នៅក្នុងកញ្ចប់សំណើថ្មីនេះ វៀតណាម នឹងពន្យារពេលបង់ពន្ធ សម្រាប់វិស័យជាច្រើន រួមមាន កសិកម្ម ផលិតកម្មរថយន្ត សេវាកម្មម្ហូបអាហារ វាយនភណ្ឌ និងទេសចរណ៍ជាដើម ហើយក្នុងនោះ ការពន្យារពេលបង់ពន្ធ គឺអនុវត្តទៅលើ ប្រភេទពន្ធជាច្រើន រួមមានទាំង ពន្ធលើប្រាក់ចំណូលបុគ្គល និងពន្ធលើការប្រើប្រាស់ដីធ្លី។
គ្រប់វិស័យទាំងអស់នោះ សុទ្ធសឹងតែបានធ្វើសេចក្តីរាយការណ៍ពី ការខាតបង់ជាច្រើន ដោយសារមេរោគកូវីដ១៩ ដោយវិស័យទេសចរណ៍ខាតបង់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក វិស័យវាយនភណ្ឌខាតបង់ប្រមាណ ៤៧០លានដុល្លារអាមេរិក ខណៈការនាំចេញគ្រឿងសមុទ្រ ត្រូវបានលុបចោលកុងត្រាដោយ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយភោជនីយដ្ឋានជាច្រើនកន្លែងនៅក្នុងទីក្រុងហាណូយ និងហូជីមិញ ត្រូវបានបញ្ជារអោយផ្អាកដំណើរការ។
យ៉ាងណាក៏ដោយចុះ បញ្ហានេះត្រូវបានរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ ដោយវាជាវិធានការមួយ ក្នុងការជួយទប់ស្កាត់ការខាតបង់សេដ្ឋកិច្ច ដោយសារមេរោគរលាកផ្លូវដង្ហើមនេះ ដែលអាចនឹងទាញកំណើនសេដ្ឋកិច្ចវៀតណាម ឲ្យធ្លាក់ចុះមកនៅត្រឹម ៥.៩៦% ខណៈកាលពីឆ្នាំ២០១៩កន្លងទៅ សម្រេចបានជាង ៧%៕