ប្រទេសវៀតណាម នៅ៤ខែដើមឆ្នាំនេះ បានវិនិយោគនៅក្រៅប្រទេសសរុបជាង ៥៤៥ លានដុល្លារអាមេរិក។ ដោយក្នុងនោះ ការវិនិយោគនៅអាមេរិកឈរលើកំពូលតារាង មានដល់ទៅជាង៣០០លានដុល្លារ គឺស្មើនឹងជាង ៥៥%ទៅហើយ នៃការវិនិយោគសរុប ខណៈដែលកម្ពុជាឈរលំដាប់ទី២ មានជិត៩០លានដុល្លារ និងត្រូវបានតាមពីក្រោយដោយប្រទេសបារាំង កាណាដា អាល្លឺម៉ង់ និងហូឡង់។នេះបើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម។
ជុំវិញនឹងការវិនិយោគរបស់វៀតណាមនៅកម្ពុជានេះដែរ ត្រូវបាន លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ដ្បិតថា ការបោះទុនវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជា មិនមានច្រើនបើធៀបនឹងបណ្ដាប្រទេសផ្សេងទៀតក៏ពិតមែន តែកំណើនទំហំវិនិយោគរបស់វៀតណាមនៅកម្ពុជា គឺបានកើនពីមួយឆ្នាំទៅមួយឆ្នាំ។ កើនក៏ដោយសារតែប្រទេសទាំងពីរ ជាប្រទេសជិតខាងគ្នាផង នៅក្នុងក្របខណ្ឌអាស៊ានជាមួយគ្នាផង។
ក្នុងនាមជាអ្នកជំនួញ និងជាវិនិយោគិនក្នុងស្រុក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ខេមបូណូមីសថា សភាពាណិជ្ជកម្មកម្ពុជា តែងតែចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកៀរគរវិនិយោគិន នៅក្រៅប្រទេស ជាពិសេសការវិនិយោគរបស់វៀតណាមនៅកម្ពុជា គឺស្របតាមការអំពាវនាវ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគមន៍សេដ្ឋកិច្ចអាស៊ាន មិនត្រឹមតែវៀតណាមទេ ដែលរាជរដ្ឋាភិបាលចង់ឲ្យមកវិនិយោគនៅកម្ពុជា នៅមានបណ្តាប្រទេសធំៗជាច្រើនទៀត ដែលសភាពាណិជ្ជកម្មកំពុងទាក់ទាញ។
ឧកញ៉ា លឹម ហេង បន្ថែមថា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ទៅ លោកសង្ឃឹមថា ច្បាប់វិនិយោគថ្មី ដែលរៀបរៀងដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នឹងអាចក្លាយជាកត្តាមួយ ជំរុញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
សូមបញ្ជាក់ថា តួលេខពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលបានចេញផ្សាយដោយភ្នាក់ងារព័ត៌មានវៀតណាម VNA បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមនៅ៣ខែដំបូងនៃឆ្នាំ២០២១នេះ បានហក់ឡើងខ្លាំងមិនធ្លាប់មាន ដោយមានទឹកប្រាក់នាំចេញដល់ទៅជិត១ពាន់៥រយលានដុល្លារ ជាមួយកំណើន៤៤៣%ឯណោះ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានជាង១ពាន់២រយលានដុល្លារ កើនជិត១៦%។
តាមតួលេខនេះ បង្ហាញឲ្យឃើញថា នៅត្រីមាសទី១នេះ កម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមប្រមាណ ២៥០លានដុល្លារអាមេរិក ដែលអាចនិយាយបានថា វាជាលើកដំបូងហើយ ដែលកម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងមួយនេះ៕