លោក សយ សំណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា មូលហេតុ ដែលខេត្តកំពតបានបាត់ភ្ញៀវទេសចរកាលពីខែមេសាកន្លងទៅនោះ ព្រោះបញ្ហាជំងឺកូវីដ-១៩ ម្យ៉ាងវិញទៀត ឆ្នាំនេះ រាជរដ្ឋាភិបាលក៏បានផ្អាកប្រារព្វពិធីបុណ្យចូលឆ្នាំផង។
លោកបានបន្តថា « តាមពិតទៅខេត្តកំពតទើបតែចាប់ផ្តើមថយចុះភ្ញៀវទេសចរពីត្រឹមពាក់កណ្តាលខែមីនា រហូតដល់ពាក់កណ្តាលខែមេសាប៉ុណ្ណោះ ក៏ព្រោះតែរាជ រដ្ឋាភិបាលបានប្រកាសឲ្យបិទទីតាំងកម្សាន្ដបណ្តោះអាសន្នសិន គួបផ្សំនឹងការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋផងដែរ»។
លោកបានបន្ថែមថា«ជារៀងរាល់ឆ្នាំ នៅក្នុងមេសាតែងតែមានភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកមកលេងកម្សាន្ដច្រើនជាងគេ ព្រោះថាជារដូវចូលឆ្នាំផង តែឆ្នាំនេះ ថយចុះជាង ៩០% ក៏ព្រោះតែកូវីដ១៩ នេះឯង»។
យ៉ាងណាមិញ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា ក្រោយពីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ ហើយបម្រាមដែលរាជរដ្ឋាភិបាលបានប្រកាស ដែលមិនឲ្យមានការឆ្លងទៅមករវាងរាជធានីនិងខេត្ត ខេត្តនិងខេត្តក៏បានអស់សុពលកាលថ្ងៃទី១៦មេសាទៅ ភ្ញៀវទេសក្នុងស្រុកបានចាប់ផ្តើមកើនឡើងវិញជាធម្មតា ប៉ុន្តែមិនមានភ្ញៀវអន្តរជាតិនោះទេ។
សូមជម្រាបថា បើតាមការឲ្យដឹងពី លោកប្រធានមន្ទីរទេសចរណ៍រូបនេះ ខេត្តកំពតបានមានកំណើនទេសចរថេរ ប្រមាណ៥% នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តែឆ្នាំនេះ អាចនឹងថមថយបន្តិចវិញ បើសិនដោយសារបញ្ហាកូវីដ១៩នៅតែបន្តអូសបន្លាយ៕