ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម រយៈពេល ៧ខែ ឆ្នាំ២០១៩នេះ ទៅកាន់ទីផ្សារចិន បានធ្លាក់ចុះ៨,៩% ធៀបនឹងឆ្នាំមុន មកនៅត្រឹមតែ៤,៧ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
ប្រទេសចិន នៅ៧ខែ ឆ្នាំនេះ មានចំណែកទីផ្សារបញ្ជាទីញផលិតផលកសិកម្មពីវៀតណាម ២០,៧% ដែលឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក។
ការនាំចេញផលិតផលកសិកម្មវៀតណាមទៅអាមេរិក ក្នុងយៈពេល៧ខែដូចគ្នានេះ បានកើនឡើង១២,៦% កើនឡើងដល់ទំហំទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិក គឺខ្ពស់ជាងចិន តែ១០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ បើគិតជាភាគរយ អាមេរិកមានចំណែកទីផ្សារសម្រាប់ការនាំចេញផលិតផលកសិកម្មវៀតណាម ២០,៨% នៃការនាំចេញសរុប។
អ្នកជំនាញខ្លះ និយាយនៅក្នុងសារព័ត៌មាន Vietnam Express ថា ហេតុផលដែលចិនធ្លាក់ពីតំណែងលេខ១ កំពូលតារាងនេះ ដែលធ្លាប់តែឈរមកជាច្រើនឆ្នាំមកហើយនោះ គឺបានចាប់ផ្ដើមឡើងដោយការរឹតត្បិតនូវគោលនយោបាយនាំចូលរបស់រដ្ឋាភិបាលចិន នៅឆ្នាំនេះ ដែលទទួលយកតែផលិតផលដែលមានគុណភាពស្ដង់ដារខ្ពស់ប៉ុណ្ណោះ។
ហេតុផលមួយទៀតនោះ គឺដោយសារតែប្រាក់យន់របស់ចិន ធ្លាក់ថ្លៃជាងប្រាក់ដុល្លារអាមេរិក។ ចិនបានធ្វើឲ្យលុយយន់ចុះថោក ប្រហែល៤,៥% នៅឆ្នាំនេះ នៅពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងខ្លួន និងអាមេរិក នៅតែបន្ដ។
ការទម្លាក់តម្លៃប្រាក់យន់នេះ បានកាត់បន្ថយការនាំចូលពីវៀតណាម ដោយសារតែទំនិញវៀតនាមកាន់តែមានតម្លៃថ្លៃដល់អ្នកទិញចិន។
ទិន្នន័យដែលបានផ្សាយដោយសារព័ត៌មាន Vietnam Express បង្ហាញថា កាលពីឆ្នាំមុន ការនាំចេញកសិកម្មរបស់វៀតណាមកើនឡើង៩,៦% ធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃជាទឹកប្រាក់កើនដល់ជាង ៤០ ពាន់លានដុល្លារអាមេរិក។ ផលិតផលនាំចេញសំខាន់ៗទាំង ៥ របស់វៀតណាម មានដូចជា បង្គារ បន្លែផ្លែឈើ គ្រាប់ស្វាយចន្ទី កាហ្វេ និងឈើ ដោយផលិតផលនីមួយមានតម្លៃនាំចេញប្រមាណ ជាង ៣ពាន់លានដុល្លារអាមេរិក៕