នៅក្នុងចំណោមរថយន្ដដែលវៀតណាមនាំចូលពីប្រទេសចិនជិត១ម៉ឺនគ្រឿង នៅរយៈពេល៥ខែដំបូងនេះ គឺមានជាង៥ពាន់៦រយគ្រឿងគឺជាប្រភេទរថយន្ដប្រើប្រាស់ក្នុងគោលបំណងពិសេស និងមានជាជិត៣ពាន់គ្រឿងជាប្រភេទរថយន្ដដឹកទំនិញធំៗ និងប្រមាណ១ពាន់គ្រឿងទៀតជារថយន្ដដឹកអ្នកដំណើរ។
ដោយឡែក ប្រទេសថៃវិញ គឺនៅតែជាទីផ្សារនាំចូលរថយន្ដធំជាងគេបំផុតរបស់វៀតណាម ដោយនៅ៥ខែដំបូងនៅឆ្នាំនេះ វៀតណាមនាំចូលរថយន្ដពីថៃមានដល់ទៅជាង ៣ម៉ឺន៣ពាន់គ្រឿង កើនឡើងទ្វេដងបើធៀបនឹងការនាំចូលកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ ទីផ្សារឥណ្ឌូនេស៊ីវិញ វៀតណាមនាំចូលរថយន្ដប្រមាណជាង ១ម៉ឺន៨ពាន់គ្រឿង កើនឡើងជាង១៦%។ ទីផ្សារថៃ និងឥណ្ឌូនេស៊ី មានចំណែកដល់ទៅ ៨០% នៃការនាំចូលរថយន្ដសរុបរបស់វៀតណាម។
សូមបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ដែលបានចូលជាធរមានកាលពីឆ្នាំ២០១៨ សម្រាប់ការនាំចូលយានយន្ដនៅក្នុងប្រទេសតំបន់អាស៊ាន គឺមានអត្រាពន្ធគយស្មើសូន្យ។
ការនាំចូលរថយន្ដពីក្រៅប្រទេសសរុបរបស់វៀតណាមមានកំណើនដល់ទៅ ៧៨% នៅ៥ខែដំបូងនៅឆ្នាំនេះ ដោយមានចំនួនរថយន្ដនាំចូលជាង៦ម៉ឺន៥ពាន់គ្រឿង។
បើតាមសមាគមអ្នកផលិតរថយន្ដវៀតណាមបានឲ្យដឹងដែរថា ការលក់រថយន្ដនៅក្នុងប្រទេសវៀតណាម ក៏មានការកើនឡើងដែរដល់ទៅ ៥៣% ដោយរថយន្ដដែលបានលក់ចេញមានចំនួនជាង ១២ម៉ឺនគ្រឿង នៅរយៈពេល៥ខែដើមឆ្នាំនេះ៕