ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ចុងក្រោយមួយរបស់ខ្លួន ស្ដីពីទស្សនវិស័យសេដ្ឋកិច្ចសកល ដោយក្នុងនោះ ធនាគារពិភពលោកបានបង្ហាញការរំពឹងទុកនៃសេដ្ឋកិច្ចសកលថា នឹងមានកំណើនប្រមាណ ៥,៦% នៅក្នុងឆ្នាំ២០២១ ដែលអត្រានេះបានកើនលើសការព្យាករកាលពីខែមករា ដល់ទៅ ១,៥%។
របាយការណ៍ធនាគារពិភពលោកដដែលបង្ហាញថា នេះជាកំណើនខ្ពស់ជាងគេមួយក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយ ក្នុងប្រវត្តិសាស្ត្រកំណើនសេដ្ឋកិច្ចសកល ក្រោយពិភពលោកជួបវិបត្តិធ្ងន់ធ្ងរ។
យ៉ាងណាមិញ ធនាគារពិភពលោក បានទាញសញ្ញាព្រមានចំពោះប្រទេសជាច្រើន ក្នុងនោះបានសង្កត់ធ្ងន់លើប្រទេសក្រីក្រ ដែលកំពុងត្រូវបានគេមើលរំលង ជាហេតុធ្វើឲ្យប្រទេសក្រីក្រទាំងអស់នោះ ត្រូវការពេលជាច្រើនឆ្នាំ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ឲ្យស្មើទៅនឹងអត្រាកំណើននៅមុនពេលមានមេរោគកូវីដ១៩ រាតត្បាត។
ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស់ បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថា ប្រទេសធំៗ ដែលជាប្រទេសអ្នកមាន ក្រសោបបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើនលើសលុប ស្ទើរតែលើសពីតម្រូវការ ដែលវាបានអនុញ្ញាតឲ្យប្រទេសទាំងនោះ អាចឈានជើងចេញពីវិបត្តិបានឆាប់រហ័ស ពោលគឺសកម្មភាពសេដ្ឋកិច្ចបានវិលមករកសភាព ស្ទើរតែធម្មតាឡើងវិញ។ ខណៈពេលដែលប្រទេសក្រីក្រ នៅត្រដរខ្យល់មិនមានវ៉ាក់សាំងប្រើប្រាស់គ្រប់គ្រាន់ ហើយថែមទាំងដើរអូសជើងក្នុងរលកឆ្លងនៅឡើយទេ។ ប្រការនេះ បាននិងកំពុងបង្កក្តីព្រួយបាម្ភថា ប្រទេសក្រីក្រនឹងត្រូវបានគេមើលរំលង និងទុកឲ្យពួកគេប្រឈមនឹងហានិភ័យជាច្រើន ដូចជា ការជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និង រលកឆ្លងកូវីដ១៩ដែលពិបាកនឹងទប់ទល់។
ជាក់ស្តែង នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ធនាគារពិភពលោកដដែលបានព្យាករទម្លាក់សេដ្ឋកិច្ចក្នុងឆ្នាំនេះ និង ឆ្នាំក្រោយ របស់ក្រុមប្រទេសមានប្រាក់ចំណូលទាប មកនៅត្រឹមប្រមាណ ២,៩% ដែលកំណើននេះជាកំណើនយឺតបំផុត ក្នុងរយៈពេល ២ទសវត្សចុងក្រោយ។
សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះមានតែជាង ០,៣% នៃពលរដ្ឋស្ថិតក្នុងក្រុមប្រទេសអ្នកមានប្រាក់ចំណូលទាបប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ចំនួនមួយដូស។ ជាមួយគ្នានេះ បើតាមការបាយការណ៍ធនាគារពិភពលោក នៅត្រឹមចុងឆ្នាំ២០២១នេះ មនុស្សជាង ១០០ លាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង ដោយសារតែរងផលប៉ះពាល់ពីកូវីដ-១៩៕