កូវីដ១៩នៅឥណ្ឌា

អាមេរិកសន្យានឹងជួយឥណ្ឌា ដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរ ដែលកំពុងកើតមាន


ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌា កាន់តែអាក្រក់ទៅៗហើយ ដោយចំនួនអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃបន្ដកើនឡើងកាន់តែច្រើន បំបែកកំណត់ត្រាពិភពលោក ដែលជាប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបំផុត។ ជាក់ស្ដែង នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ អ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌាមានដល់ទៅប្រមាណ៣៥ម៉ឺននាក់ និងអ្នកស្លាប់វិញមានជិត៣ពាន់នាក់ក្នុងមួយថ្ងៃ។
អ្នកជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា - Xinhua
ដោយ

ដោយ​មើលឃើញ​ពី​ស្ថានការណ៍​យ៉ាប់យ៉ឺន​កាន់តែ​ខ្លាំង​បែប​នេះ រដ្ឋាភិបាល​អា​មេ​រិ​ក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ឥណ្ឌា​នោះ បាន​ប្រកាស​ថា ខ្លួន​នឹង​គាំទ្រ​ដល់​រដ្ឋាភិបាល និង បុគ្គលិក​សុខាភិបាល​ឥណ្ឌា ក្នុង​ការ​ទប់ទល់​នឹង​វិបត្តិ​មេរោគ​ឆ្លង​ក៏​កាច​សាហាវ​ជាស​កល​មួយ​នេះ​។ នេះ​យោង​តាម​ការ​រាយការណ៍​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។

អ្នកនាំពាក្យ​សេត​វិមាន​អា​មេ​រិ​ក បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ថា អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩ យ៉ាង​សម្បើម ប្រៀប​បីដូច​រលក​យក្ស​ស៊ូ​ណា​មិ ដែល​កំពុង​បោកបក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​អា​មេ​រិ​ក​នឹង​បន្ថែម​ការ​គាំទ្រ​ថែម​ទៀត ចំពោះ​រដ្ឋាភិបាល និង បុគ្គលិក​សុខាភិបាល​ឥណ្ឌា នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។

ទីក្រុង​វ៉ា​ស៊ិ​ន​តោន ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​របស់​ពិភពលោក ជុំវិញ​នឹង​ការ​ជួយ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​កាន់​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក និង ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden សម្រាប់​ការ​ប្រឆាំង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​។

សភាពាណិជ្ជកម្ម​អា​មេ​រិ​ក កាលពី​សុក្រ​ស​ប្ដា​ហ៍​មុន​នេះ បាន​ស្នើ​ទៅ​កាន់​រដ្ឋបាល​លោក​ចូ បៃ​ឌិន ឲ្យ​បញ្ចេញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ AstraZeneca ដែល​បាន​ស្ដុក​ទុក រាប់​លាន​ដូ​ស ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​ឥណ្ឌា ប្រេ​ស៊ី​ល និង ប្រទេស​ដែល​រង​ការ​វាយប្រហារ​ខ្លាំង​ដោយសារ​កូ​វី​ដ​-១៩​។

មន្ត្រីជាន់ខ្ពស់​សេត​វិមាន​អា​មេ​រិ​កបាន​គូសបញ្ជាក់​ទៀត​ថា កាលពី​ពេល​កន្លង​ទៅ​អា​មេ​រិ​កបាន​ផ្ដល់​នូវ​ជំនួយ​គិត​ជា​ទឹកប្រាក់​ប្រមាណ ១​ពាន់​៤​រយ​លាន​ដុល្លារ​អា​មេ​រិ​ករួច​ហើយ ទៅ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​នោះ​រួម​មាន ដូច​ជា  ជំនួយ​សុខាភិបាល​, ជំនួយ​សង្គ្រោះ​បន្ទាន់​, ការ​បណ្ដុះបណ្ដាល​មន្ត្រី​រដ្ឋ និង មន្ត្រី​សុខាភិបាល​ឥណ្ឌា ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ឆ្លង និង ការ​ផ្ដល់​ជំនួយ​ឧបករណ៍​ជំនួយ​ដង្ហើម​ជាដើម​។

តើ​អ្វី​ខ្លះទៅ ដែល​ឥណ្ឌា​កំពុង​ខ្វះខាត​ខ្លាំង​នៅ​ពេល​នេះ?

មិនមែន​តែ​វ៉ាក់សាំង​មួយ​មុខ​នោះ​ទេ ដែល​ឥណ្ឌា​កំពុង​ខ្វះខាត ក្នុង​ស្ថានភាព​បច្ចុប្បន្ន ឥណ្ឌា​កំពុង​ខ្វះខាត​ខ្លាំង​បំផុត គឺ​បំពង់​អុកស៊ីហ្សែន និង ឧបករណ៍​ជំនួយ​ដង្ហើម​ផ្សេង​ទៀត សម្រាប់​ព្យា​ល​បាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ ដ្បិតថា បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​ហក់​ឡើង​រាប់​សិប​ម៉ឺន​នាក់​ទៅ​ហើយ ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ទី​២​ក្នុង​លោក​មួយ​នេះ បាន​កើន​ដល់​ប្រមាណ​១៧​លាន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់​សរុប​វិញ​កើន​ដល់​ប្រមាណ​ជិត​២០​ម៉ឺន​នាក់​។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល​ឥណ្ឌា​។

មាន​មន្ទីរពេទ្យ​ជា​ច្រើន​នៅ​ទីក្រុង​ញ៉ូ​ដេ​លី កំពុង​ខ្វះខាត​អុកស៊ីហ្សែន​សម្រាប់​អ្នកជំងឺ និង​មាន​មន្ទីរពេទ្យ​ខ្លះ ផ្អាក​ការ​ទទួលយក​អ្នកជំងឺ​ដោយសារ​តែ​មិន​មាន​អុកស៊ីហ្សែន​ដើម្បី​សង្គ្រោះ​។ រដ្ឋាភិបាល​ឥណ្ឌា ក៏​បាន​ខ្នះខ្នែង​ណាស់​ដែរ ក្នុង​ការ​ស្វែងរក​អុកស៊ីហ្សែន​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​មន្ទីរពេទ្យ ដោយ​ក្នុង​នោះ រ​ដ្ឋា​ភី​បាល​បាន​ប្រើប្រាស់​យន្ដហោះ​យោធា និង​រថភ្លើង ដើម្បី​ទៅ​ដឹក​ឧបករណ៍​អុកស៊ីហ្សែន​ដែល​មាននៅ​ក្នុង​ប្រទេស សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ញ៉ូ​ដេ​លី​ដែល​កំពុង​ខ្វះខាត​ខ្លាំង ហើយ​ក្នុង​នោះ ក៏​មានការ​នាំ​ចូល​មក​ពី​ក្រៅប្រទេស​ផង​ដែរ ដូច​ជា​ពី​ប្រទេស​សិង្ហ​បុរី​ជាដើម​។

សូម​បញ្ជាក់​ថា តាម​ការ​វិភាគ​របស់​សារព័ត៌មាន Reuters ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​ទើបតែ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​បាន​ប្រមាណ​តែ​៨%​ប៉ុណ្ណោះ នៃ​ចំនួន​ពលរដ្ឋ​សរុប​ជាង​១​ពាន់​៣​រយ​លាន​នាក់​។ ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ចំនួន​សក្ដានុពល​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​ឥណ្ឌា​អាច​នឹង​បន្ដ​កើនឡើង​ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ បើ​គ្មាន​វិធានការ​ទប់ទល់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទេ​នោះ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ពលរដ្ឋភូមាខកចិត្តចំពោះលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន

នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលបានពិភាក្សាអំពីវិបត្តិនៅភូមា ដែលបានធ្វើឡើងនៅចុងសប្ដាហ៍កន្លងទៅនេះ ត្រូវបានបញ្ចប់ គេសង្កេតឃើញថា ពលរដ្ឋភូម…

ជីប ម៉ុង ជំរុញឲ្យផលិតផលរបស់ខ្លួនទាំងអស់ អាចបញ្ជាទិញលើប្រព័ន្ធអនឡាញបាន

ទោះស្ថិតក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតដោយជំងឺកូវីដ-១៩ក្ដី ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តរក្សាបាននូវភាពឈានមុខគេនៅក្នុងទីផ្សារកម្ពុជាដដែល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ