ឧបនាយករដ្ឋមន្រ្តីថៃ លោក សោមគីត បានគូសបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មកពី អាមេរិក បានបង្ហាញចំណាប់អារម្មណ៍ ចង់វិនិយោគក្នុងប្រទេសមួយនេះ ដោយបានធ្វើការសាកសួរ និងព្យាយាមទាក់ទងជួបពិភាក្សាជាមួយនឹង មន្រ្តីពាក់ព័ន្ធមកពី ក្រសួងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម។
យ៉ាងណាមិញ ដោយសារតែស្ថានភាពសេដ្ឋកិច្ច មិនសូវប្រសើរ នាប្រមាណ ៦ខែចុងក្រោយនេះ លោក សោមគីត ក៏លើកឡើងដែរថា ថៃ ត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់ ដើម្បីប្រឈមមុខនឹង ភាពចុះខ្សោយនៃសេដ្ឋកិច្ចសកល ព្រោះថា គេមិនអាចដឹងថា វាប្រែប្រួលយ៉ាងណានោះទេ នៅឆ្នាំខាងមុខ។
លោក កុបស័ក្តិ ភូត្រាកុល អគ្គលេខាធិការរង អមការិយាល័យនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ច្បាស់ថា មានក្រុមហ៊ុនអាមេរិកជាច្រើន ចាប់អារម្មណ៍ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួន មកកាន់ប្រទេសថៃ ដើម្បីគេចចេញពី ឥទ្ធិពលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មសកល ហើយក្រុមហ៊ុនទាំងនោះ ក៏បានធ្វើការពិភាក្សាជាមួយ ក្រុមប្រឹក្សាវិនិយោគថៃ អស់រយៈពេលជាច្រើនខែ រួចមកហើយ។
តាមរបាយការណ៍ពី ក្រុមប្រឹក្សាវិនិយោគថៃ បានបង្ហាញឲ្យដឹងថា គិតត្រឹម ៣ត្រីមាសដំបូង ដើមឆ្នាំ ២០១៩នេះ សំណើវិនិយោគិនអាមេរិក មានចំនួន ២៤គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក ហើយកាលពីឆ្នាំ ២០១៨កន្លងទៅ វិនិយោគិនអាមេរិក ក៏បានដាក់ពាក្យស្នើសុំវិនិយោគ ចំនួន ៣៨គម្រោង គិតជាទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែមានតែ គម្រោងមួយចំនួនប៉ុណ្ណោះ ត្រូវបានអនុម័ត ដែលមានទឹកប្រាក់ជាង ៦០០លានដុល្លារប៉ុណ្ណោះ។
សូមរម្លឹកបន្តិចថា រាជរដ្ឋាភិបាលថៃ បានទម្លាក់ការព្យាករពី កំណើននៃការនាំចេញពី ៨ភាគរយ មកត្រឹម ៣ភាគរយ ក្នុងឆ្នាំ ២០១៩នេះ ពោលគឺ ការនាំចេញរបស់ថៃ អាចនឹងមានចំនួន ២៦០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដែលថយចុះពី ២៧០ពាន់លានដុល្លារអាមេរិក ដែលបានព្យាករ កាលពីពេលមុន៕