តួយ៉ាង នៅត្រឹម១១ខែឆ្នាំ២០២១ វៀតណាម និងកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មដល់ទៅជាង៨ពាន់លានដុល្លារឯណោះ។ ក៏ប៉ុន្ដែ បើមើលទៅលើការវិនិយោគវិញ បច្ចុប្បន្នវៀតណាម នៅតែបន្ដការវិនិយោគច្រើនក្នុងប្រទេសឡាវដោយមានទំហំទុនវិនិយោគសរុបដល់ទៅប្រមាណ ៥ពាន់លានដុល្លារឯណោះ ខណៈវៀតណាមវិនិយោគនៅកម្ពុជាមានត្រឹមតែជាង២ពាន់៨រយលានដុល្លារប៉ុណ្ណោះ។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោកត្រាង កុក ផួង (Tran Quoc Phuong) បានឱ្យដឹងថា តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ ត្រូវបានគេប៉ាន់ប្រមាណថាមានជាង ១ពាន់៣រយលានដុល្លារក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើងជាង ៣០ភាគរយបើធៀបទៅនឹងឆ្នាំ២០២០។
បើធៀបនឹងទំហំពាណិជ្ជកម្មដែលកម្ពុជាមានជាមួយវៀតណាមវិញ ឃើញថាពាណិជ្ជកម្មឡាវជាមួយវៀតណាម នៅតាមកម្រិតតិចតួចនៅឡើយទេ ពោលគិតត្រឹម ១១ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមសម្រេចបានដល់ទៅជាង ៨ពាន់៦រយលានដុល្លារ កើនឡើងជាង៨៤%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងដល់ទៅ ៣៣៧%ឯណោះ។ នេះបើតាមតួលេខពីគយវៀតណាម។
ទោះយ៉ាងណា បើមើលទៅលើការវិនិយោគវិញ វៀតណាមបច្ចុប្បន្ននេះ មានគម្រោងវិនិយោគដែលមានសុពលភាពចំនួន ២០៩ នៅក្នុងប្រទេសឡាវ ជាមួយនឹងដើមទុនចុះបញ្ជីសរុបប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ កាលពីឆ្នាំ២០២១ វៀតណាមមានវិនិយោគគម្រោងថ្មីចំនួន ៥បន្ថែមទៀតនៅឡាវ និងមានគម្រោងចំនួន ៤ទៀត បានកែសម្រួលដើមទុន ជាមួយនឹងដើមទុនសរុបចំនួនជិត ១១៣ លានដុល្លារអាមេរិក កើនឡើង ២៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
គម្រោងជាច្រើនរបស់វៀតណាមនៅឡាវនៅតែបានបន្តដំណើរការសកម្មភាពបានល្អ
នឹងបានផ្ដល់នូវប្រាក់ចំណូលពន្ធដល់រដ្ឋាភិបាល
បង្កើតការងារដែលមានស្ថិរភាពសម្រាប់ពលកររាប់ម៉ឺននាក់ និងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការជំរុញវិស័យសេដ្ឋកិច្ចក្នុងប្រទេសឡាវផងដែរ។
ជាលទ្ធផល សហគ្រាសវៀតណាមបានរួមចំណែកជាង ១
ពាន់លានដុល្លារដល់កញ្ចប់ថវិកាជាតិរបស់ប្រទេសឡាវ
ព្រមទាំងបានបរិច្ចាគប្រហែល ៨០
លានដុល្លារសម្រាប់សកម្មភាពសុខុមាលភាពសង្គមក្នុងរយៈពេល ៥
ឆ្នាំកន្លងមកនេះផងដែរ។
ដោយឡែក បើមើលទៅលើការវិនិយោគវៀតណាម នៅកម្ពុជាវិញ ឃើញថានៅត្រឹម១១ខែ ឆ្នាំ២០២១ វៀតណាមបានវិនិយោគគម្រោងថ្មីចំនួន ៤គម្រោងនៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីជិត៩០លានដុល្លារអាមេរិក កើនឡើងជាង៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ការអះអាងរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន សៀនហ្វុក នៅក្នុងជំនួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីថ្ងៃពុធ ទី២២ ខែធ្នូ។
បើគិតសរុបមកទល់បច្ចុប្បន្ននេះ វៀតណាមបាន និងកំពុងវិនិយោគនៅកម្ពុជាលើគម្រោងចំនួន១៨៨គម្រោង និងមានទុនចុះបញ្ជីសរុបជាង២ពាន់៨រយលានដុល្លារអាមេរិក។ ដូច្នេះ បើប្រៀបធៀបទំហំវិនិយោគ ឃើញថា វៀតណាមបានវិនិយោគនៅឡាវ ច្រើនជាងកម្ពុជាដល់ទៅប្រមាណជាង២ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ប្រទេសវៀតណាម និងឡាវ ក៏កំពុងផ្តោតលើការពិភាក្សាអំពីវិធានការដោះស្រាយភាពលំបាកដែលសហគ្រាសកំពុងជួបប្រទះផងដែរ ជាពិសេសទាក់ទងនឹងដើមទុន ការបង់ពន្ធ ការនាំចូល-នាំចេញ និងការជួលដី ខណៈដែលប្រទេសទាំងពីរក៏មានការយល់ព្រមសម្របសម្រួលក្នុងការបង្កើតច្រករបៀងស្របច្បាប់ប្រកបដោយស្ថិរភាព និងតម្លាភាពរវាងប្រទេសទាំងពីរដើម្បីដោះដូរពាណិជ្ជកម្មផងដែរ។
ដោយឡែក ទាក់ទិននឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ឡាវ និងវៀតណាម បានឯកភាព លើការជំរុញកំណើននៃទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២២នេះ ដោយខិតខំសម្រេចបាននូវការកើនឡើងប្រកបដោយស្ថិរភាព ១០ ភាគរយ ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ ២០២១៕