តំណាងប្រទេសលោកខាងលិចទាំងអស់ប្រចាំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមាន អាមេរិក បារាំង និងអង់គ្លេស បានបញ្ចេញប្រតិកម្មថ្កោលទោសកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពី បានបាញ់សាកល្បងមីស៊ីល ២គ្រាប់ធ្លាក់ចូលដែនទឹកប្រទេសជប៉ុន។
យ៉ាងណាមិញ ប្រទេសលោកខាងលិច មិនបានបញ្ជាក់ពីការបន្ថែមទណ្ឌកម្មថ្មី មកលើរបបក្រុងព្យុងយ៉ាងនោះទេ ប៉ុន្តែពួកគេបានអំពាវនាវឱ្យអនុវត្តទណ្ឌកម្មអន្តរជាតិដែលមានស្រាប់ ឱ្យមានប្រសិទ្ធភាពជាងមុន។
គួរកត់សម្គាល់ថា ប្រទេសចិន និង រុស្សីក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរនោះ មិនបានប្រតិកម្មអ្វីបន្តិចសោះឡើយ ជុំវិញសំណុំរឿងសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងសប្តាហ៍នេះ។
យ៉ាងណាមិញ ការថ្កោលទោសរបស់ប្រទេសខលោកខាងលិច មិនបានរៀបចំឡើងជាសេចក្តីថ្លែងការណ៍រួមនោះទេ ដោយតំណាងប្រទេសនីមួយៗគ្រាន់តែបានប្រតិកម្មរៀងៗខ្លួនក្នុងអង្គប្រជុំ និង ពេលនិយាយជាមួយអ្នកសារព័ត៌មានប៉ុណ្ណោះ។
គួរកត់សម្គាល់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ដែលអង្គការសហប្រជាជាតិ បានហាមឃាត់ និងដាក់ទណ្ឌកម្មរហូតមក។ នៅថ្ងៃអង្គារសប្តាហ៍នេះក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួនម្តងទៀត ដែលសកម្មភាពនេះ ត្រូវបានក្រុមអ្នកវិភាគអះអាងថា ជាផែនការអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិការយោធារបស់កូរ៉េខាងជើង តាមរយៈការប្រើប្រាស់មីស៊ីលចេញពីនាវាមុជទឹក។
ដំណឹងស្តីពីការបាញ់មីស៊ីលចេញពីនាវាមុជទឹក របស់កូរ៉េខាងជើង បានធ្វើឲ្យគេព្រួយបារម្ភខ្លាំងពីការប្រកួតប្រជែងផ្នែកសព្វាវុធ នៅឧបទ្វីបកូរ៉េ។ កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងក៏ទើបសម្រេចបាញ់សាកល្បងដោយជោគជ័យមីស៊ីលចេញពីនាវាមុជទឹក ជាលើកដំបូងរបស់ខ្លួនដែរ ខណៈចិនដែលនៅក្បែរខាងកូរ៉េខាងជើងឯណោះវិញ ទើបត្រូវបានគេរាយការណ៍ថា បានសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងដល់ទៅ ៦ដងឯណោះ។
សូមជម្រាបថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នឹងជួបពិភាក្សាគ្នាបន្តទៀតជុំវិញសំណុំរឿងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា រុស្ស៊ី និង ចិន ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង រមែងរារាំងការចេញសេចក្តីថ្លែងការណ៍រួមនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕