សមាគមទីផ្សារភាគហ៊ុនថៃ បានរាយការណ៍ថា ការចេញប័ណ្ណបំណុលថ្មីក្នុងឆ្នាំ២០២៤នឹងមានចន្លោះពីជិត២៦ពាន់លានដុល្លារទៅដល់ជិត២៩ពាន់លានដុល្លារ ពោលគឺមានស្ថានភាពប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation។
លោក ស៊ុមជិន ស៊នប៉ៃសាន ( Somjin Sornpaisarn ) នាយកគ្រប់គ្រងក្រុមហ៊ុនថៃ ប៊ីអឹមអេ ( ThaiBMA ) បាននិយាយថា ផ្អែកលើស្ថិតិនេះ គេអាចឃើញអត្រាវិលជុំជាមធ្យមនៃបំណុលគឺប្រហែល៦០% នៃប័ណ្ណបំណុលដែលត្រូវទូទាត់។
លោកបានបន្តថា នៅឆ្នាំនេះ មូលបត្របំណុលដែលមានតម្លៃប្រមាណជាង២៥ពាន់លានដុល្លារ នឹងត្រូវដល់កំណត់ត្រូវដោះស្រាយ ដែលក្នុងនោះបំណុលប្រមាណ៩០% គឺជាប័ណ្ណបំណុលកម្រិតវិនិយោគ។ ពាក់ព័ន្ធនឹងការទូទាត់បំណុលនេះ លោក បានលើកឡើងថា នៅក្នុងកាលៈទេសៈនៅពេលនេះ វាហាក់ដូចជាពិបាកក្នុងការទស្សន៍ទាយថាតើការចេញប័ណ្ណបំណុលដែលបានកំណត់ពេល នឹងប៉ះពាល់ដល់ការបោះផ្សាយមូលបត្របំណុលនៅឆ្នាំនេះឫយ៉ាងណានៅឡើយ នៅក្នុងដំណើរការជួញដូរនៅផ្សារហ៊ុន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនដែលកំពុងតែមានបញ្ហាបំណុលទាំង៧ នោះ រួមមានក្រុមហ៊ុន CP All មានទំហំប្រមាណជាជិត៧ពាន់លានដុល្លារ, ក្រុមហ៊ុន True Corporation មានទំហំប្រមាណជាជាង៥ពាន់លានដុល្លារ, ក្រុមហ៊ុន PTT Plc មានទំហំប្រមាណជាង៤ពាន់លានដុល្លារ, Siam Cement Plc មានទំហំប្រមាណជាង៤ពាន់លានដុល្លារ, Gulf Energy Development Plc មានទំហំប្រមាណជាង៣,៨ពាន់លានដុល្លារ, Charoen Pokphand Foods Plc មានទំហំប្រមាណជាង៣,៦ពាន់លានដុល្លារ និងក្រុមហ៊ុន True Move H Universal Co Ltd Communication Plc មានទំហំប្រមាណជាង៣,៥ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ