លោកស្រី យេលេន បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលីថា៖ «ទណ្ឌកម្មនឹងកំណត់គោលដៅបុគ្គលចំនួន ១៤ និងអង្គភាពចំនួន ២៨ រួមទាំងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុផងដែរ។ ប៉ុន្តែលោកស្រីបានបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលពួកគេស្ថិតនៅ ហើយក៏មិនបានលម្អិតអំពីបច្ចេកវិទ្យាប្រភេទណា ដែលអាមេរិកនឹងដាក់ទណ្ឌកម្ម ក៏ដូចជាកំណត់គោលដៅនោះដែរ។
មែនទែនទៅ ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាគ្រាក់ៗជាច្រើនដែលមានមូលដ្ឋានក្នុងប្រទេសរុស្ស៊ី ហើយក៏បានកាត់ផ្តាច់បរិក្ខា ក៏ដូចជាបច្ចេកវិទ្យាយោធានានាទៅកាន់ក្រុមហ៊ុនផលិតសព្វាវុធរបស់ប្រទេសរុស្ស៊ីផងដែរ។
ទោះជាយ៉ាងណា រុស្ស៊ីនៅតែបន្តទិញយន្តហោះគ្មានមនុស្សបើក និងមីស៊ីលពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីរ៉ង ដើម្បីធ្វើការវាយប្រហារលើទីក្រុងធំៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៊ុយក្រែន។ អង្គភាព និងក្រុមហ៊ុនឧស្សាហកម្មយោធាអ៊ីរ៉ង់ទាំងនោះទៀតសោធ ក៏ស្ថិតនៅក្រោមសម្ពាធនៃទណ្ឌកម្មដ៏តឹងណែនស្ទើររើខ្លួនពុំរួចរបស់ទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ។
លោកស្រី ចេណិត យេលេន ក៏បាននិយាយផងដែរថា ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក្រោមរដ្ឋកាលលោក បៃដិន នឹងនៅបន្តគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបន្ថែមទៀត។ ក្នុងនោះ រដ្ឋបាល បៃដិន បានស្នើសុំសភានូវជំនួយមិនមែនយោធាចំនួន ៤,៥ ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យអ៊ុយក្រែន ដោយរង់ចាំការសម្រេចចុងក្រោយរបស់សភាអាមេរិកប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ បើក្រឡេកទៅការវិវិត្តចុងក្រោយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវិញ ក្រោយពីការដកទ័ពរបស់យោធាម៉ូស្គូចេញពីទីក្រុងខឺសុនកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់ទាហានរុស្ស៊ីថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Kherson។
ទោះជាយ៉ាងណា គេមិនទាន់អាចផ្ទៀងផ្ទាត់ការចោទប្រកាន់របស់លោកបានទេ ដោយពីពេលកន្លងទៅរុស្ស៊ីធ្លាប់បានអះអាងថា ទាហានខ្លួនគ្មានចេតនាកំណត់គោលដៅលើជនស៊ីវិលឡើយ។ ក៏ប៉ុន្តែកាលពីខែតុលា គណៈកម្មការអង្គការសហប្រជាជាតិធ្លាប់បានបញ្ជាក់ថា ឧក្រិដ្ឋកម្មសង្គ្រាមពិតជាមានមែននៅក្នុងប្រទេសអ៊ុយក្រែន ហើយកងកម្លាំងរុស្ស៊ី គឺជាអ្នកទទួលខុសត្រូវធំជាគេលើរឿងនេះ។
ស្របពេលជាមួយគ្នា ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ខ្លួនបានដណ្តើមយកមកវិញនូវការតាំងទីលំនៅចំនួន ១៧៩ កន្លែង និងទំហំទឹកដីប្រមាណ ៤ ៥០០ គីឡូម៉ែត្រការ៉េតាមដងទន្លេ Dnipro ចាប់តាំងពីដើមសប្តាហ៍នេះ។ ដោយឡែក ការប្រយុទ្ធនៅតែមានសភាពខ្លាំងក្លាមានទាំងមីស៊ីល និងការបាញ់កាំភ្លើងធំនៅតំបន់មួយចំនួន ដូចជាទីក្រុង Sumy, Kharkiv, Zaporizhzhia, Luhansk និង Donetsk។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកទូទៅនៃកងកម្លាំងអ៊ុយក្រែនក្នុងពេល២៤ចុងក្រោយ។