ក្នុងរយៈពេល៧ខែនេះដែរ ក្រុមហ៊ុនវៀតណាមដែលបានទទួលអាជ្ញាបណ្ណសម្រាប់ការវិនិយោគនៅក្រៅប្រទេសសម្រាប់គម្រោងថ្មីៗមានចំនួន ៩០ គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ១៨០ លានដុល្លារអាមេរិក ហើយក្រុមហ៊ុនទាំងនោះ ក៏បានចាក់ពង្រីកទុនវិនិយោគទៅលើគម្រោងចាស់ដែលមានសម្រាប់ចំនួន២១ គម្រោង ក្នុងតម្លៃទុនវិនិយោគជាង ៩៧ លានដុល្លារអាមេរិក។
របាយការណ៍ពីអាជ្ញាធរវៀតណាមបានឲ្យដឹងថា គិតមកត្រឹមចុងឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុនវៀតណាមដែលបានមកវិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណ៣ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងវិនិយោគសរុបប្រមាណ ២០០ គម្រោង ដែលបានធ្វើឲ្យវៀតណាមស្ថិតក្នុងចំណោម៥ប្រទេសដែលមានដើមទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ។
និយាយពីការវិនិយោគចេញទៅក្រៅប្រទេសរបស់វៀតណាម ឃើញថា ប្រទេសអេស្បាញ ត្រូវបានដឹងថា គឺមានការទាក់ទាញការវិនិយោគពីវៀតណាមខ្លាំងជាងគេ នៅ៧ខែឆ្នាំ២០១៩នេះ ដោយមានតម្លៃទុនវិនិយោគ ៦០លានដុល្លារ ស្មើនឹង២២% នៃទុនវិនិយោគទៅក្រៅប្រទេសសរុប និងត្រូវបានតាមពីក្រោយដោយសហរដ្ឋអាមេរិក មានទុនវិនិយោគ៤៦ លានដុល្លារ ស្មើនឹងជាង១៦% នៃទុនវិនិយោគនៅក្រៅប្រទេសសរុប។
ក្រៅពីនេះ វៀតណាមក៏មានវិនិយោគនៅក្នុងប្រទេសជាច្រើនទៀត ដូចជាអូស្ត្រាលី មានទុនវិនិយោគ ៤៥ លានដុល្លារ កម្ពុជាយើង មាន៣៩លានដុល្លារ និងសិង្ហបុរីមាន៣៥ លានដុល្លារ។
របាយការណ៍បានឲ្យដឹងទៀតថា ចាប់ពីខែមករា ដល់ខែមិថុនា វិស័យលក់រាយ គឺជាការវិនិយោគនៅក្រៅប្រទេសដ៏ពេញនិយមបំផុតសម្រាប់ក្រុមហ៊ុនវៀតណាម ដែលមានទុនវិនិយោគ ជាង៩៣ លានដុល្លារ ស្មើនឹងប្រមាណ ៣៤% នៃទុនវិនិយោគទៅក្រៅប្រទេសសរុប។ បន្ទាប់ពីនេះ គឺវិស័យវិទ្យាសាស្ត្រនឹងបច្ចេកវិទ្យា ដែលមានទុនវិនិយោគ ជាង៨៣ លានដុល្លារ ស្មើនឹង៣០% នៃទុនវិនិយោគចេញទៅក្រៅប្រទេសសរុប ខណៈដែលវិស័យធនាគារគឺឈរលំដាប់លេខ៣ មានទុនវិនិយោគ៣៧លានដុល្លារ ស្មើនឹងជាង១៣% នៃទុនវិនិយោគសរុប។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម សម្រេចបានដល់ ជាង ៤ពាន់.៦០០ លានដុល្លារអាមេរិក កើនឡើងជាង ២៣% ធៀបនឹងឆ្នាំ ២០១៧។ ក្នុងនោះ វៀតណាមនាំចូលមកកម្ពុជា មានប្រមាណ ៣.ពាន់ ៧០០ លានដុល្លារអាមេរិក ខណៈកម្ពុជានាំទៅវៀតណាមមានតែប្រមាណ ១.ពាន់ លានដុល្លារអាមេរិកប៉ុណ្ណោះ។ បន្ថែមពីនេះ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ធ្លាប់បានប្តេជ្ញារួមគ្នាផងដែរថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ៦ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខ៕