
តួលេខពីស្ថានទូតអាមេរិកដដែល ក៏បង្ហាញដែរថា ក្នុងចំណោមតម្លៃទឹកប្រាក់នាំចេញសរុប ទំនិញតម្លៃជិត ១ពាន់លានដុល្លារអាមេរិក គឺជាទំនិញការសម្រាប់ការធ្វើដំណើរ ដូចជា កាបូបដៃ វ៉ាលីស និងកាបូបស្ពាយ ដែលផលិតនៅកម្ពុជា និងទទួលបានការលើកលែងពន្ធគយ សម្រាប់ការនាំចូលទៅក្នុងទីផ្សារអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់សហរដ្ឋអាមេរិក ។
ផលិតផលសំខាន់ៗបំផុតដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក រួមមាន ផលិតផលសម្លៀកបំពាក់កាត់ដេរ និងស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ដូចជា កាបូបដៃ វ៉ាលីស និងកាបូបស្ពាយ ចំណែកឯទំនិញសំខាន់ៗដែលសហរដ្ឋអាមេរិកនាំចេញមកកាន់ទីផ្សារកម្ពុជាវិញ មានដូចជា យានយន្ត ចំណីសត្វ និងគ្រឿងចក្រ ។

ស្ថានទូតអាមេរិកនៅកម្ពុជា បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងអាមេរិកកើនឡើងជាលំដាប់ ដោយជារៀងរាល់ឆ្នាំ មានផលិតផលថ្មីៗ និងវិនិយោគិនអាមេរិក ចូលមកក្នុងទីផ្សារប្រទេសកម្ពុជាកាន់តែច្រើនឡើង និងថា ក្រុមហ៊ុនអាមេរិកនាំយកការវិនិយោគដែលមានតម្លាភាពនិងគុណភាពខ្ពស់ ដោយនាំមកជាមួយនូវបច្ចេកវិទ្យានិងកម្មវិធីបណ្ដុះបណ្ដាលលំដាប់ពិភពលោក ព្រមទាំងស្តង់ដារបរិស្ថាននិងពលកម្មកម្រិតខ្ពស់ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន នៅក្នុងប្រទេសកម្ពុជា ៕