ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកវៀតណាម ក្រុមហ៊ុនបម្រើសេវាទេសចរណ៍ទាំងនោះ បានអះអាងថា ការដែលពង្រីកបន្ថែមចំនួនថ្ងៃមកស្នាក់នៅសម្រាប់ភ្ញៀវទេសចរបរទេសនេះ វានឹងធ្វើឲ្យពួកគេកាន់តែចង់មកម្ដងហើយចង់មកម្ដងទៀត។
ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន Vietnam News លោក ទូ គួ ថាញ់ នាយកក្រុមហ៊ុនធ្វើដំណើរ Federal បាននិយាយថា បច្ចុប្បន្ននេះ ទេសចរបរទេសទទួលបានការលើកលែងទិដ្ឋាការ ដោយត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសវៀតណាម តែចំនួន ១៥ថ្ងៃប៉ុណ្ណោះ ដែលចំនួននេះ គឺមានតិចជាងការចង់បានជាមធ្យមរបស់ភ្ញៀវទេសចរទាំងនោះ។
នាយកក្រុមហ៊ុន រូបនេះ បានឲ្យដឹងទៀតថា គោលនយោបាយលើកលែងទិដ្ឋាការ គួរតែត្រូវបានកំណត់ ដល់រយៈពេល៣០ថ្ងៃ ដូចប្រទេសផ្សេងៗទៀតដែរ ព្រោះថា មានទេសចរជាច្រើន គឺធ្វើដំណើរមកពីប្រទេសលោកខាងលិច ហើយរយៈពេល១៥ថ្ងៃ គឺមិនមានពេលវេលាយូរគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីស្នាក់នៅ ក្នុងប្រទេសវៀតណាមនោះទេ។
បើតាមក្រុមហ៊ុនទេសចរណ៍ជាច្រើនបានបញ្ជាក់ថា គោលនយោបាយលើកលែងទិដ្ឋាការ គួរតែត្រូវបានធ្វើកំណែប្រែឡើងវិញ ដើម្បីបង្កើតនូវលក្ខខណ្ឌប្រសើរជាងមុនសម្រាប់ភ្ញៀវទេសចរ។
លោក ផាម ហា ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Luxury Travel បានឲ្យដឹងដែរថា ទេសចរមកនៅស្នាក់នៅកាន់តែយូរ នោះពួកគេនឹងចំណាយកាន់តែច្រើន ដែលវានឹងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ លោក ផាម ហា បន្ថែមទៀតថា រដ្ឋគួរតែបង្កើនចំនួនពេលវេលាឲ្យទេសចរបរទេសអាចមកកម្សាន្ដដោយមិនចាំបាច់មានទិដ្ឋាការ ដែលនេះ វានឹងជួយឲ្យវៀតណាមកាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងផ្សេងៗទៀត។
នៅក្នុងវេទិកាពាណិជ្ជកម្មវៀតណាម ឆ្នាំ២០១៩ កាលពីខែមិថុនា កន្លងទៅនេះ ក្រុមការងារទេសចរណ៍ បានលើកសំណើរគោលនយោបាយលើកលែងជាច្រើន។ បន្ថែមពីនោះ វៀតណាមក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយប្រទេសជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសគឺគូរប្រជែងដែលជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នាតែម្ដង។
បើតាមក្រុមហ៊ុនទេសចរណ៍ បានឲ្យដឹងថា មានទីផ្សារសក្ដានុពលជាច្រើន ត្រូវការការលើកលែងទិដ្ឋាការ ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទីផ្សារធំៗដែលចំណាយលុយច្រើន និងស្នាក់នៅយូរ ដូចជា អូស្ត្រាលី ញ៉ូស័ឡែន ស្វីស៊ែឡែន ឥណ្ឌា និងសហភាពអឺរ៉ុប។
អ្នកជំនាញខ្លះ បានលើកឡើងថា ទេសចរអន្តរជាតិ មានការស្នាក់នៅជាមធ្យម យូរជាងប្រទេសខ្លះនៅតំបន់អាស៊ានមែន ប៉ុន្ដែពួកគេចំណាយតិចតួចប៉ុណ្ណោះ។ ទេសចរបទេស មកកម្សាន្ដក្នុងប្រទេសវៀតណាម ជាមធ្យមមានចំនួន ៩ថ្ងៃ កន្លះ ដោយភ្ញៀវម្នាក់ចំណាយលុយប្រមាណ ៩៦ ដុល្លារអាមេរិក សម្រាប់ការមកធ្វើដំណើរកម្សាន្ដមួយលើករបស់ពួកគេនៅវៀតណាម។ ដោយឡែកនៅសិង្ហបុរីវិញ ទេសចរស្នាក់នៅជាមធ្យមតែ ៣,៤ថ្ងៃប៉ុណ្ណោះ ដោយចំណាយ៣២៥ ដុល្លារ និងថៃ ទេសចរស្នាក់នៅរយៈពេលដូចវៀតណាមដែរ គឺ៩ ថ្ងៃកន្លះ តែការចំណាយមានច្រើនជាង គឺមានដល់ទៅ ១៦៣ដុល្លារអាមេរិក។
គួរបញ្ជាក់ថា តាមរបាយការណ៍ពីអាជ្ញាធរវៀតណាម នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិធ្វើដំណើរកម្សាន្ដនៅវៀតណាម មាន៨លាន ៥សែននាក់ កើនឡើង ៧,៥% ធៀបនឹងពាក់កណ្ដាលឆ្នាំ២០១៨។ នៅពេញ១ឆ្នាំ ២០១៩នេះ វៀតណាមរំពឹងដែរថា ទេសចរអន្តរជាតិនឹងកើនឡើងដល់ ១៨លាននាក់ និងទេសចរក្នុងស្រុក ៨៥លាននាក់ និងអាចរកចំណូលបាន ប្រមាណ ៣០ ពាន់លានដុល្លារអាមេរិក៕