បន្ថែមលើបញ្ហាទាំងនេះ វិស័យកសិកម្ម ក៏បាននិងកំពុងជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់ ដោយសារតែឥទ្ធិពលនៃវិបត្តិកូវីដ១៩ និងការអូសបន្លាយសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ផងដែរ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្ម នៅតែបង្ហាញពីភាពរឹងមាំរបស់វិស័យនេះ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈលំហូរនៃការនាំចេញផលិតផលកសិកម្ម ជាបន្តបន្ទាប់ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យបណ្ដាទីផ្សារអន្តរជាតិ កាន់តែស្គាល់ច្បាស់ពីគុណភាពផលិតផលកសិកម្មរបស់កម្ពុជា។
វិស័យកសិកម្ម នៅតែជាវិស័យសំខាន់ ដែលជួយផ្ដល់ការងារជូនប្រជាពលរដ្ឋ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ។ ក្នុងឆ្នាំ២០២១ វិស័យកសិកម្មបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណ២៤% នៃផលិតផលក្នុងស្រុកសរុប ដែលមានកំណើនតម្លៃបន្ថែមចំនួន ៤,៧%។ ក៏ប៉ុន្ដែ បញ្ហាកម្លាំងពលកម្ម បានក្លាយជាបញ្ហាប្រឈមខ្លាំង ក្នុងវិស័យកសិកម្ម នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា នៅប៉ុន្មានឆ្នាំខាងមុខកម្លាំងពលកម្មក្នុងវិស័យកសិកម្ម កាន់តែថយចុះបន្ថែមទៀត។ ជាក់ស្ដែង កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មបានថយចុះពី ៤១% នៅឆ្នាំ២០១៥ មកត្រឹម ៣៥% នៅឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ថ្លែងនាឱកាសសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីភាពរឹងមាំ និងភាពធន់របស់វិស័យកសិកម្មកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ តែម្ដង ក្នុងការជំរុញនូវផលិតភាពក្នុងវិស័យកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមឯកឧត្តម ស្រី វុឌ្ឍី គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើន ៦៤% ដោយនៅឆ្នាំ២០១៧ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណ ៥លានតោន ប៉ុណ្ណោះ ក៏ប៉ុន្តែ នៅឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្ម មានរហូត ៨លានតោន។
ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានកត់សម្គាល់ឃើញថា សន្ទុះនៃការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសការនាំចេញទៅទីផ្សារចិន តែម្ដង។ បើតាម ឯកឧត្តម ងិន ឆាយ បច្ចុប្បន្ន កម្ពុជា អាចនាំផលិតផលកសិកម្ម ចំនួន ៣៥មុខហើយ ទៅកាន់ទីផ្សារចិន ខណៈមៀនប៉ៃលិន គឺជាផលិតផលថ្មីមួយមុខទៀត ដែលកម្ពុជាអាចនឹងនាំចេញទៅប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី មន្រ្តីជាន់ខ្ពស់កសិកម្មរូបនេះ ក៏បានគូសបញ្ជាក់ដែរថា រយៈពេលកន្លងមក វិស័យកសិកម្ម ក៏បានជួបប្រទះនូវបញ្ហាមួយចំនួនដែរ ពិសេសអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ដែលធ្វើឲ្យផលិតផលកសិកម្ម មួយចំនួនត្រូវកកស្ទះ ដូចជា ផ្លែមៀនប៉ៃលិន និងផ្លែស្វាយស្រស់ ជាដើម។ បើតាមការបញ្ជាក់ពីឯកឧត្តម ងិន ឆាយ ការអនុវត្តគោលការណ៍គ្មានកូវីដ១៩ របស់រាជរដ្ឋាភិបាលចិន បានជិះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការនាំចេញផលិតផលកសិកម្មកម្ពុជា ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ភាគីកម្ពុជា និងចិន បាននិងកំពុងពិភាក្សាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម។
ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានកត់សម្គាល់ឃើញថា នារយៈពេលចុងក្រោយនេះ វិស័យកសិកម្មកម្ពុជា ពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែ វិស័យនេះក៏បានរងនូវបញ្ហាប្រឈម ដូចជា ការប្រែប្រួលអាកាសធាតុ,ទីផ្សារគ្មានស្ថិរភាព និងថ្លៃដើមផលិតកើនខ្ពស់។ បន្ថែមលើនោះ បញ្ហាថយចុះនៃកម្លាំងពលកម្ម ក្នុងផលិតកម្មដំណាំស្វាយចន្ទី ក៏នៅតែជាក្ដីព្រួយបារម្ភ ក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ខណៈបច្ចុប្បន្ន មានកសិករមួយចំនួនបានបោះបង់ការដាំដុះស្វាយចន្ទី ជាបណ្ដើរៗ ព្រោះកត្តាកង្វះកម្លាំងពលកម្ម ការចំណាយលើថ្លៃដើមផលិតកាន់តែខ្ពស់ និងតម្លៃស្វាយចន្ទី គ្មានស្ថិរភាព។ បើតាមលោក អួន ស៊ីឡុត នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាម ជាង ៦១ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៩០០លានដុល្លារ មានការថយចុះ ៤៤% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ដ្បិតថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទី មានការថយចុះ តែប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា តម្លៃស្វាយចន្ទី ឆ្នាំនេះហាក់ប្រសើរជាងឆ្នាំ២០២១ ដោយគ្រាប់ស្វាយចន្ទីស្ងួតនៅឆ្នាំនេះមានតម្លៃចន្លោះពី ១ ៣៥០ដុល្លារ ទៅ ១ ៧០០ដុល្លារ ក្នុង១តោន។
បើទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្ម ក៏បានបង្ហាញពីការព្រួយបារម្ភខ្លះដែរ ពីបញ្ហាប្រឈមដែលបាននិងកំពុងកើតមាននៅក្នុងវិស័យនេះ ដូចជា កត្តាប្រែប្រួលអាកាសធាតុ,ផលិតភាពកសិកម្មរបស់កសិករខ្នាតតូចនៅមានកម្រិត, ចំណេះដឹងរបស់កសិករផ្នែកបច្ចេកទេសកសិកម្មទំនើបនៅមានកម្រិត, ការប្រកួតប្រជែងទីផ្សារ, ការកើនឡើងថ្លៃដើមផលិត ដូចជា ថ្លៃប្រេង ជីគីមី ថ្លៃដឹកជញ្ជូន ឡូជីស្ទិក ឡើងខ្ពស់ ជាដើម នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យកសិកម្មកម្ពុជា នៅឡើយ។
យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម សរុប ៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណ២៤% នៃផលិតផលក្នុងស្រុកសរុប។ ដោយឡែក ការចូលរួមពីអនុវិស័យក្នុងផលិតផលក្នុងស្រុកសរុប រួមមាន ផលិតកម្មដំណាំ ៥៧%,កៅស៊ូ ៥៧%, ផលិតកម្មសត្វ ១១% ,ជលផល ២៤%, និងព្រៃឈើ ៧%៕