
ប្រភពព័ត៌មានវៀតណាម Vietnam Express បានឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍ និងវិនិយោគទេសចរណ៍លើកោះភូកុក JSC បាន ចំណាយទុនវិនិយោគប្រមាណជាង ២ពាន់លានដុល្លារអាមេរិក សាងសង់រីស៊ត និងកាស៊ីណូ Corona ដោយកាស៊ីណូនេះ នឹងបើក ២៤ម៉ោងក្នុងមួយថ្ងៃ សម្រាប់ជាគម្រោងសាកល្បងរយៈពេល ៣ឆ្នាំ។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋវៀតណាម ដែលចង់ទៅលេងល្បែង នៅក្នុងកាស៊ីណូនេះ ត្រូវមានអាយុលើសពី ២១ឆ្នាំ និងរកចំណូលបានយ៉ាងតិច ៤៣០ដុល្លារអាមេរិក ក្នុងមួយខែ និងមិនមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងបទឧក្រិដ ឬការជំទាស់ពីក្រុមគ្រួសារនោះឡើយ។
រីឯតម្លៃសេវាដើម្បីអាចចូលលេងល្បែងវិញ មួយថ្ងៃ គឺ ៤៣ ដុល្លារអាមេរិក ឬ ១ខែ ១ពាន់ដុល្លារអាមេរិក។

ប្រទេសវៀតណាម ធ្លាប់មានវិធានការយ៉ាងតឹងរឹងបំផុត ក្នុងការហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួន ចូលលេងល្បែងក្នុងកាស៊ីណូទាំង ៧កន្លែងនៅទូទាំងប្រទេស ហើយអនុញ្ញាតឲ្យតែជនបរទេសប៉ុណ្ណោះ ដែលអាចចូលលេងល្បែងនៅកាស៊ីណូបាន។ មិនតែប៉ុណ្ណោះ វៀតណាម បានចាត់ទុកថាការលេងល្បែងស៊ីសងនេះ គឺជារឿងអាក្រក់បំផុតក្នុងសង្គម។
ប៉ុន្ដែ ស្រាប់តែពេលនេះ រដ្ឋាភិបាលប្រទេសនេះ បែរជាបើកដៃឲ្យប្រជាជនខ្លួន អាចចូលល្បែងក្នុងកាស៊ីណូបានយ៉ាងស្របច្បាប់ទៅវិញ។
ដ្បិតតែយ៉ាងនេះក្ដី កន្លងមក ក៏មានប្រជាជនវៀតណាមជាច្រើនបានចូលមកលេងល្បែងនៅតាមកាស៊ីណូមួយចំនួននៅទឹកដីកម្ពុជាផងដែរ ដូចជានៅបវិត និងកំពង់សោមជាដើម។
គួរបញ្ជាក់ថា ចំណូលរបស់ពលរដ្ឋវៀតណាមម្នាក់ៗនៅឆ្នាំ២០១៨ កន្លងទៅនេះ មាន ២.៥០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

តែយ៉ាងណា បើតាមអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា វត្តមានកាស៊ីណូរបស់វៀតណាមនៅលើកោះ ភូកុក ឬកោះត្រល់នេះ ក៏អាចនឹងកាត់បន្ថយចំនួនប្រជាជនវៀតណាមចូលមកលេងល្បែងនៅនៅកាស៊ីណូនៅកម្ពុជាផងដែរ មិនតែប៉ុណ្ណោះ វាក៏អាចជាមេដែកមួយថ្មីបន្ថែមទៀតសម្រាប់វៀតណាមក្នុងការស្រូបទាញទេសចរ បរទេសទៅលេងកម្សាន្ដនៅកោះភូកុក ឬខ្មែរយើងហៅថា កោះត្រល់នេះ ខណៈដែលកោះដ៏ធំមួយនេះ មានចម្ងាយមិនឆ្ងាយប៉ុន្មានឡើយពីខេត្តព្រះសីហនុ និងខេត្តកំពតកែបរបស់កម្ពុជាយើង។