ក្នុងឆ្នាំ២០១៧នេះវិញម្ដង តើមានអ្វីខ្លះ?
នៅក្នុងឆ្នាំ២០១៧នេះ លោកឧកញ៉ា សៀ ឫទ្ធី កំពុងតែដំណើរការយ៉ាងសកម្មនូវគម្រោងវិនិយោគមួយចំនួន មានដូចជា៖
- គម្រោងអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានសាធារណៈលើកដំបូងនៅកម្ពុជា ដែលមានតម្លៃសមរម្យ។ ហើយគម្រោងនេះដែរ គ្រោងនឹងចាប់ផ្តើមចុះកិច្ចសន្យាទិញ-លក់ ជាមួយប្រជាពលរដ្ឋ ដែលជាមន្រ្តីរាជការ ទាហាន គ្រូបង្រៀន មន្រ្តីចូលនិវត្តន៍ ដែលបានចុះឈ្មោះរួចហើយ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
- បើកសម្ពោធដំណើរការអាជីវកម្មជាផ្លូវការ នូវតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា ឃើរី វើលប្រ៊ីដ (Kerry Worldbridge)។
- ចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន BAVARIA មកពីប្រទេសអាល្លឺម៉ង់ លើផ្នែកបច្ចេកវិទ្យាទំនើបផុតលេខ។
- ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈចាប់ដៃគូជាមួយក្រុមហ៊ុន កាំម៉ាស់ មកពីប្រទេសរុស្សី ដើម្បីនាំចូលឡានកាំម៉ាស់ និងដំឡើងឡានកាំម៉ាស់នៅប្រទេសកម្ពុជា។
- ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈចាប់ដៃគូជាមួយក្រុមហ៊ុនសាងសង់ដ៏ធំ មកពីប្រទេសចិន ដែលមានឈ្មោះថា Sino Great Wall Engineering។
- ចុះហត្ថលេខាលើអនុស្សរណៈលើផ្នែកច្បាប់និងពាណិជ្ជកម្មជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ សុក ស៊ីផាន់ណា និងក្រុមហ៊ុន លី ហួរ គ្រុប (លើគម្រោងលំនៅដ្ឋាន)។
- ចុះហត្ថលេខាលើអនុស្សរណៈ ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកធំមួយ ដែលមានឈ្មោះថា KFA (លើគម្រោងលំនៅដ្ឋាន)។
- វិនិយោគរួមគ្នាជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី លើគម្រោងលំនៅដ្ឋានប្រណីត ដែលមានឈ្មោះថា ឌឹ ផាម ដែលមានតម្លៃជាង ១០០លានដុល្លារអាមេរិក។
- វិនិយោគរួមគ្នាជាមួយវិនិយោគិន ហុងកុង Star World សាងសង់អគារពាណិជ្ជកម្មដ៏ធំមួយ ដែលមានឈ្មោះថា Kowloon Bay ដែលមានកម្ពស់ ៥៩ជាន់។
- វិនិយោគរួមគ្នាជាមួយវិនិយោគិនមកពីសិង្ហបុរី លើគម្រោងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានរួម The Peak កម្ពស់ ៥៥ជាន់។
នៅមានច្រើនទៀត ប៉ុន្តែ សារព័ត៌មាន ខេមបូណូមីស សូមលើកយកតែគម្រោងថ្មីៗ ធំៗ និងកិច្ចសហការវិនិយោគជាមួយក្រុមហ៊ុនអន្តរជាតិនិងក្នុងស្រុកចំនួនតែ១០ របស់លោកឧកញ៉ា សៀ ឫទ្ធី ដែលបានកើតឡើងនិងកំពុងមានសកម្មភាពវិនិយោគ នៅក្នុងរយៈពេល ៨ខែដើមដំបូងនៃឆ្នាំ២០១៧នេះតែប៉ុណ្ណោះ។
ក្រុមការងារយើងនឹងបន្តបេសកកម្មនេះ ស្វែងរកនិងស្រាវជ្រាវអ្នកជំនួញល្បីៗដទៃទៀត ដែលមានសកម្មភាពសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា!