សេដ្ឋកិច្ចនៅប្រទេសអង់គ្លេស

ក្រោយអស់លទ្ធភាពឧបត្ថម្ភធនបន្ដទៀត អង់គ្លេសសម្រេចកាត់បន្ថយ៨៥%នៃប្រាក់ជំនួយផ្នែកថាមពលសម្រាប់អាជីវកម្ម


ក្រោយពីអស្ថិរភាពផ្នែកនយោបាយនិងសេដ្ឋកិច្ច ពិសេសនៅក្រោមការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេលខ្លីរបស់លោកស្រី Lizz Truss មក ស្ថានភាពសេដ្ឋកិច្ចនៅប្រទេសអង់គ្លេសហាក់ស្ថិតក្នុងសភាពមិននឹងនរប៉ុន្មានទេ និងទោះជានាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងបានមួយរយៈហើយក៏ដោយ។ ការនេះជាហេតុមិនអំណោយផលដល់ការវិនិយោគពីបរទេសទាល់តែសោះ។
រដ្ឋាភិបាលអង់គ្លេសសម្រេចផ្ដាច់ជំនួយផ្គត់ផ្គង់ថាមពលចំនួន ៨៥% ពីម្ចាស់អាជីវកម្ម!

ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលអង់គ្លេសបានស្វះស្វែងធ្វើយ៉ាងណាដើម្បីស្រោចស្រង់ សេដ្ឋកិច្ចខ្លួនឡើងវិញ ទើបរដ្ឋាភិបាលទីក្រុងឡុងដ៏សម្រេចប្រកាសលុបចោលជំនួយថាមពលសម្រាប់អាជីវកម្មប្រហែល៨៥% ដោយលើកហេតុផលថាខ្លួនមិនមានសមត្ថភាពបន្តផ្គត់ផ្គង់ដូចមុនទៀតឡើយ។ ស្របពេលនេះដែរ ម្ចាស់អាជីវកម្មភាគច្រើនបានសម្ដែងការមិនពេញចិត្តនឹងគម្រោងផែនការថ្មីឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន REUTERS។

កាលពីថ្ងៃចន្ទទី៩មករា ចក្រភពអង់គ្លេសបានប្រកាសពីផែនការកាត់បន្ថយការឧបត្ថម្ភធន់ ផ្នែកថាមពលសម្រាប់អាជីវកម្មនៅឆ្នាំសារពើពន្ធខាងមុខ ចំនួនប្រហែល៨៥% ដែលធ្វើឱ្យការឧបត្ថម្ភធន់នៅសល់ត្រឹមតែជិត ៧ពាន់លានដុល្លារប៉ុណ្ណោះ ដោយសារតែរដ្ឋាភិបាលមិនអាចទ្រទ្រង់ការគាំទ្រដូចពីមុនទៀតបាន។

បើតាមការព្យាករណ៍របស់អង្គការឃ្លាំមើល ថវិការបស់រដ្ឋាភិបាលអង់គ្លេសកាលពីខែវិច្ឆិកាឆ្នាំ ២០២២ បានបង្ហាញថា គម្រោងជំនួយថាមពលរយៈពេលប្រាំមួយខែដែលនឹងត្រូវផុតកំណត់នៅចុងខែមីនានេះ គឺត្រូវបានប៉ាន់ប្រមាណថាចំណាយអស់ជាង ២២ពាន់លានដុល្លារ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក ចេរ៉េមី ហាន់(Jeremy Hunt) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកផ្ដល់អាទិភាពខ្លាំងទៅលើការដោះស្រាយបញ្ហានៃការកើនឡើងនៃចំណាយនៃការរស់នៅ ព្រោះវាជាបញ្ហាដែលប្រជាពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មកំពុងជួបប្រទះដូចគ្នា។ លោកបន្ដទៀតថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ព្រោះប្រទេសអង់គ្លេសកំពុងព្យាយាមកាត់បន្ថយអតិផរណាផង និងកំពុងព្យាយាមផ្ដល់ជំនួយដល់គ្រួសារ និងម្ចាស់អាជីវកម្មផង។

គួរបញ្ជាក់ថា បន្ទាប់ពីមានភាពចលាចលខាងនយោបាយ និងសេដ្ឋកិច្ចក្រោមការកាន់ដំណែងរយះពេល ២ខែរបស់អតីតនាយករដ្ឋមន្ត្រីអ្នកស្រី Liz Truss មកក្រសួងហិរញ្ញវត្ថុបាននឹងកំពុងសម្លឹងមើលមធ្យោបាយដើម្បីរៀបចំកញ្ចប់ជំនួយថាមពលឡើងវិញ ដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុជារួមនៅក្នុងប្រទេស។

ជាក់ស្តែង រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា នៅចន្លោះខែមេសាឆ្នាំ២០២៣ ដល់ខែមីនាឆ្នាំ ២០២៤ ម្ចាស់អាជីវកម្មភាគច្រើននឹងទទួលបានការបញ្ចុះតម្លៃចំនួនជិត ៧ផោន ឬស្មើនឹងជិត៩ដុល្លារអាមេរិក ក្នុងមួយមេហ្គាវ៉ាត់ម៉ោងសម្រាប់ការប្រើប្រាស់ថាមពឡឧស្ម័ន ហើយសម្រាប់ការប្រើប្រាស់អគ្គិសនីនឹងមានការបញ្ចុះតម្លៃដល់ជិត២០ផោន ឬស្មើនឹងជាង២៤ដុល្លារក្នុងមួយមេហ្គាវ៉ាត់ម៉ោង។

លើសពីនេះទៅទៀត រដ្ឋាភិបាលអង់គ្លេសបានកំណត់ពន្ធអាជីវកម្មអតិបរមាត្រឹមជាង៩០ដុល្លារអាមេរិក ក្នុងមួយមេហ្គាវ៉ាត់ម៉ោងសម្រាប់ឧស្ម័ន និងជាង ២៥០ដុល្លារក្នុងមួយមេហ្គាវ៉ាត់ម៉ោងសម្រាប់ថាមពលអគ្គិសនី ហើយនឹងផ្តល់សំណងដល់អ្នកផ្គត់ផ្គង់ ថាមពលវិញក្នុងករណីដែលអត្រាផ្គត់ផ្គង់ជាដុំមានចំនួនច្រើន។ សម្រាប់គម្រោងផ្គត់ផ្គង់ថ្មីនេះដែរ ម្ចាស់អាជីវកម្មនឹងត្រូវបង់ថ្លៃបន្ថែមដោយខ្លួនឯងប្រសិនបើតម្លៃថាមពលកើនឡើង។ ហើយនៅក្នុងគម្រោងថ្មីនេះ រដ្ឋាភិបាលមានកញ្ចប់គាំទ្រពិសេសសម្រាប់អាជីវកម្មដែលពឹងផ្អែក លើថាមពលច្រើនដូចជារោងចក្រផលិតជាដើម៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


Coca-Cola និង Pepsi រងការស៊ើបអង្កេតពីអាជ្ញាធរអាមេរិក ក្រោយសង្ស័យថា កំណត់តម្លៃលក់មិនស្មើភាព

ក្រុមហ៊ុនភេសជ្ជៈលំដាប់យក្សចំនួនពីរនៅសហរដ្ឋអាមេរិកគឺ Coca-Cola និង Pepsi កំពុងស្ថិតក្រោមការស៊ើបអង្កេតបឋមដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធរ…

វៀតណាម នៅតែនាំមុខគេក្នុងតំបន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០២២

វៀតណាម នៅតែជាគោលដៅទាក់ទាញដ៏ធំមួយសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២២កន្លងទៅ ដោយមានកំណើនប្រមាណ១៣%។ ក្នុងនោះ វិស័យផលិត និងកែច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ