ការដណ្តើមបានទីក្រុងមួយថ្មីនេះ និងការទទួលជោគជ័យជាបន្តបន្ទាប់ដោយកងទ័ពអ៊ុយក្រែនលើមហាអំណាចយោធាទីពីរលើលោកគឺរុស្សីនេះ បានកើតឡើងមួយថ្ងៃក្រោយលោក ពូទីន ប្រកាសដាក់បញ្ចូលដែនដីចំនួនបួនរបស់អ៊ុយក្រែនជាទឹកដីសហព័ន្ធរុស្សីជាផ្លូវការ ស្របពេលលោកខាងលិច និងសហគមន៍អន្តរជាតិបានធ្វើការថ្កោលទោស និងមិនព្រមទទួលស្គាល់យ៉ាងដាច់ខាត។
អ៊ុយក្រែននិយាយថា ការដណ្តើមបានក្រុង Lyman អាចជាការបើកផ្លូវឲ្យកងទ័ពខ្លួនឈានចូលដល់តំបន់ Luhansk ទាំងមូល ដែលតំបន់នេះក៏ជាដែនដីដែលទីក្រុងម៉ូស្គូទើបតែដាក់បញ្ចូលថ្មីនោះឯង។ គួរជម្រាបថា យោធារុស្ស៊ីបានប្រើប្រាស់ក្រុង Lyman នេះ ជាមជ្ឈមណ្ឌលដឹកជញ្ជូនយោធាដ៏សំខាន់ សម្រាប់ប្រតិបត្តិការនៅភាគខាងជើងនៃតំបន់ Donetsk ហើយការវាយយកមកវិញនេះ គឺជាការទទួលបានជ័យជំនះយ៉ាងធំធេងរបស់អ៊ុយក្រែនក្នុងសមរភូមិជាងប្រាំពីរខែមកនេះ។
ក្រសួងការពារជាតិរុស្ស៊ីឯណោះវិញ កាលពីថ្ងៃទី ០១ ខែតុលាក៏បានប្រកាសដកទ័ពចេញពីទីក្រុង Lyman នេះ ដែលវាជាមូលដ្ឋានរឹងមាំ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ី ក្រោយពីការឡោមព័ទ្ធយ៉ាងខ្លាំងពីកងកម្លាំងអ៊ុយក្រែន។
ទន្ទឹមនឹងគ្នានេះ លោក Zelenskiy បានសន្យាថា អ៊ុយក្រែននឹងទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងតំបន់ Donbas ដែលមានខេត្ត Donetsk និង Luhansk ដែលភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ទោះជាយ៉ាងណា ជោគជ័យជាបន្តបន្ទាប់របស់ទីក្រុងកៀវនេះ បានធ្វើឲ្យមេដឹកនាំនៃតំបន់ ឆេកឈ្នា (Chechnya) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី លោក Ramzan Kadyrov ដែលជាមនុស្សស្និទ្ធនឹងលោកពូទីនដែរនោះ មានការខឹងសម្បារ ដោយ «ជំរុញឲ្យទីក្រុងម៉ូស្គូចាត់វិធានការណ៍ខ្លាំងជាងនេះបន្ថែមទៀត គឺត្រូវប្រកាសចេញច្បាប់អាជ្ញាសឹកនៅតាមព្រំដែន និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរទំហំតូចនៅទីបំផុត»។
គេនៅចាំថា មន្ត្រីដែលស្និទ្ធនឹងលោក ពូទីន ផ្សេងទៀត រួមទាំងអតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev ក៏បានឲ្យយោបល់ទៅបុរសខ្លាំង ពូទីន ចាប់យកអាវុធនុយក្លេអ៊ែរដែរ ប៉ុន្តែគ្រាន់តែការជំរុញរបស់លោក Kadyrov មានលក្ខណៈបន្ទាន់ និងច្បាស់លាស់ជាងប៉ុណ្ណោះ។
យ៉ាងណាមិញ ប្រធានាធិបតីរុស្សី លោក ពូទីន ខ្លួនឯងកាលពីសប្តាហ៍មុនក៏បាននិយាយដែរថា ម៉ូស្គូបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារ «បូរណភាពទឹកដី» របស់ខ្លួន ហើយនឹងប្រើគ្រប់មធ្យោបាយដើម្បីធ្វើវា ទោះបីការប្រើអាវុធនុយក្លេអ៊ែរក្តី ហើយនេះ «មិនមែនជាការនិយាយលេងសើចទេ»។
មែនទែនទៅ ការកាត់បញ្ចូលដែនដីដោយការធ្វើប្រជាមតិនៃតំបន់ចំនួនបួនគឺ តំបន់ Donetsk និង Luhansk ព្រមទាំងតំបន់ភាគខាងត្បូងតំបន់ Kherson និង Zaporizhzhia ទៅជាទឹកដីរបស់រុស្ស៊ីកាលពីសប្ដាហ៍មុន មានទំហំប្រមាណ ១៨% នៃទឹកដីអ៊ុយក្រែនទាំងមូលនោះ បានធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច ពិសេសសហរដ្ឋអាមេរិកចាត់ទុកជាអំពើខុសច្បាប់ ហើយទីក្រុង Kyiv បានប្តេជ្ញាថា នឹងបន្តវាយរំដោះទឹកដីរបស់ខ្លួន ក្រោយពីការគ្រប់គ្រងរបស់យោធារុស្សី ដោយនឹងមិនធ្វើការចរចាសន្តិភាព ជាមួយក្រុងម៉ូស្គូឡើយ បើសិនលោក ពូទីន នៅតែកាន់អំណាចនោះ៕