លោក ង្វៀន កុក ថូន អគ្គនាយកនៃអាជ្ញាធរកែច្នៃ និងអភិវឌ្ឍទីផ្សារកសិកម្ម ដែលស្ថិតនៅក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា កូវីដ-១៩ ពិតជាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញផលិតផលកសិកម្មវៀតណាម ហើយការដែលរក្សាបាននូវតួលេខកំណើននៅឆ្នាំនេះ ទោះបីតិចក្ដី ច្រើនក្ដី អាចនិយាយបានគឺជាភាពជោគជ័យធំមួយរួចទៅហើយ។
នៅក្នុងរយៈពេល ៩ខែដំបូងនៅឆ្នាំ២០២០នេះ លោក ង្វៀន កុក ថូន បានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្ម សុរបមានប្រមាណ៣០ពាន់លានដុល្លារអាមេរិកហើយ ដែលមានកំណើន១,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនៅខែតុលាកន្លងទៅនេះការនាំចេញកសិកម្មវៀតណាមមានដល់ទៅជិត៤ពាន់លានដុល្លារ។
មានផលិតផលកសិកម្មចំនួន ៨ មុខដែលមានការនាំចេញក្នុងទំហំលើសពី១ពាន់លានដុល្លារ សម្រាប់ផលិតផលមួយមុខៗ។ ខណៈដែលផលិតផលចំនួន ៦មុខផ្សេងទៀតនោះ គឺមានការនាំចេញដល់ទៅជាង ២ពាន់លានដុល្លារ ក្នុងមួយមុខៗ។
ជាមួយគ្នានេះ ប្រទេសវៀតណាម បាននាំចេញអង្ករប្រមាណ៤លាន៨សែនតោនផងដែរ នៅ៩ខែឆ្នាំនេះ តែធ្លាក់ចុះ ០,៨% ខណៈដែលប្រាក់ចំណូលពីការនាំចេញអង្ករវិញមានដល់ជាង២ពាន់៤រយលានដុល្លារកើនឡើងជិត១២%។
តួលេខនាំចេញកសិកម្មរបស់វៀតណាម គេរំពឹងថា នឹងនៅតែមានការកើនឡើងទៀត ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប-វៀតណាម។ នេះបើតាមការអះអាងរបស់លោក ដូ ហៅ ណាម អនុប្រធានសមាគមអាហារសមុទ្រវៀតណាម។
ទន្ទឹមនឹងគ្នានេះ ការនាំចេញឈើ និងគ្រឿងសង្ហារឹមក៏មានការកើនឡើងដល់ទៅជិត៨ពាន់៥រយលានដុល្លារផងដែរ នៅ៩ខែដំបូងនៃឆ្នាំនេះ ដោយមានការកើនឡើងជាង១២%។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម គឺលោក ផុង ឌុក ទៀន បានលើកឡើងថា ជាមួយនឹងតម្រូវការដ៏ធំសម្បើមនៅអំឡុងពេលកូវីដ-១៩នេះ កត្តាសំខាន់ក្នុងការបង្កើនការនាំចេញផលិតផលកសិកម្ម គឺត្រូវធ្វើឲ្យមានភាពប្រសើរឡើងនៃគុណភាពនៃការផលិតកម្មកសិកម្មទាំងនោះ។
លោកអនុរដ្ឋមន្ត្រីបន្ថែមថា ការបញ្ជាទិញពីសហភាពអឺរ៉ុប មានការកើនឡើងតាំងពីដើមខែ សីហាមកម្ល៉េះ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម បានចូលជាធរមាន។ លោកបន្ថែមថា ការចូលទៅក្នុងទីផ្សារដែលពោរពេញមានការជ្រើសរើសតឹងរឹងបែបនេះ នឹងអាចជាការត្រួសត្រាយផ្លូវសម្រាប់ផលិតផលក្នុងស្រុក ដើម្បីកាន់តែអាចសមត្ថភាពជ្រៀតចូលទៅកាន់ទីផ្សារដទៃទៀតផងដែរ។
នៅរយៈពេលប្រមាណ២ខែចុងក្រោយនេះ គេរំពឹងថា បញ្ហាគ្រោះមហន្ដរាយធម្មជាតិ និងកូវីដ-១៩ នឹងនៅតែបន្ដជាបញ្ហាដ៏ស្មុគស្មាញ ប៉ុន្ដែ វិស័យកសិកម្មនៅតែកំណត់គោលដៅថា នឹងនាំចេញឲ្យបានក្នុងកំណើន១០ពាន់លានដុល្លារ ពោលគឺធ្វើយ៉ាងណាឲ្យការនាំចេញកសិកម្មសរុបកើនដល់ទំហំ ៤០ពាន់លានដុល្លារនៅពេញ១ឆ្នាំ២០២០នេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មវៀតណាម បានគូសបញ្ជាក់ថា ក្រសួងនឹងធ្វើការងារសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីរក្សានូវស្ថានភាពនៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន ជប៉ុន អាមេរិក និងអឺរ៉ុបជាដើម សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ក្រុមហ៊ុនផលិត និងនាំចេញទាំងអស់៕