ការងើបឡើងវិញនៃសេដ្ឋកិច្ចយក្សចិននេះ ក៏នឹងជួយរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងមានទីផ្សាររីកចម្រើនដទៃទៀតនៅអាស៊ី ផងដែរ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ក្រុមអ្នកវិភាគរបស់ធនាគារវិនិយោគ Morgan Stanley ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក បាននិយាយនៅក្នុងរបាយការណ៍ជាបន្តបន្ទាប់ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ខែវិច្ឆិកាថា ហានិភ័យនឹងថយចុះ ដោយពួកគេបានព្យាករថា សេដ្ឋកិច្ចសកលនឹងកើនឡើង ២,២% នៅឆ្នាំក្រោយនេះ ប៉ុន្ដែនៅទាបជាងកម្រិតនៃការប៉ាន់ប្រមាណចុងក្រោយថានឹងមានកំណើន ២,៧% របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។
នៅឆ្នាំក្រោយនេះ ក្រុមអ្នកវិភាគរបស់ Morgan Stanley ព្យាករនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ថាតើ «នឹងមាន ឬក៏ជិតនឹងមានការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច»ខណៈដែលប្រទេសដែលសេដ្ឋកិច្ចកំពុងរីកចម្រើន នឹងមានការងើបឡើងវិញតិចតួច» ប៉ុន្តែបាននិយាយថា ការកើនឡើងជាសកលទំនងជានឹងនៅតែពិបាកយល់ច្បាស់នៅឡើយ។
សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវគេព្យាករថា នឹងកើនឡើង ៥% នៅឆ្នាំ២០២៣ ពោលគឺលើសពីកំណើនជាមធ្យម ៣,៧% ដែលគេបានរំពឹងទុកសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ខណៈដែលកំណើនជាមធ្យមនៅក្នុងក្រុមប្រទេសរីកចម្រើនទាំង ១០ ត្រូវបានគេព្យាករថា មានត្រឹមតែ ០,៣% ប៉ុណ្ណោះ។
ធនាគារកណ្តាលនៅទូទាំងពិភពលោកបានដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ក្នុងគោលបំណងទប់ស្កាត់អតិផរណាដែលកំពុងតែកើនឡើង ហើយនៅសហរដ្ឋអាមេរិក ស្ថាប័ន Morgan Stanley បានព្យាករថា ធនាគារកណ្តាលនឹងរក្សាអត្រាខ្ពស់នៅឆ្នាំ២០២៣ ដោយសារអតិផរណានៅតែមានកំសួលខ្លាំងនៅឡើយ បន្ទាប់ពីឡើងដល់កំពូលក្នុងត្រីមាសទី៤ នៃឆ្នាំនេះ។
របាយការណ៍នេះបាននិយាយថា សេដ្ឋកិច្ចអាមេរិកគ្រាន់តែបង្ហាញពីការថយចុះនៃលទ្ធភាពនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់ផ្ដល់អារម្មណ៍មួយកក់ក្ដៅនៅឡើយទេថាអាមេរិកអាចនឹងឆ្លងផុតវិបត្តិនេះ ដោយសារកំណើនការងារថយចុះគួរឱ្យកត់សម្គាល់ ហើយអត្រាអ្នកអត់ការងារធ្វើនៅតែបន្តកើនឡើង។
របាយការណ៍នេះបានបន្ថែមថា លទ្ធផលនៃការរឹតបន្តឹងគោលនយោបាយផ្ទួនៗគ្នានៅឆ្នាំ២០២៣នឹងបន្តទៅដល់ក្នុងឆ្នាំ២០២៤ ធ្វើឱ្យកំណើនសេដ្ឋកិច្ចអាមេរិករយៈពេល២ឆ្នាំនេះ ចុះខ្សោយយ៉ាងខ្លាំង៕
អត្ថបទ៖ សុខ ជា