សារព័ត៌មាន CNBC បានឲ្យដឹងថា អគ្គនាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៥% នៅក្នុងត្រីមាសទី ១ នៅឆ្នាំ២០២០នេះ ដែលវាគឺជាការធ្លាក់ចុះធំជាងអ្វីដែលមានការប៉ាន់ប្រមាណកាលពីខែមុន ដែលថា អាចនឹងធ្លាក់ចុះត្រឹមតែ ៤,៨%នោះ។
ការធ្លាក់ចុះសេដ្ឋកិច្ចនៅត្រីមាសទី១នេះ គឺឆ្លុះបង្ហាញឲ្យឃើញ ពីការកាន់តែធ្លាក់ចុះខ្សោយនៃការវិនិយោគ ដោយអាជីវកម្មនានា ដែលវាត្រូវបានប៉ះប៉ូវផ្នែកខ្លះ ដោយការចំណាយទៅលើអ្នកប្រើប្រាស់។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា ការបិទប្រទេស ដែលរាំងខ្ទប់នូវទ្វារសេដ្ឋកិច្ច និងការបង្កើតឲ្យមានការបាត់បង់នូវការងារពលរដ្ឋរាប់លាននាក់នោះ នឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់អាមេរិក នឹងធ្លាក់ចុះដល់ទៅ ៤០% នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ។ ហើយការធ្លាក់ចុះនេះ អាចនឹងក្លាយជាការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធំមហិមា ជាប្រវត្តិសាស្ត្ររបស់អាមេរិក បើរាប់តាំងពីឆ្នាំ១៩៤៧ មក ហើយវាមានទំហំធ្លាក់ចុះដល់ទៅ ៤ដង នៃទំហំធ្លាក់ចុះសេដ្ឋកិច្ចដែលធ្លាប់មានកាលពីឆ្នាំ១៩៥៨។
ទោះយ៉ាងណា អ្នកព្យាករសេដ្ឋកិច្ចជាច្រើន បានជឿជាក់ដែរថា កំណើនសេដ្ឋកិច្ចរបស់អាមេរិក នឹងស្ទុះងើបឡើងវិញនៅត្រីមាសទី ៣ ដោយការរិយាល័យថវិកាសភា បានព្យាករដែរថា GDP អាមេរិកនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២១,៥% នៅត្រីមាសទី៣នៃឆ្នាំនេះ។
ទោះជាយ៉ាងនេះក្ដី អ្នកជំនាញថា កំណើនត្រីមាសទី៣នេះ អាចនឹងមិនគ្រប់គ្រាន់សម្រាប់ប៉ះប៉ូវសងចំពោះការបាត់បង់សេដ្ឋកិច្ច ដែលមាននៅត្រីមាសទី ១ និងទី២នោះទេ។
អ្នកជំនាញសេដ្ឋកិច្ចជាច្រើន ក៏បានព្រួយបារម្ភថា ការព្យាករពីភាពវិជ្ជមាននៃការសម្រេចបានរបស់ GDP អាមេរិក នៅ៦ខែចុងក្រោយនៃឆ្នាំនេះ អាចនឹងធ្វើទៅមិនរួចនោះទេ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងក្នុងការបើកសេដ្ឋកិច្ចឡើងវិញ មិនប្រព្រឹត្តិទៅបានល្អ ពិសេសបើសិនជាមានការឆ្លងនូវរលកទី២នោះ វានឹងកាន់តែយ៉ាប់យ៉ឺនថែមទៀត៕