បើតាម ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម កញ្ចប់ថវិកាស្តារសេដ្ឋកិច្ចឡើងវិញត្រូវតែមានទំហំធំ និងរឹងមាំ ដោយផ្តោតលើ ការគាំទ្រ និងជំរុញការផ្គត់ផ្គង់ និងតម្រូវការ ដែលត្រូវបានចុះខ្សោយដោយកូវីដ ១៩ ពោល គឺផ្តោតលើឧស្សាហកម្ម និងវិស័យដែលអាចងើបឡើងវិញបានយ៉ាងឆាប់រហ័ស និងដោយសុវត្ថិភាព។
គួរបញ្ជាក់ដែថា បើគ្មានកម្មវិធីជំនួយសេដ្ឋកិច្ចពិសេស ឬគ្មានកញ្ចប់ជំរុញសារពើពន្ធ និងរូបិយវត្ថុទេ នោះវៀតណាមនឹងបាត់បង់ឱកាស ហើយមិនបានសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំរបស់ខ្លួនថែមទៀតផង។ ទោះយ៉ាងណា ឱនភាពថវិការដ្ឋ និងបំណុលសាធារណៈរបស់វៀតណាម ឥឡូវនេះត្រូវបានគ្រប់គ្រងបានល្អប្រសើរ ហើយស្ថិតនៅក្នុងស្ថានភាពសុវត្ថិភាព។
កម្មវិធីស្តារសេដ្ឋកិច្ចទាំងមូលរបស់វៀតណាមដែលនឹងត្រូវអនុវត្តពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ អាចត្រូវការថវិកាប្រហែលជិត ២៩ ពាន់លានដុល្លារ ឬ ៨ ភាគរយនៃ GDP ឆ្នាំ ២០២០របស់វៀតណាម។ ហើយថវិកាទាំងនេះ នឹងត្រូវចែងចែកទៅកាន់វិស័យថែទាំសុខភាព, សន្តិសុខសង្គម, អាជីវកម្ម និង ការវិនិយោគសាធារណៈ ព្រោះកម្លាំងជំរុញចម្បងសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម គឺការវិនិយោគដើម្បីបង្កើនតម្រូវការ និងការផ្គត់ផ្គង់ដោយការលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក។
សូមរំឭកថា វៀតណាមជាប្រទេសមួយក្នុងចំណោមតំបន់អាស៊ានដែលរងគ្រោះដោយវិបត្តិកូវីដ១៩ ធ្ងន់ធ្ងរ។ ជាក់ស្ដែង អត្រាកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២០ បានកើនឡើង ជិត៣% ភាគរយ ប៉ុន្ដែ សម្រាប់ឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ២,៥ ភាគរយប៉ុណ្ណោះ៕
អត្ថបទ ស៊ើង និមល់