ក្រុមហ៊ុនយក្ស​មួយនៅវៀតណាម សម្លឹងមើលទីផ្សារអាមេរិក!

ក្រុមហ៊ុន​យក្សមួយ​របស់​វៀតណាម​សម្លឹង​មើល​ទីផ្សារ​អាមេរិក សម្រាប់​ការនាំចេញ​រថយន្ត​​និង​ទូរស័ព្ទ​ស្មាតហ្វូន


ក្រុមហ៊ុនធំជាងគេបំផុតមួយ នៅវៀតណាម គឺក្រុមហ៊ុន Vingroup បាន​ដាក់​ចេញ​នូវ​ផែនការ​ដ៏មហិច្ឆតា​និង​ដ៏លំបាក​មួយ​ ដើម្បី​នាំចេញ​រថយន្ត​និង​ទូរស័ព្ទ​ស្មាតហ្វូន ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក នៅក្នុង​ពេល​អនាគត​ខាងមុខនេះ។
VinFast ជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Vingroup ដែល​ផលិតរថយន្ត​ នៅវៀតណាម។

លោក ផាម ញ៉ាត់វង់ (Pham Nhat Vuong) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Vingroup បាន​និយាយ​នៅក្នុង​កិច្ច​ប្រជុំ​ភាគហ៊ុនិក កាលពីសប្ដាហ៍មុនថា "នេះគឺជា​ការធ្វើតេស្តមួយ។ ប្រសិនបើ​យើង​ឈ្នះលើ​ទីផ្សារ​ដ៏លំបាក​បំផុត​មួយ​នេះ យើង​អាច​ចូលទៅកាន់​ទីផ្សារផ្សេងទៀត​បាន​យ៉ាងងាយស្រួល។ យើងត្រូវតែ​ដាក់ចេញ​នូវ​គោលដៅ​ឲ្យ​ខ្ពស់" ។ 

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Vingroup ដែល​គ្រោង​នឹង​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួនទៅលក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក រួមមាន ក្រុមហ៊ុន VinFast ដែល​ផលិតរថយន្ត និង​ក្រុមហ៊ុន VinSmart ជាក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន។ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងពីរនេះ គឺ​ជា​ធុរកិច្ច​ស្នូល​ថ្មីរបស់​ក្រុមហ៊ុន​មេ Vingroup ។ 

ក្រុមហ៊ុន VinFast កាលពីសប្ដាហ៍មុន បានធ្វើតេស្តសាកល្បង​ម៉ូដែល​ឡាន​អាគុយ​លើកដំបូង​បង្អស់របស់ខ្លួន នៅទីក្រុងហាណូយ ដើម្បីត្រៀមលក្ខណៈ​សម្រាប់​ការយកទៅ​ដាក់​តាំងពិព័រណ៍​រថយន្ត​នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០នេះ។ ទោះបី​ក្រុមហ៊ុន​មិនបាន​បង្ហាញ​តួលេខ​ផ្លូវការក្ដី ប៉ុន្តែ ទិន្នន័យ​ផ្លូវការបង្ហាញថា នៅត្រីមាសទីមួយ​ឆ្នាំ​២០២០នេះ ក្រុមហ៊ុន​ VinFast លក់រថយន្ត​បានជាង ៥១០០គ្រឿង ដោយ​ជាប់ចំណាត់ថ្នាក់​លេខ៥ នៅក្នុង​ការលក់រថយន្ត​សរុបនៅ​វៀតណាម ។ 

ចំណែក​ឯក្រុមហ៊ុន VinSmart វិញ បាន​លក់​ទូរស័ព្ទ​ស្មាតហ្វូន បានចំនួន ១,២លានគ្រឿង ក្នុង​រយៈពេល ១៧ខែ ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងចំណែក​ទីផ្សារ​ទូរស័ព្ទ​នៅវៀតណាម បន្ទាប់ពី​ទូរស័ព្ទ​ម៉ាក Samsung របស់​កូរ៉េខាងត្បូង និងទូរស័ព្ទ​ម៉ាក Oppo របស់​ចិន។

ប៉ុន្តែ ទោះយ៉ាងនេះ​ក្ដី លោក ផាម ញ៉ាត់វង់​ បាន​ព្រមានថា គេ​បានរំពឹងទុកថា ក្រុមហ៊ុន​ថ្មីទាំងពីរនេះ​អាចនឹង​រកស៊ី​ខាត​ពី ៣ ទៅ ៥ឆ្នាំ។ លោក វង់ និយាយថា "សម្រាប់រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុខនេះ ទិសដៅរបស់យើង​មិនមែន​ជា​ប្រាក់​ចំណេញទេ ប៉ុន្តែ យើង​ធ្វើយ៉ាងណា​គ្រប់គ្រង​ទីផ្សារ​ឲ្យបាន" ។ 

ក្រុមហ៊ុន Vingroup មានចំណែកទីផ្សារ​សរុបប្រមាណ ១៤ពាន់លានដុល្លារអាមេរិក ប៉ុន្តែ ក្រុមហ៊ុន​ក៏កំពុងប្រឈមនឹង​ផលប៉ះពាល់ពី​ជំងឺ​កូវីដ១៩ផងដែរ។ ក្រុមហ៊ុន​បាន​ប្រកាសពីពេលថ្មីៗនេះថា ខ្លួននឹងរឹតត្បិត​ការចំណាយ និង​ការវិនិយោគ​នៅឆ្នាំ​នេះ ដើម្បីកាត់បន្ថយ​ចំណាយប្រតិបត្តិការ និង​ផ្ដោតសំខាន់ទៅលើ​ការ​អភិវឌ្ឍ​ធុរកិច្ចដែលមានស្រាប់​របស់ខ្លួន។ 

នៅឆ្នាំនេះ ក្រុមហ៊ុនគ្រោង​សម្រេចបាន​ចំណូល ៦,២ពាន់លានដុល្លារអាមេរិក ដែលនឹង​កើនឡើង ១២% បើធៀបនឹងឆ្នាំ​២០១៩ រួមទាំង​គ្រោង​សម្រេចឲ្យ​បាន​នូវ​ប្រាក់ចំណេញ ២១៤​លានដុល្លារអាមេរិក (បន្ទាប់ពី​បង់ពន្ធ​រួច) ដែល​ថយ​ចុះ ៣៥%៕




អត្ថបទបន្ទាប់


ជប៉ុន​ពិចារណា​លើកការរឹតត្បិតចំពោះ​អ្នកដំណើរ​មកពី​ថៃ វៀតណាម អូស្ត្រាលី និង​ញូវហ្ស៊ីលែន ក្នុងពេលឆាប់ៗ​ខាងមុខ

ប្រទេសជប៉ុន​កំពុងពិចារណាលើកលែង​ការរឹតត្បិត​ចូល​ទៅលើ​អ្នកធ្វើដំណើរមកពី​ប្រទេស​ថៃ វៀតណាម អូស្ត្រាលី និង​ញូវហ្ស៊ីលែន ដោយសារសង្កេតឃើញថា ប្…

CP នឹងទិញយកអាជីវកម្មហាងលក់រាយ Tesco នៅថៃ និងម៉ាឡេស៊ីក្នុងតម្លៃជាង ១០ពាន់លានដុល្លារ

ក្រុមហ៊ុនយក្សរបស់ថៃ ដែលវិនិយោគក្នុងពហុវិស័យទាំងនៅក្នុង និងក្រៅប្រទេស គឺ Charoen Pokphand Group ដែលគេស្គាល់ថា ក្រុមហ៊ុន CP នោះ បានកំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ