លោក Shinzo Abe បាននិយាយថា សហរដ្ឋអាមេរិកប្រើយុទ្ធសាស្រ្តនៃភាពមិនច្បាស់លាស់ គឺមានន័យថា ប្រសិនបើតៃវ៉ាន់ត្រូវបានវាយប្រហារ នោះគេមិនច្បាស់នោះទេថា តើអាមេរិកពិតជានឹងជួយ ឬក៏មិនជួយតៃវ៉ាន់។ លោក Abe បានបន្តទៀតថា ប្រសិនបើអាមេរិកពិតជាហ៊ានថាធ្វើអន្តរាគមន៍ នៅពេលតៃវ៉ាន់ត្រូវវាយប្រហារមែន នោះប្រទេសចិននឹងត្រួតពិនិត្យលើបញ្ហា ប៉ុន្ដែក្នុងករណីអាមេរិកមិនធ្វើអន្តរាគមន៍ទេ នោះប្រាកដណាស់ កងកម្លាំងតៃវ៉ាន់ ដើម្បីឯករាជ្យ គឺមិនរត់មិនផុតពីក្រញ៉ាំនៃការគ្រប់គ្រងដោយចិននោះឡើយ។ លោក Shinzo Abe បញ្ជាក់ចំៗទៀតថា អាមេរិកដល់ពេលហើយ ដែលត្រូវបោះបង់ចោលយុទ្ធសាស្ត្រមិនច្បាស់លាស់ទាំងនេះ។
គួរជម្រាបថា ពាក្យសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ធ្វើឡើងចំពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយខណៈដែលប្រទេសនានាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពិចារណាថា តើបច្ចុប្បន្នមានវិធានការទប់ស្កាត់គ្រប់គ្រាន់ ដើម្បីរារាំងចិនពីសកម្មភាពនៅច្រកសមុទ្រតៃវ៉ាន់ដែរ ឬទេ។
នៅថ្ងៃតែមួយនៃថ្ងៃរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន កោះតៃវ៉ាន់ ក៏បានរាយការណ៍ដែរថា មានយន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ ដែលតៃវ៉ាន់ចាត់ទុកជាសកម្មភាពគំរាមកំហែងជាថ្មីទៀតពីរដ្ឋាភិបាលក្រុងប៉េកាំងមកលើខ្លួន ចំពេលស្ថានការពិភពលោកកំពុងតែតានតឹងខ្លាំង។
យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី ២៦ កុម្ភៈ នាវាចម្បាំងអាមេរិកមួយគ្រឿងក៏បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មីម្ដងទៀត ដែលត្រូវបានគេមើលឃើញថា វាហាក់ដូចជាការឆ្លើយតបរបស់អាមេរិកទៅកាន់ចិនដែលបានបើកយន្ដហោះចូលដែនអាកាសតៃវ៉ាន់។
អាមេរិក បានចាត់ទុកការបើកនាយឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់នេះ គឺជាផ្នែកមួយនៃសកម្មភាពល្បាតធម្មតាក្នុងដែនទឹកអន្តរជាតិ។ វត្តមាននៃការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចម្បាំងអាមេរិកនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការគិតគូររបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលជាតំបន់មានសេរីភាព និងបើកចំហ។
ប៉ុន្តែផ្ទុយទៅវិញ សម្រាប់ទីក្រុងប៉េកាំងបានចោទថា សកម្មភាពនេះថា ជាទង្វើបង្កហេតុដែលអាមេរិកធ្វើឡើងដើម្បីគាំទ្រដល់តៃវ៉ាន់ ខណៈដែលចិនចាត់ទុកកោះតៃវ៉ាន់ ក៏ដូចជាច្រកសមុទ្រតៃវ៉ាន់នោះគឺជាដែនដីមួយរបស់ខ្លួន ដូច្នេះរាល់នាវាបរទេស ដែលធ្វើចរាចរណ៍ឆ្លងកាត់ច្រកសមុត្រតៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំងចាត់ទុកថារំលោភអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង៕
អត្ថបទ ស៊ើង និមល់