មូលហេតុដែលការចាក់វ៉ាក់សាំងនៅឥណ្ឌាមានការធ្លាក់ចុះ គឺដោយសារតែកង្វះខាតវ៉ាក់សាំង ក្រោយឥណ្ឌានាំចេញវ៉ាក់សាំងច្រើនខ្លាំងពេក ខណៈតម្រូវការក្នុងស្រុកមានការកើនឡើង និងកើនឡើងខ្លាំងពេលដែលមានរលកឆ្លងទី៣ ។
ការនាំចូលវ៉ាក់សាំងពីប្រទេសដទៃក៏មិនទាន់ពេលវេលាដែរ ព្រោះដូចយើងបានដឹងស្រាប់ហើយថាតម្រូវការវ៉ាក់សាំងនៅទូទាំងពិភពលោក មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសអ្នកផលិតផ្សេងទៀតក៏មានតម្រូវការច្រើនសម្រាប់ប្រជាជនខ្លួនឯងផងដែរ។
គិតត្រឹមដើមខែឧសភា ដំណើរការចាក់វ៉ាក់សាំងនៅឥណ្ឌាមានប្រមាណ ២លាន៥សែនដូសក្នុងមួយថ្ងៃ ចំនួននេះមានការធ្លាក់ចុះដល់ទៅជាងពាក់កណ្តាល ដោយកាលពីដើមខែមេសា ការចាក់វ៉ាក់សាំងនៅឥណ្ឌាមានជិត ៥លានដូសក្នុងមួយថ្ងៃ។
ប្រទេសដែលមានឈ្មោះជាអ្នកផលិត និងចែកចាយវ៉ាក់សាំងកូវីដ-១៩ដ៏ធំក្នុងពិភពលោកមួយនេះ ទើបតែបានចាក់វ៉ាក់សាំងឲ្យប្រជាជនខ្លួនឯងបាន ជិត១០%នៃប្រជាជនសរុបជាង ១ពាន់៣រយលាននាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលសហព័ន្ធឥណ្ឌា។
ដោយឡែក ការផលិតវ៉ាក់សាំងប្រចាំខែនៅឥណ្ឌាអាចសម្រេចបានត្រឹម ៧០ ទៅ៨០លានដូសប៉ុណ្ណោះក្នុងមួយខែ ដូចនេះបើតាមការប៉ាន់ស្មានឥណ្ឌាត្រូវ ចំណាយពេលជិត១ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងចាក់ឲ្យអ្នកដែលគ្រប់អាយុ សម្រាប់ដូសទី១ប្រមាណ ៨០០លាននាក់។
គួរជម្រាបជូនថា ករណីឆ្លងកូវីដ-១៩នៅឥណ្ឌា មិនទាន់បង្ហាញពីសញ្ញាថមថយនៅឡើយទេ ដោយក្នុងមួយថ្ងៃៗ ឥណ្ឌាមានតួលេខឆ្លងថ្មីមិនក្រោម ៣០ម៉ឺននាក់ឡើយ ខណៈអ្នកឆ្លងសរុបមានជាង ២០លាននាក់ទៅហើយ។
សូមបញ្ជាក់ផងដែរថា ទោះបីជាប្រទេសឥណ្ឌា មានឈ្មោះជារោងចក្រផលិតវ៉ាក់សាំងដ៏ធំរបស់ពិភពលោកក៏ពិតមែនប៉ុន្តែ ប្រទេសមួយនេះកំពុងតែមានកង្វះខាតវ៉ាក់សាំង ហើយពេលនេះចាំបាច់ណាស់ត្រូវការបញ្ជាទិញវ៉ាក់សាំងពីប្រទេសដទៃទៀត ដើម្បីមកប៉ះប៉ូវភាពខ្វះចន្លោះរបស់ខ្លួន។ ជាក់ស្តែង កាលពីសប្តាហ៍មុនឥណ្ឌាទើបទទួលបានវ៉ាក់សាំងដែលខ្លួនបញ្ជាទិញពីប្រទេសរុស្សីប្រភេទ Sputnik V ចំនួន១សែន៥ម៉ឺនដូស ហើយចំនួនរាប់លានដូសទៀតនឹងមកដល់ក្នុងពេលឆាប់ៗ។ ក្រៅតែពីវ៉ាក់សាំងរុស្សី ឥណ្ឌាក៏កំពុងចរចាទិញវ៉ាក់សាំងអាមេរិកប្រភេទ Pfizer ផងដែរ៕